គម្ពីរសញ្ញាថ្មី

លូកា 4:36-44 Khmer Christian Bible (KCB)

36. ពួកគេ​គ្រប់គ្នា​មាន​សេចក្ដី​កោត​ស្ញប់ស្ញែង​ ក៏​និយាយ​គ្នា​ថា៖​ «តើ​ពាក្យ​សំដី​នេះ​ជា​អ្វី​ បាន​ជា​លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់​ដោយ​សិទ្ធិ​អំណាច​ និង​ឫទ្ធានុភាព​ ហើយ​ពួក​វា​ក៏​ចេញ​មក​ដូច្នេះ?»​

37. ដំណឹង​អំពី​ព្រះអង្គ​លេចឮ​គ្រប់​ទី​កន្លែង​នៅ​ស្រុក​ជុំ​វិញ។​

38. កាល​បាន​ក្រោក​ឡើង​ចេញ​ពី​សាលា​ប្រជុំ​ ព្រះអង្គ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន។​ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​មាន​ជំងឺ​គ្រុន​ជា​ខ្លាំង​ ពួកគេ​ក៏​អង្វរ​ព្រះអង្គ​ឲ្យ​ប្រោស​គាត់។​

39. ព្រះអង្គ​ក៏​ឈរ​ជិត​គាត់​ស្ដី​បន្ទោស​ដល់​ជំងឺ​គ្រុន​ នោះ​ជំងឺ​គ្រុន​ក៏​បាត់​ទៅ​ ហើយ​ភ្លាម​នោះ​គាត់​ក្រោក​ឡើង​បម្រើ​ពួកគេ។​

40. នៅ​ពេល​ថ្ងៃ​លិច​ អស់​អ្នក​ដែល​មាន​បងប្អូន​មាន​ជំងឺ​រោគា​ផ្សេងៗ​បាន​នាំ​ពួក​អ្នក​ជំងឺ​ទាំង​នោះ​មក​ឯ​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​ប្រោស​ពួក​អ្នក​ជំងឺ​ឲ្យ​ជា​សះស្បើយ​ដោយ​ដាក់​ព្រះហស្ដ​លើ​ពួកគេ​ម្នាក់​ម្ដងៗ។​

41. ពួក​អារក្ស​បាន​ចេញ​ពី​មនុស្ស​ជាច្រើន​ ទាំង​ស្រែក​ថា៖​ «ព្រះអង្គ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់»​ ប៉ុន្ដែ​ព្រះអង្គ​បាន​ស្ដីបន្ទោស​ពួកវា​ មិន​អនុញ្ញាត​ឲ្យ​ពួកវា​និយាយ​ទេ​ ពីព្រោះ​ពួកវា​ស្គាល់​ថា​ព្រះអង្គ​ជា​ព្រះគ្រិស្ដ។​

42. លុះ​ព្រឹក​ឡើង​ ព្រះអង្គ​ក៏​ចេញ​ទៅ​កន្លែង​ស្ងាត់​មួយ​ ហើយ​បណ្ដាជន​បាន​តាម​រក​ព្រះអង្គ​ កាល​ពួកគេ​បាន​មក​ជួប​ព្រះអង្គ​ហើយ​ ក៏​ឃាត់​ព្រះអង្គ​មិន​ឲ្យ​ចាក​ចេញ​ពី​ពួកគេ។​

43. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ជា​ការ​ចាំ​បាច់​ណាស់​សម្រាប់​ខ្ញុំ​ដែល​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​ដល់​ក្រុង​ដទៃ​ទៀត​ដែរ​ ដ្បិត​ព្រះជាម្ចាស់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដើម្បី​ការ​នេះ​ឯង»​

44. ព្រះអង្គ​ក៏​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ​នានា​របស់​ជនជាតិ​យូដា។​

សូមអានជំពូកពេញលេញ លូកា 4