17. កាលបានចុះមកវិញជាមួយពួកគេហើយ ព្រះអង្គបានឈរនៅលើទីរាបស្មើ នោះសិស្សរបស់ព្រះអង្គយ៉ាងច្រើន រួមទាំងប្រជាជនច្រើនកុះករដែលមកពីស្រុកយូដាទាំងមូល ក្រុងយេរូសាឡិម ព្រមទាំងតំបន់មាត់សមុទ្រនៃក្រុងទីរ៉ុស និងក្រុងស៊ីដូន
18. គឺមកដើម្បីស្ដាប់ព្រះអង្គ និងដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់ពួកគេ។ ឯអស់អ្នកដែលរងទុក្ខដោយសារវិញ្ញាណអាក្រក់ក៏បានជា
19. ហើយបណ្ដាជនទាំងអស់រិះរកពាល់ព្រះអង្គ ព្រោះអំណាចដែលចេញពីព្រះអង្គមក បានប្រោសមនុស្សគ្រប់គ្នាឲ្យជា។
20. ព្រះអង្គងើបមើលទៅសិស្សរបស់ព្រះអង្គ ទាំងមានបន្ទូលថា៖ «មានពរហើយអ្នកដែលមានសេចក្ដីកម្សត់ ដ្បិតនគរព្រះជាម្ចាស់ជារបស់អ្នករាល់គ្នា។
21. មានពរហើយអស់អ្នកដែលឃ្លាននៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ មានពរហើយ អស់អ្នកដែលយំសោកនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានសើចសប្បាយ។
22. អ្នករាល់គ្នាមានពរហើយ នៅពេលមនុស្សស្អប់អ្នករាល់គ្នា លែងរាប់អានអ្នករាល់គ្នា ជេរអ្នករាល់គ្នា និងបង្ខូចឈ្មោះរបស់អ្នករាល់គ្នាឲ្យអាក្រក់ដោយព្រោះកូនមនុស្ស
23. ចូរមានអំណរ ហើយលោតកញ្ឆេងនៅថ្ងៃនោះ ដ្បិតមើល៍ អ្នករាល់គ្នាមានរង្វាន់ជាធំនៅស្ថានសួគ៌ ព្រោះដូនតារបស់ពួកគេក៏បានប្រព្រឹត្ដចំពោះអ្នកនាំព្រះបន្ទូលដោយរបៀបនេះដែរ។
24. ប៉ុន្ដែវេទនាដល់អ្នករាល់គ្នាដែលជាអ្នកមាន ដ្បិតអ្នករាល់គ្នាទទួលសេចក្ដីកម្សាន្ដចិត្ដរបស់អ្នករាល់គ្នារួចហើយ។
25. វេទនាដល់អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងឃ្លានមិនខាន។ វេទនាហើយ អស់អ្នកដែលសើចសប្បាយនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកមិនខាន។
26. វេទនាហើយ នៅពេលមនុស្សទាំងអស់និយាយល្អពីអ្នករាល់គ្នា ព្រោះដូនតារបស់ពួកគេក៏បានប្រព្រឹត្ដនឹងអ្នកនាំព្រះបន្ទូលក្លែងក្លាយដោយរបៀបនេះដែរ។
27. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ថា ចូរស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ហើយចូរធ្វើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា
28. ចូរឲ្យពរដល់អស់អ្នកដែលជេរផ្ដាសាអ្នករាល់គ្នា ហើយចូរអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ។
29. ចំពោះអ្នកដែលទះកំផ្លៀងរបស់អ្នកម្ខាង ចូរបែរម្ខាងទៀតឲ្យគេទះដែរចុះ ហើយចំពោះអ្នកដែលដណ្ដើមអាវវែងរបស់អ្នក នោះកុំឃាត់អី ចូរឲ្យអាវខាងក្នុងដែរចុះ។
30. ចូរឲ្យដល់អស់អ្នកដែលសុំពីអ្នកចុះ ហើយអ្នកដែលយកអីវ៉ាន់របស់អ្នក ចូរកុំទារវិញឡើយ