6. កាលបានធ្វើដូចនោះ ពួកគេក៏ចាប់បានត្រីច្រើនសន្ធឹក ហើយអួនរបស់គេស្ទើរធ្លាយ
7. ពួកគេក៏ធ្វើសញ្ញាហៅគូកននៅក្នុងទូកមួយទៀតឲ្យមកជួយ។ ពួកគូកនក៏បានមក និងបានចាប់ត្រីដាក់ពេញទូកទាំងពីរបណ្ដាលឲ្យទូកទាំងពីរស្ទើរលិច។
8. កាលបានឃើញដូច្នោះ លោកស៊ីម៉ូនក៏ក្រាបចុះទាបជង្គង់ព្រះយេស៊ូទូលថា៖ «ព្រះអម្ចាស់អើយ! សូមយាងចេញពីខ្ញុំទៅ ដ្បិតខ្ញុំជាមនុស្សបាប»
9. ដ្បិតគាត់ និងពួកអ្នកនៅជាមួយគាត់ទាំងអស់មានសេចក្ដីកោតស្ញែងចំពោះត្រីដែលពួកគេចាប់បាន។
10. ឯលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ និងជាគូកនលោកស៊ីម៉ូន ក៏ធ្វើដូច្នេះដែរ ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! ពីពេលនេះទៅ អ្នកនឹងនេសាទមនុស្សវិញ»។
11. កាលបានទុកទូកចោលនៅច្រាំង និងបានលះបង់អ្វីទាំងអស់ហើយ ពួកគេក៏ដើរតាមព្រះអង្គទៅ។
12. នៅពេលព្រះអង្គគង់នៅក្នុងក្រុងមួយ នោះមានបុរសម្នាក់កើតឃ្លង់ពេញខ្លួន ហើយកាលបានឃើញព្រះយេស៊ូ គាត់ក៏ក្រាបផ្កាប់មុខទូលអង្វរព្រះអង្គថា៖ «លោកម្ចាស់អើយ! លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់ធ្វើ»។
13. ព្រះអង្គក៏លូកព្រះហស្ដទៅពាល់គាត់ ដោយមានបន្ទូលថា៖ «ខ្ញុំចង់! ចូរឲ្យជាស្អាតចុះ» ភ្លាមនោះ គាត់ក៏បានជាពីជំងឺឃ្លង់តែម្ដង។
14. ព្រះអង្គក៏បង្គាប់គាត់ថា៖ «កុំប្រាប់អ្នកណាម្នាក់ឲ្យសោះ ប៉ុន្ដែត្រូវទៅបង្ហាញខ្លួនដល់សង្ឃ ហើយថ្វាយតង្វាយសម្រាប់ការដែលអ្នកបានជាស្អាតដូចលោកម៉ូសេបានបង្គាប់ ដើម្បីជាបន្ទាល់ដល់មនុស្សទាំងឡាយ»។
15. តែដំណឹងអំពីព្រះអង្គកាន់តែឮសុសសាយឡើងៗ ហើយបណ្ដាជនច្រើនកុះករបានមកជុំគ្នាដើម្បីស្ដាប់ និងដើម្បីឲ្យជាពីជំងឺផ្សេងៗរបស់ពួកគេ។
16. ប៉ុន្ដែព្រះអង្គបានយាងទៅកន្លែងស្ងាត់ ហើយអធិស្ឋាន។