គម្ពីរសញ្ញាថ្មី

លូកា 6:34-49 Khmer Christian Bible (KCB)

34. ហើយ​បើ​អ្នក​រាល់គ្នា​សង្ឃឹម​ថា​នឹង​ទទួល​បាន​មក​វិញ​ពី​អស់​អ្នក​ដែល​អ្នក​រាល់គ្នា​ឲ្យ​ខ្ជី​ តើ​អ្នក​រាល់គ្នា​មាន​កិត្ដិយស​អ្វី?​ សូម្បី​តែ​ពួក​មនុស្ស​បាប​ក៏​ឲ្យ​គ្នា​គេ​ខ្ចី​ ដើម្បី​ទទួល​បាន​គ្រប់​ចំនួន​វិញ​ដែរ។​

35. ប៉ុន្ដែ​ចូរ​ស្រឡាញ់​សត្រូវ​របស់​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​អំពើ​ល្អ​ ចូរ​ឲ្យ​ខ្ចី​ដោយ​មិន​សង្ឃឹម​ថា​បាន​ទទួល​មក​វិញ​ នោះ​រង្វាន់​របស់​អ្នក​រាល់គ្នា​នឹង​មាន​ច្រើន​អនេក​ រួច​អ្នក​រាល់គ្នា​នឹង​ត្រលប់ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ព្រោះ​ព្រះអង្គ​ក៏​សប្បុរស​ចំពោះ​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ។​

36. ចូរ​មាន​សេចក្ដី​មេត្ដា​ករុណា​ ដូច​ដែល​ព្រះ​វរ​បិតា​របស់​អ្នក​រាល់គ្នា​មាន​ក្ដី​មេត្ដា​ករុណា​ដែរ។​

37. ហើយ​កុំ​ថ្កោល​ទោស​គេ​ នោះ​អ្នក​រាល់គ្នា​នឹង​មិន​ទទួល​ការ​ថ្កោល​ទោស​វិញ​ឡើយ​ និង​កុំ​ផ្ដន្ទាទោស​គេ​ឲ្យ​សោះ​ នោះ​អ្នក​រាល់គ្នា​ក៏​មិន​ទទួល​ការ​ផ្ដន្ទាទោស​វិញ​ដែរ។​ ចូរ​លើក​លែង​ទោស​ឲ្យ​គេ​ នោះ​អ្នក​រាល់គ្នា​នឹង​ទទួល​បាន​ការ​លើក​លែង​ទោស​វិញ។​

38. ចូរ​ឲ្យ​ចុះ​ នោះ​នឹង​ឲ្យ​ដល់​អ្នក​រាល់គ្នា​វិញ​ គេ​នឹង​វាល់​បំពេញ​ដាក់​ក្នុង​ថ្នក់​របស់​អ្នក​រាល់គ្នា​យ៉ាង​ល្អ​ ទាំង​ញាត់​រលាក់​ឲ្យ​ហូរ​ហៀរ​ ព្រោះ​អ្នក​រាល់គ្នា​នឹង​ត្រូវ​បាន​វាល់​ឲ្យ​វិញ​តាម​រង្វាល់​ដែល​អ្នក​រាល់គ្នា​បាន​វាល់»។​

39. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ដែរ​ថា៖​ «តើ​មនុស្ស​ខ្វាក់​អាច​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​បាន​មែន​ឬ?​ តើ​មិន​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​ទេ​ឬ?​

40. សិស្ស​មិន​ដែល​លើ​គ្រូ​ទេ​ ប៉ុន្ដែ​សិស្ស​គ្រប់គ្នា​ដែល​បាន​ទទួល​ការ​បង្វឹក​ពេញ​លេញ​ នោះ​នឹង​ត្រលប់​ដូចជា​គ្រូ​របស់​គេ។​

41. ហេតុអ្វី​ក៏​អ្នក​មើល​ឃើញ​កម្ទេច​ល្អិត​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​ ប៉ុន្ដែ​មិន​ឃើញ​សសរ​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ?​

