គម្ពីរសញ្ញាថ្មី

លូកា 6:28-41 Khmer Christian Bible (KCB)

28. ចូរ​ឲ្យ​ពរ​ដល់​អស់​អ្នក​ដែល​ជេរ​ផ្ដាសា​អ្នក​រាល់គ្នា​ ហើយ​ចូរ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់គ្នា​ចុះ។​

29. ចំពោះ​អ្នក​ដែល​ទះ​កំផ្លៀង​របស់​អ្នក​ម្ខាង​ ចូរ​បែរ​ម្ខាង​ទៀត​ឲ្យ​គេ​ទះ​ដែរ​ចុះ​ ហើយ​ចំពោះ​អ្នក​ដែល​ដណ្ដើម​អាវ​វែង​របស់​អ្នក​ នោះ​កុំ​ឃាត់​អី​ ចូរ​ឲ្យ​អាវ​ខាង​ក្នុង​ដែរ​ចុះ។​

30. ចូរ​ឲ្យ​ដល់​អស់​អ្នក​ដែល​សុំ​ពី​អ្នក​ចុះ ហើយ​អ្នក​ដែល​យក​អីវ៉ាន់​របស់​អ្នក​ ចូរ​កុំ​ទារ​វិញ​ឡើយ​

31. បើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​យ៉ាង​ណា​ ចូរ​ប្រព្រឹត្ដ​ចំពោះ​គេ​យ៉ាង​នោះ​ដែរ។​

32. បើ​អ្នក​រាល់គ្នា​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់គ្នា​ តើ​អ្នក​មាន​គុណ​បំណាច់​អ្វី?​ ព្រោះ​សូម្បីតែ​ពួក​មនុស្ស​បាប​ ក៏​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​ពួកគេ​ដែរ​

33. ដ្បិត​បើ​អ្នក​រាល់គ្នា​ធ្វើ​ល្អ​ចំពោះ​តែ​មនុស្ស​ដែល​ធ្វើ​ល្អ​នឹង​អ្នក​រាល់គ្នា​ តើ​អ្នក​រាល់គ្នា​មាន​គុណ​បំណាច់​អ្វី?​ សូម្បីតែ​ពួក​មនុស្ស​បាប​ក៏​ធ្វើ​ដូចគ្នា​ដែរ​

34. ហើយ​បើ​អ្នក​រាល់គ្នា​សង្ឃឹម​ថា​នឹង​ទទួល​បាន​មក​វិញ​ពី​អស់​អ្នក​ដែល​អ្នក​រាល់គ្នា​ឲ្យ​ខ្ជី​ តើ​អ្នក​រាល់គ្នា​មាន​កិត្ដិយស​អ្វី?​ សូម្បី​តែ​ពួក​មនុស្ស​បាប​ក៏​ឲ្យ​គ្នា​គេ​ខ្ចី​ ដើម្បី​ទទួល​បាន​គ្រប់​ចំនួន​វិញ​ដែរ។​

35. ប៉ុន្ដែ​ចូរ​ស្រឡាញ់​សត្រូវ​របស់​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​អំពើ​ល្អ​ ចូរ​ឲ្យ​ខ្ចី​ដោយ​មិន​សង្ឃឹម​ថា​បាន​ទទួល​មក​វិញ​ នោះ​រង្វាន់​របស់​អ្នក​រាល់គ្នា​នឹង​មាន​ច្រើន​អនេក​ រួច​អ្នក​រាល់គ្នា​នឹង​ត្រលប់ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ព្រោះ​ព្រះអង្គ​ក៏​សប្បុរស​ចំពោះ​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ។​

36. ចូរ​មាន​សេចក្ដី​មេត្ដា​ករុណា​ ដូច​ដែល​ព្រះ​វរ​បិតា​របស់​អ្នក​រាល់គ្នា​មាន​ក្ដី​មេត្ដា​ករុណា​ដែរ។​

37. ហើយ​កុំ​ថ្កោល​ទោស​គេ​ នោះ​អ្នក​រាល់គ្នា​នឹង​មិន​ទទួល​ការ​ថ្កោល​ទោស​វិញ​ឡើយ​ និង​កុំ​ផ្ដន្ទាទោស​គេ​ឲ្យ​សោះ​ នោះ​អ្នក​រាល់គ្នា​ក៏​មិន​ទទួល​ការ​ផ្ដន្ទាទោស​វិញ​ដែរ។​ ចូរ​លើក​លែង​ទោស​ឲ្យ​គេ​ នោះ​អ្នក​រាល់គ្នា​នឹង​ទទួល​បាន​ការ​លើក​លែង​ទោស​វិញ។​

38. ចូរ​ឲ្យ​ចុះ​ នោះ​នឹង​ឲ្យ​ដល់​អ្នក​រាល់គ្នា​វិញ​ គេ​នឹង​វាល់​បំពេញ​ដាក់​ក្នុង​ថ្នក់​របស់​អ្នក​រាល់គ្នា​យ៉ាង​ល្អ​ ទាំង​ញាត់​រលាក់​ឲ្យ​ហូរ​ហៀរ​ ព្រោះ​អ្នក​រាល់គ្នា​នឹង​ត្រូវ​បាន​វាល់​ឲ្យ​វិញ​តាម​រង្វាល់​ដែល​អ្នក​រាល់គ្នា​បាន​វាល់»។​

39. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ដែរ​ថា៖​ «តើ​មនុស្ស​ខ្វាក់​អាច​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​បាន​មែន​ឬ?​ តើ​មិន​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​ទេ​ឬ?​

40. សិស្ស​មិន​ដែល​លើ​គ្រូ​ទេ​ ប៉ុន្ដែ​សិស្ស​គ្រប់គ្នា​ដែល​បាន​ទទួល​ការ​បង្វឹក​ពេញ​លេញ​ នោះ​នឹង​ត្រលប់​ដូចជា​គ្រូ​របស់​គេ។​

41. ហេតុអ្វី​ក៏​អ្នក​មើល​ឃើញ​កម្ទេច​ល្អិត​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​ ប៉ុន្ដែ​មិន​ឃើញ​សសរ​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ?​

សូមអានជំពូកពេញលេញ លូកា 6