គម្ពីរសញ្ញាថ្មី

លូកា 6:12-23 Khmer Christian Bible (KCB)

12. នៅ​គ្រា​នោះ​ ព្រះអង្គ​បាន​យាង​ទៅ​ភ្នំ​ដើម្បី​អធិស្ឋាន​ ហើយ​ព្រះអង្គ​បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​អធិស្ឋាន​ទៅ​ព្រះជាម្ចាស់​

13. លុះ​ព្រឹក​ឡើង​ ព្រះអង្គ​បាន​ហៅ​សិស្ស​របស់​ព្រះអង្គ​មក​ ហើយ​ក៏​រើស​ដប់​ពីរ​នាក់​ចេញ​ពី​ពួកគេ​ ព្រះអង្គ​ហៅ​អ្នក​ទាំង​នេះ​ថា​ជា​សាវក​

14. គឺ​មាន​លោក​ស៊ីម៉ូន​ដែល​ព្រះអង្គ​ហៅ​ថា​ពេត្រុស​ និង​ប្អូន​គាត់​ឈ្មោះ​អនទ្រេ​ លោក​យ៉ាកុប​ លោក​យ៉ូហាន​ លោក​ភីលីព​ លោក​បារថូឡូមេ​

15. លោក​ម៉ាថាយ​ លោក​ថូម៉ាស​ លោក​យ៉ាកុប​ជា​កូន​លោក​អាល់ផាយ​ លោក​ស៊ីម៉ូន​ដែល​ហៅ​ថា​អ្នក​ជាតិ​និយម​

16. លោក​យូដាស​ជា​កូន​លោក​យ៉ាកុប​ និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ក្លាយជា​ជន​ក្បត់។​

17. កាល​បាន​ចុះមក​វិញ​ជាមួយ​ពួកគេ​ហើយ​ ព្រះអង្គ​បាន​ឈរ​នៅ​លើ​ទី​រាប​ស្មើ​ នោះ​សិស្ស​របស់​ព្រះអង្គ​យ៉ាង​ច្រើន​ រួមទាំង​ប្រជាជន​ច្រើន​កុះករ​ដែល​មកពី​ស្រុក​យូដា​ទាំង​មូល ក្រុង​យេរូសាឡិម​ ព្រមទាំង​តំបន់​មាត់​សមុទ្រ​នៃ​ក្រុងទីរ៉ុស​ និង​ក្រុង​ស៊ីដូន​

18. គឺ​មក​ដើម្បី​ស្ដាប់​ព្រះអង្គ​ និង​ដើម្បី​ឲ្យ​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​ពួកគេ។​ ឯ​អស់​អ្នក​ដែល​រងទុក្ខ​ដោយសារ​វិញ្ញាណ​អាក្រក់​ក៏​បាន​ជា​

19. ហើយ​បណ្ដាជន​ទាំង​អស់​រិះរក​ពាល់​ព្រះអង្គ​ ព្រោះ​អំណាច​ដែល​ចេញ​ពី​ព្រះអង្គ​មក​ បាន​ប្រោស​មនុស្ស​គ្រប់គ្នា​ឲ្យ​ជា។​

20. ព្រះអង្គ​ងើប​មើល​ទៅ​សិស្ស​របស់​ព្រះអង្គ​ ទាំង​មាន​បន្ទូល​ថា៖​ «មាន​ពរ​ហើយ​អ្នក​ដែល​មាន​សេចក្ដី​កម្សត់​ ដ្បិត​នគរ​ព្រះជាម្ចាស់​ជា​របស់​អ្នក​រាល់គ្នា។​

21. មាន​ពរ​ហើយ​អស់​អ្នក​ដែល​ឃ្លាន​នៅ​ពេល​នេះ​ ដ្បិត​អ្នក​រាល់គ្នា​នឹង​បាន​ឆ្អែត។​ មាន​ពរ​ហើយ​ អស់​អ្នក​ដែល​យំ​សោក​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់គ្នា​នឹង​បាន​សើច​សប្បាយ។​

22. អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ នៅ​ពេល​មនុស្ស​ស្អប់​អ្នក​រាល់គ្នា​ លែង​រាប់​អាន​អ្នក​រាល់គ្នា​ ជេរ​អ្នក​រាល់គ្នា និង​បង្ខូច​ឈ្មោះ​របស់​អ្នក​រាល់គ្នា​ឲ្យ​អាក្រក់​ដោយ​ព្រោះ​កូន​មនុស្ស​

23. ចូរ​មាន​អំណរ​ ហើយ​លោត​កញ្ឆេង​នៅ​ថ្ងៃ​នោះ​ ដ្បិត​មើល៍​ អ្នក​រាល់គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ស្ថានសួគ៌​ ព្រោះ​ដូនតា​របស់​ពួកគេ​ក៏​បាន​ប្រព្រឹត្ដ​ចំពោះ​អ្នក​នាំព្រះបន្ទូល​ដោយ​របៀប​នេះ​ដែរ។​

សូមអានជំពូកពេញលេញ លូកា 6