គម្ពីរសញ្ញាថ្មី

លូកា 4:1-11 Khmer Christian Bible (KCB)

1. ពេលនោះ​ព្រះយេស៊ូ​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ក៏​ត្រលប់​ពី​អូរ​យ័រដាន់​មក​វិញ​ ហើយ​ព្រះវិញ្ញាណ​បាន​នាំ​ព្រះអង្គ​ទៅ​ឯ​ទីរហោឋាន​

2. ដើម្បី​ឲ្យ​អារក្ស​សាតាំង​ល្បួង​សែ​សិប​ថ្ងៃ​ ហើយ​ក្នុង​អំឡុង​ពេល​នោះ​ ព្រះអង្គ​មិន​បាន​បរិភោគ​អ្វី​សោះ។​ កាល​រយៈពេល​សែ​សិប​ថ្ងៃ​នោះ​បាន​ចប់​សព្វ​គ្រប់​ហើយ​ ព្រះអង្គ​ក៏​ឃ្លាន​

3. នោះ​អារក្ស​សាតាំង​ទូល​ព្រះអង្គ​ថា៖​ «បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ ចូរ​បង្គាប់​ឲ្យ​ថ្ម​នេះ​ក្លាយជា​នំប៉័ង​ទៅ»​

4. ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​វា​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ថា​ មនុស្ស​មិន​រស់​ដោយសារ​តែ​នំប៉័ង​ប៉ុណ្ណោះ​ទេ»​

5. អារក្ស​សាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​ ហើយ​បង្ហាញ​ឲ្យ​ព្រះអង្គ​ឃើញ​នគរ​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក​ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី​

6. ហើយ​អារក្ស​សាតាំង​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​នឹង​ឲ្យ​សិទ្ធិ​អំណាច​ ព្រមទាំង​សិរី​រុងរឿង​នៃ​នគរ​ទាំង​អស់​នោះ​ដល់​អ្នក​ ដ្បិត​ទាំង​អស់នោះ​ត្រូវ​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ហើយ​ ខ្ញុំ​ចង់​ឲ្យ​ទៅ​អ្នកណា​ក៏​បាន​

7. ដូច្នេះ​ប្រសិន​បើ​អ្នក​ថ្វាយបង្គំ​ខ្ញុំ​ នោះ​អ្វីៗ​ទាំង​អស់​នឹង​ក្លាយជា​របស់​អ្នក​ហើយ»។​

8. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​វា​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ថា​ អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ»​

9. អារក្ស​សាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូសាឡិម​ រួច​ដាក់​ព្រះអង្គ​នៅ​លើ​កំពូល​ព្រះវិហារ​ ហើយ​ទូល​ព្រះអង្គ​ថា៖​ «បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ ចូរ​ទម្លាក់​ខ្លួន​ទៅ​ក្រោម​ទៅ​

10. ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ ព្រះអង្គ​នឹង​បង្គាប់​ទេវតា​របស់​ព្រះអង្គ​ពី​ដំណើរ​អ្នក​ដើម្បី​ការពារ​អ្នក​

11. ហើយ​ទេវតា​នឹង​ទ្រ​អ្នក​នៅ​លើ​ដៃ​ ក្រែងលោ​ជើង​អ្នក​ទង្គិច​នឹង​ថ្ម»។​

សូមអានជំពូកពេញលេញ លូកា 4