42. ពេល​អ្នក​មើល​មិន​ឃើញ​សសរ​ក្នុង​ភ្នែក​ខ្លួនឯង​ផង​ តើ​អ្នក​អាច​ប្រាប់​បងប្អូន​របស់​ខ្លួន​យ៉ាង​ដូចម្ដេច​ថា​ បងប្អូន​អើយ!​ ឲ្យ​ខ្ញុំ​យក​កម្ទេច​ល្អិត​ចេញ​ពី​ភ្នែក​របស់​អ្នក។​ ឱ​មនុស្ស​មាន​ពុត​អើយ!​ ចូរ​យក​សសរ​ចេញ​ពី​ក្នុង​ភ្នែក​របស់​អ្នក​ជា​មុន​សិន​ នោះ​អ្នក​នឹង​មើល​ឃើញ​ច្បាស់​ ដើម្បី​យក​កម្ទេច​ល្អិត​ចេញ​ពី​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​បាន។​

43. ដ្បិត​គ្មាន​ដើម​ឈើ​ល្អ​ណា​ឲ្យ​ផ្លែ​មិនល្អ​នោះ​ទេ​ ហើយ​ក៏​គ្មាន​ដើម​ឈើ​មិន​ល្អ​ណា​ឲ្យ​ផ្លែ​ល្អ​ដែរ​

44. ព្រោះ​គេ​ស្គាល់​ដើម​ឈើ​នីមួយៗ​ដោយសារ​ផ្លែ​របស់​វា​ ដ្បិត​គេ​មិន​ដែល​បេះ​ផ្លែ​ល្វា​ពី​ដើម​បន្លា​ ឬ​បេះ​ផ្លែ​ទំពាំងបាយជូរ​ពី​គុម្ព​បន្លា​ទេ។​

45. មនុស្ស​ល្អ​បញ្ចេញ​សេចក្ដី​ល្អ​ពី​កំណប់​ដ៏​ល្អ​នៃ​ចិត្ដ​របស់​គេ​ ឯ​មនុស្ស​អាក្រក់​ក៏​បញ្ចេញ​សេចក្ដី​អាក្រក់​ពី​កំណប់​ដ៏​អាក្រក់​នៃ​ចិត្ដរបស់​គេ​ដែរ​ ព្រោះ​មាត់​និយាយ​តាម​សេចក្ដី​ហូរហៀរ​នៃ​ចិត្ដ។​

46. ហេតុអ្វី​អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​ថា​ ព្រះអម្ចាស់​អើយ!​ ព្រះអម្ចាស់​អើយ!​ ប៉ុន្ដែ​មិន​ធ្វើតាម​អ្វី​ដែល​ខ្ញុំ​ប្រាប់​ដូច្នេះ?​

47. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ គ្រប់គ្នា​ដែល​មក​ឯ​ខ្ញុំ​ ឮ​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​នោះ​ អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​បែប​ណា​

48. គឺ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​កំពុង​សង់​ផ្ទះ​ ដែល​គាត់​បាន​ជីក​ដី​លុង​យ៉ាង​ជ្រៅ​ ហើយ​ចាក់​គ្រឹះ​នៅ​លើ​ថ្ម​ដា។​ ពេល​ទឹក​ជំនន់​បាន​មក​ដល់​ ខ្សែ​ទឹក​បាន​បោកបក់​ផ្ទះ​នោះ​ ប៉ុន្ដែ​មិន​អាច​ឲ្យ​ផ្ទះ​នោះ​រង្គើ​បាន​ឡើយ​ ព្រោះ​ផ្ទះ​នោះ​សង់​នៅ​លើ​គ្រឹះ​មាំ។​

49. អ្នក​ដែល​ឮ​ពាក្យ​ខ្ញុំ​ ហើយ​មិន​ប្រព្រឹត្ដ​តាម​ ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅ​លើ​ដី​ដោយ​គ្មាន​គ្រឹះ​ ពេល​ខ្សែ​ទឹក​បោក​បក់​ផ្ទះ​នោះ​ វា​ក៏​ដួល​រលំ​ភ្លាម​ ហើយ​សេចក្ដី​អន្ដរាយ​នៃ​ផ្ទះ​នោះ​ធំ​សម្បើម»។​

សូមអានជំពូកពេញលេញ លូកា 6