គម្ពីរសញ្ញាថ្មី

លូកា 6:1-16 Khmer Christian Bible (KCB)

1. នៅ​ថ្ងៃ​សប្ប័ទ​មួយ​ កាល​ព្រះអង្គ​យាង​កាត់​វាល​ស្រែ​ សិស្ស​របស់​ព្រះអង្គ​បាន​បូត​កួរ​ស្រូវ​មក​ញី​នៅ​ក្នុង​ដៃ​ ហើយ​បរិភោគ​ទៅ​

2. ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ​បាន​សួរ​ថា៖​ «តើ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់គ្នា​ធ្វើ​អ្វី​ ដែល​វិន័យ​ហាម​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»​

3. ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​ដែល​បាន​អាន​អំពី​អ្វី​ដែល​ស្ដេច​ដាវីឌ​បាន​ធ្វើ​នៅ​ពេល​ដែល​ស្ដេច​ និង​គូកន​កំពុង​ឃ្លាន​ទេ​ឬ?​

4. គឺ​ស្ដេច​បាន​ចូល​ក្នុង​ដំណាក់​ព្រះជាម្ចាស់​ ហើយ​បាន​យក​នំប៉័ង​តាំង​ថ្វាយ​មក​បរិភោគ​ ដែល​វិន័យ​មិន​អនុញ្ញាត​ឲ្យ​បរិភោគ​ លើកលែងតែ​សង្ឃ​ប៉ុណ្ណោះ​ ស្ដេច​បាន​ឲ្យ​នំប៉័ង​នោះ​ដល់​គូកន​ថែម​ទៀត​ផង»​

5. រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃសប្ប័ទ»។​

6. នៅ​ថ្ងៃ​សប្ប័ទ​មួយ​ទៀត​ ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​ និង​បាន​បង្រៀន​ ហើយ​នៅ​ទីនោះ​ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ខាង​ស្ដាំ។​

7. ពួក​គ្រូ​វិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​តាម​មើល​ព្រះអង្គ​ ក្រែងលោ​ព្រះអង្គ​ប្រោស​គាត់​ឲ្យ​បាន​ជា​នៅ​ថ្ងៃ​សប្ប័ទ​ដើម្បី​រក​លេស​ចោទ​ប្រកាន់​ព្រះអង្គ​

8. ប៉ុន្ដែ​ព្រះអង្គ​បាន​ជ្រាប​ពី​គំនិត​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖​ «ចូរ​ក្រោក​ឡើង​ ហើយ​ឈរ​នៅ​កណ្ដាល​ចំណោម​នេះ»​ គាត់​ក៏​ក្រោក​ឈរ​ឡើង​

9. រួច​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​សួរ​អ្នក​រាល់គ្នា​មើល៍​ តើ​នៅ​ថ្ងៃ​សប្ប័ទ​វិន័យ​ឲ្យ​ធ្វើការ​ល្អ​ ឬ​ធ្វើការ​អាក្រក់?​ ឲ្យ​សង្គ្រោះ​ជីវិត​ ឬ​បំផ្លាញ?»​

10. កាល​ព្រះអង្គ​ទត​មើល​ទៅ​មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំវិញ​ហើយ​ ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​លាត​ដៃ​អ្នក​ចុះ!»​ គាត់​ក៏​ធ្វើតាម​ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ឡើង​វិញ។​

11. ពួកគេ​មាន​កំហឹង​ពោរពេញ​ និង​បាន​និយាយ​គ្នា​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ចំពោះ​ព្រះយេស៊ូ​បាន។​

12. នៅ​គ្រា​នោះ​ ព្រះអង្គ​បាន​យាង​ទៅ​ភ្នំ​ដើម្បី​អធិស្ឋាន​ ហើយ​ព្រះអង្គ​បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​អធិស្ឋាន​ទៅ​ព្រះជាម្ចាស់​

13. លុះ​ព្រឹក​ឡើង​ ព្រះអង្គ​បាន​ហៅ​សិស្ស​របស់​ព្រះអង្គ​មក​ ហើយ​ក៏​រើស​ដប់​ពីរ​នាក់​ចេញ​ពី​ពួកគេ​ ព្រះអង្គ​ហៅ​អ្នក​ទាំង​នេះ​ថា​ជា​សាវក​

14. គឺ​មាន​លោក​ស៊ីម៉ូន​ដែល​ព្រះអង្គ​ហៅ​ថា​ពេត្រុស​ និង​ប្អូន​គាត់​ឈ្មោះ​អនទ្រេ​ លោក​យ៉ាកុប​ លោក​យ៉ូហាន​ លោក​ភីលីព​ លោក​បារថូឡូមេ​

15. លោក​ម៉ាថាយ​ លោក​ថូម៉ាស​ លោក​យ៉ាកុប​ជា​កូន​លោក​អាល់ផាយ​ លោក​ស៊ីម៉ូន​ដែល​ហៅ​ថា​អ្នក​ជាតិ​និយម​

16. លោក​យូដាស​ជា​កូន​លោក​យ៉ាកុប​ និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ក្លាយជា​ជន​ក្បត់។​

សូមអានជំពូកពេញលេញ លូកា 6