គម្ពីរសញ្ញាថ្មី

លូកា 6:17-32 Khmer Christian Bible (KCB)

17. កាល​បាន​ចុះមក​វិញ​ជាមួយ​ពួកគេ​ហើយ​ ព្រះអង្គ​បាន​ឈរ​នៅ​លើ​ទី​រាប​ស្មើ​ នោះ​សិស្ស​របស់​ព្រះអង្គ​យ៉ាង​ច្រើន​ រួមទាំង​ប្រជាជន​ច្រើន​កុះករ​ដែល​មកពី​ស្រុក​យូដា​ទាំង​មូល ក្រុង​យេរូសាឡិម​ ព្រមទាំង​តំបន់​មាត់​សមុទ្រ​នៃ​ក្រុងទីរ៉ុស​ និង​ក្រុង​ស៊ីដូន​

18. គឺ​មក​ដើម្បី​ស្ដាប់​ព្រះអង្គ​ និង​ដើម្បី​ឲ្យ​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​ពួកគេ។​ ឯ​អស់​អ្នក​ដែល​រងទុក្ខ​ដោយសារ​វិញ្ញាណ​អាក្រក់​ក៏​បាន​ជា​

19. ហើយ​បណ្ដាជន​ទាំង​អស់​រិះរក​ពាល់​ព្រះអង្គ​ ព្រោះ​អំណាច​ដែល​ចេញ​ពី​ព្រះអង្គ​មក​ បាន​ប្រោស​មនុស្ស​គ្រប់គ្នា​ឲ្យ​ជា។​

20. ព្រះអង្គ​ងើប​មើល​ទៅ​សិស្ស​របស់​ព្រះអង្គ​ ទាំង​មាន​បន្ទូល​ថា៖​ «មាន​ពរ​ហើយ​អ្នក​ដែល​មាន​សេចក្ដី​កម្សត់​ ដ្បិត​នគរ​ព្រះជាម្ចាស់​ជា​របស់​អ្នក​រាល់គ្នា។​

21. មាន​ពរ​ហើយ​អស់​អ្នក​ដែល​ឃ្លាន​នៅ​ពេល​នេះ​ ដ្បិត​អ្នក​រាល់គ្នា​នឹង​បាន​ឆ្អែត។​ មាន​ពរ​ហើយ​ អស់​អ្នក​ដែល​យំ​សោក​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់គ្នា​នឹង​បាន​សើច​សប្បាយ។​

22. អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ នៅ​ពេល​មនុស្ស​ស្អប់​អ្នក​រាល់គ្នា​ លែង​រាប់​អាន​អ្នក​រាល់គ្នា​ ជេរ​អ្នក​រាល់គ្នា និង​បង្ខូច​ឈ្មោះ​របស់​អ្នក​រាល់គ្នា​ឲ្យ​អាក្រក់​ដោយ​ព្រោះ​កូន​មនុស្ស​

23. ចូរ​មាន​អំណរ​ ហើយ​លោត​កញ្ឆេង​នៅ​ថ្ងៃ​នោះ​ ដ្បិត​មើល៍​ អ្នក​រាល់គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ស្ថានសួគ៌​ ព្រោះ​ដូនតា​របស់​ពួកគេ​ក៏​បាន​ប្រព្រឹត្ដ​ចំពោះ​អ្នក​នាំព្រះបន្ទូល​ដោយ​របៀប​នេះ​ដែរ។​

24. ប៉ុន្ដែ​វេទនា​ដល់​អ្នក​រាល់គ្នា​ដែល​ជា​អ្នក​មាន​ ដ្បិត​អ្នក​រាល់គ្នា​ទទួល​សេចក្ដី​កម្សាន្ដ​ចិត្ដ​របស់​អ្នក​រាល់គ្នា​រួច​ហើយ។​

25. វេទនា​ដល់​អ្នក​រាល់គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ​ ដ្បិត​អ្នក​រាល់គ្នា​នឹង​ឃ្លាន​មិន​ខាន។​ វេទនា​ហើយ​ ​អស់​អ្នក​ដែល​សើច​សប្បាយ​នៅ​ពេល​នេះ​ ដ្បិត​អ្នក​រាល់គ្នា​នឹង​កាន់​ទុក្ខ​ ហើយ​យំ​សោក​មិន​ខាន។​

26. វេទនា​ហើយ​ នៅ​ពេល​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់គ្នា ព្រោះ​ដូនតា​របស់​ពួកគេ​ក៏​បាន​ប្រព្រឹត្ដ​នឹង​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយ​ដោយ​របៀប​នេះ​ដែរ។​

27. ប៉ុន្ដែខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ដែល​កំពុង​ស្ដាប់​ថា​ ចូរ​ស្រឡាញ់​សត្រូវ​របស់​អ្នក​រាល់គ្នា​ ហើយ​ចូរ​ធ្វើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់គ្នា​

28. ចូរ​ឲ្យ​ពរ​ដល់​អស់​អ្នក​ដែល​ជេរ​ផ្ដាសា​អ្នក​រាល់គ្នា​ ហើយ​ចូរ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់គ្នា​ចុះ។​

29. ចំពោះ​អ្នក​ដែល​ទះ​កំផ្លៀង​របស់​អ្នក​ម្ខាង​ ចូរ​បែរ​ម្ខាង​ទៀត​ឲ្យ​គេ​ទះ​ដែរ​ចុះ​ ហើយ​ចំពោះ​អ្នក​ដែល​ដណ្ដើម​អាវ​វែង​របស់​អ្នក​ នោះ​កុំ​ឃាត់​អី​ ចូរ​ឲ្យ​អាវ​ខាង​ក្នុង​ដែរ​ចុះ។​

30. ចូរ​ឲ្យ​ដល់​អស់​អ្នក​ដែល​សុំ​ពី​អ្នក​ចុះ ហើយ​អ្នក​ដែល​យក​អីវ៉ាន់​របស់​អ្នក​ ចូរ​កុំ​ទារ​វិញ​ឡើយ​

31. បើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​យ៉ាង​ណា​ ចូរ​ប្រព្រឹត្ដ​ចំពោះ​គេ​យ៉ាង​នោះ​ដែរ។​

32. បើ​អ្នក​រាល់គ្នា​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់គ្នា​ តើ​អ្នក​មាន​គុណ​បំណាច់​អ្វី?​ ព្រោះ​សូម្បីតែ​ពួក​មនុស្ស​បាប​ ក៏​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​ពួកគេ​ដែរ​

សូមអានជំពូកពេញលេញ លូកា 6