30. ចូរឲ្យដល់អស់អ្នកដែលសុំពីអ្នកចុះ ហើយអ្នកដែលយកអីវ៉ាន់របស់អ្នក ចូរកុំទារវិញឡើយ
31. បើអ្នករាល់គ្នាចង់ឲ្យមនុស្សប្រព្រឹត្ដចំពោះអ្នករាល់គ្នាយ៉ាងណា ចូរប្រព្រឹត្ដចំពោះគេយ៉ាងនោះដែរ។
32. បើអ្នករាល់គ្នាស្រឡាញ់មនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើអ្នកមានគុណបំណាច់អ្វី? ព្រោះសូម្បីតែពួកមនុស្សបាប ក៏ស្រឡាញ់មនុស្សដែលស្រឡាញ់ពួកគេដែរ
33. ដ្បិតបើអ្នករាល់គ្នាធ្វើល្អចំពោះតែមនុស្សដែលធ្វើល្អនឹងអ្នករាល់គ្នា តើអ្នករាល់គ្នាមានគុណបំណាច់អ្វី? សូម្បីតែពួកមនុស្សបាបក៏ធ្វើដូចគ្នាដែរ
34. ហើយបើអ្នករាល់គ្នាសង្ឃឹមថានឹងទទួលបានមកវិញពីអស់អ្នកដែលអ្នករាល់គ្នាឲ្យខ្ជី តើអ្នករាល់គ្នាមានកិត្ដិយសអ្វី? សូម្បីតែពួកមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលបានគ្រប់ចំនួនវិញដែរ។
35. ប៉ុន្ដែចូរស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ចូរធ្វើអំពើល្អ ចូរឲ្យខ្ចីដោយមិនសង្ឃឹមថាបានទទួលមកវិញ នោះរង្វាន់របស់អ្នករាល់គ្នានឹងមានច្រើនអនេក រួចអ្នករាល់គ្នានឹងត្រលប់ជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ព្រោះព្រះអង្គក៏សប្បុរសចំពោះមនុស្សអកតញ្ញូ និងមនុស្សអាក្រក់ដែរ។
36. ចូរមានសេចក្ដីមេត្ដាករុណា ដូចដែលព្រះវរបិតារបស់អ្នករាល់គ្នាមានក្ដីមេត្ដាករុណាដែរ។
37. ហើយកុំថ្កោលទោសគេ នោះអ្នករាល់គ្នានឹងមិនទទួលការថ្កោលទោសវិញឡើយ និងកុំផ្ដន្ទាទោសគេឲ្យសោះ នោះអ្នករាល់គ្នាក៏មិនទទួលការផ្ដន្ទាទោសវិញដែរ។ ចូរលើកលែងទោសឲ្យគេ នោះអ្នករាល់គ្នានឹងទទួលបានការលើកលែងទោសវិញ។
38. ចូរឲ្យចុះ នោះនឹងឲ្យដល់អ្នករាល់គ្នាវិញ គេនឹងវាល់បំពេញដាក់ក្នុងថ្នក់របស់អ្នករាល់គ្នាយ៉ាងល្អ ទាំងញាត់រលាក់ឲ្យហូរហៀរ ព្រោះអ្នករាល់គ្នានឹងត្រូវបានវាល់ឲ្យវិញតាមរង្វាល់ដែលអ្នករាល់គ្នាបានវាល់»។
39. ព្រះអង្គក៏មានបន្ទូលទៅគេជារឿងប្រៀបប្រដូចមួយដែរថា៖ «តើមនុស្សខ្វាក់អាចនាំផ្លូវមនុស្សខ្វាក់បានមែនឬ? តើមិនធ្លាក់រណ្ដៅទាំងពីរនាក់ទេឬ?