19. ហើយបណ្ដាជនទាំងអស់រិះរកពាល់ព្រះអង្គ ព្រោះអំណាចដែលចេញពីព្រះអង្គមក បានប្រោសមនុស្សគ្រប់គ្នាឲ្យជា។
20. ព្រះអង្គងើបមើលទៅសិស្សរបស់ព្រះអង្គ ទាំងមានបន្ទូលថា៖ «មានពរហើយអ្នកដែលមានសេចក្ដីកម្សត់ ដ្បិតនគរព្រះជាម្ចាស់ជារបស់អ្នករាល់គ្នា។
21. មានពរហើយអស់អ្នកដែលឃ្លាននៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ មានពរហើយ អស់អ្នកដែលយំសោកនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានសើចសប្បាយ។
22. អ្នករាល់គ្នាមានពរហើយ នៅពេលមនុស្សស្អប់អ្នករាល់គ្នា លែងរាប់អានអ្នករាល់គ្នា ជេរអ្នករាល់គ្នា និងបង្ខូចឈ្មោះរបស់អ្នករាល់គ្នាឲ្យអាក្រក់ដោយព្រោះកូនមនុស្ស
23. ចូរមានអំណរ ហើយលោតកញ្ឆេងនៅថ្ងៃនោះ ដ្បិតមើល៍ អ្នករាល់គ្នាមានរង្វាន់ជាធំនៅស្ថានសួគ៌ ព្រោះដូនតារបស់ពួកគេក៏បានប្រព្រឹត្ដចំពោះអ្នកនាំព្រះបន្ទូលដោយរបៀបនេះដែរ។
24. ប៉ុន្ដែវេទនាដល់អ្នករាល់គ្នាដែលជាអ្នកមាន ដ្បិតអ្នករាល់គ្នាទទួលសេចក្ដីកម្សាន្ដចិត្ដរបស់អ្នករាល់គ្នារួចហើយ។
25. វេទនាដល់អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងឃ្លានមិនខាន។ វេទនាហើយ អស់អ្នកដែលសើចសប្បាយនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកមិនខាន។
26. វេទនាហើយ នៅពេលមនុស្សទាំងអស់និយាយល្អពីអ្នករាល់គ្នា ព្រោះដូនតារបស់ពួកគេក៏បានប្រព្រឹត្ដនឹងអ្នកនាំព្រះបន្ទូលក្លែងក្លាយដោយរបៀបនេះដែរ។
27. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ថា ចូរស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ហើយចូរធ្វើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា
28. ចូរឲ្យពរដល់អស់អ្នកដែលជេរផ្ដាសាអ្នករាល់គ្នា ហើយចូរអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ។
29. ចំពោះអ្នកដែលទះកំផ្លៀងរបស់អ្នកម្ខាង ចូរបែរម្ខាងទៀតឲ្យគេទះដែរចុះ ហើយចំពោះអ្នកដែលដណ្ដើមអាវវែងរបស់អ្នក នោះកុំឃាត់អី ចូរឲ្យអាវខាងក្នុងដែរចុះ។
30. ចូរឲ្យដល់អស់អ្នកដែលសុំពីអ្នកចុះ ហើយអ្នកដែលយកអីវ៉ាន់របស់អ្នក ចូរកុំទារវិញឡើយ
31. បើអ្នករាល់គ្នាចង់ឲ្យមនុស្សប្រព្រឹត្ដចំពោះអ្នករាល់គ្នាយ៉ាងណា ចូរប្រព្រឹត្ដចំពោះគេយ៉ាងនោះដែរ។
32. បើអ្នករាល់គ្នាស្រឡាញ់មនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើអ្នកមានគុណបំណាច់អ្វី? ព្រោះសូម្បីតែពួកមនុស្សបាប ក៏ស្រឡាញ់មនុស្សដែលស្រឡាញ់ពួកគេដែរ