គម្ពីរសញ្ញាថ្មី

លូកា 4:18-32 Khmer Christian Bible (KCB)

18. «ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​បាន​សណ្ឋិត​លើ​ខ្ញុំ​ ពីព្រោះ​ព្រះអង្គ​បាន​ចាក់​ប្រេង​តាំង​ដល់​ខ្ញុំ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដល់​ពួក​អ្នក​ក្រ​ គឺ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​អំពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ជាប់​ជា​ឈ្លើយ​ និង​អំពី​ការ​ប្រោស​ឲ្យ​ភ្លឺ​ដល់​ពួក​មនុស្ស​ខ្វាក់​ ហើយ​ឲ្យ​រំដោះ​អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន​ឲ្យ​មាន​សេរីភាព​

19. ព្រមទាំង​ប្រកាស​ពី​ឆ្នាំ​នៃ​សេចក្ដី​មេត្ដា​របស់​ព្រះអម្ចាស់»​

20. ហើយ​ព្រះអង្គ​ក៏​មូរ​អត្ថបទ​គម្ពីរ​ប្រគល់​ទៅ​ឲ្យ​អ្នក​ថែរក្សា​វិញ​ នោះ​ភ្នែក​របស់​មនុស្ស​ទាំង​អស់​ក្នុង​សាលា​ប្រជុំ​បាន​សម្លឹង​មើល​ព្រះអង្គ​គ្រប់ៗ​គ្នា។​

21. ព្រះអង្គ​ក៏​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ថ្ងៃ​នេះ​បទ​គម្ពីរ​ដែល​អ្នក​រាល់គ្នា​បាន​ឮ​នៅ​នឹង​ត្រចៀក​បាន​សម្រេច​ហើយ»។​

22. ពួកគេ​គ្រប់​គ្នា​បាន​សរសើរ​ព្រះអង្គ​ និង​នឹក​អស្ចារ្យ​ពី​ព្រះបន្ទូល​ប្រកប​ដោយ​ព្រះគុណ​ដែល​បាន​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​មក​ ប៉ុន្ដែ​ពួកគេ​និយាយ​គ្នា​ថា៖​ «តើ​អ្នក​នេះ​មិន​មែន​ជា​កូន​របស់​យ៉ូសែប​ទេ​ឬ?»​

23. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​មុខ​ជា​និយាយ​សុភាសិត​នេះ​ប្រាប់​ខ្ញុំ​មិនខាន​ថា​ គ្រូ​ពេទ្យ​អើយ!​ ចូរ​ព្យាបាល​ខ្លួនឯង​ចុះ អ្វី​ៗ​ដែល​យើង​ឮ​ថា​បាន​កើត​ឡើង​នៅ​ក្រុង​កាពើណិម​នោះ​ ចូរ​ធ្វើ​នៅ​ទីនេះ​ជា​ស្រុក​របស់​ខ្លួន​អ្នក​ដែរ»។​

24. ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​នាំ​ព្រះបន្ទូល​មិន​បាន​ទទួល​ការ​ស្វាគមន៍​នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ទេ​

25. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ពី​សេចក្ដី​ពិត​ថា​ នៅ​ជំនាន់​លោក​អេលីយ៉ា​ មាន​ស្ដ្រី​មេម៉ាយ​ជា​ច្រើន​នៅ​ក្នុង​អ៊ីស្រាអែល​ កាល​នោះ​មេឃ​រាំង​បី​ឆ្នាំ​ប្រាំ​មួយ​ខែ​បណ្ដាល​ឲ្យ​មាន​គ្រោះ​អត់​ឃ្លាន​ជា​ខ្លាំង​នៅ​លើ​ទឹក​ដី​ទាំង​មូល​

26. ប៉ុន្ដែ​ព្រះជាម្ចាស់​មិន​បាន​ចាត់​លោក​អេលីយ៉ា​ឲ្យ​ទៅ​ឯ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ស្ដ្រី​មេម៉ាយ​ទាំង​នោះ​ទេ​ គឺ​ព្រះអង្គ​បាន​ចាត់​លោក​ឲ្យ​ទៅ​ឯ​ស្ដ្រី​មេម៉ាយ​ម្នាក់​នៅ​ក្រុង​សារិបតា​នៃ​ស្រុក​ស៊ីដូន​វិញ។​

27. ហើយ​នៅ​ជំនាន់​លោក​អេលីសេ​ ជា​អ្នក​នាំ​ព្រះបន្ទូល​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​នៅ​ក្នុង​អ៊ីស្រាអែល​ ប៉ុន្ដែ​ក្នុង​ចំណោម​ពួកគេ​ គ្មាន​អ្នកណា​ម្នាក់​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ស្អាត​ទេ​ គឺ​មាន​តែ​លោក​ណាម៉ាន​ ជា​ជន​ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។​

28. កាល​មនុស្ស​ទាំង​អស់​ក្នុង​សាលា​ប្រជុំ​បាន​ឮ​សេចក្ដី​ទាំង​នេះ​ ក៏​ពោរ​ពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង​

29. ហើយ​ពួកគេ​បាន​ក្រោក​ឡើង​បណ្ដេញ​ព្រះអង្គ​ចេញ​ទៅ​ក្រៅ​ក្រុង​ដែល​ពួកគេ​បាន​សង់​នៅ​លើ​ភ្នំ​ រួច​នាំ​ព្រះអង្គ​ឡើង​ទៅ​ចម្រេះ​ភ្នំ​នោះ​ដើម្បី​ច្រាន​ព្រះអង្គ​ទម្លាក់​ចុះ។​

30. តែ​ព្រះអង្គ​បាន​យាង​កាត់​កណ្ដាល​ចំណោម​ពួកគេ​ចេញ​ទៅ។​

31. ព្រះអង្គ​បាន​យាង​ចុះ​ទៅ​ក្រុង​កាពើណិម​ ជា​ក្រុង​មួយ​នៃ​ស្រុក​កាលីឡេ​ ហើយ​ក៏​បង្រៀន​នៅ​ថ្ងៃសប្ប័ទ។​

32. ពួក​អ្នក​ស្ដាប់​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​ ព្រោះ​ព្រះបន្ទូល​ព្រះអង្គ​ប្រកប​ដោយ​សិទ្ធិ​អំណាច។​

សូមអានជំពូកពេញលេញ លូកា 4