គម្ពីរសញ្ញាថ្មី

លូកា 3:3-16 Khmer Christian Bible (KCB)

3. គាត់​ក៏​ទៅ​ឯ​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំ​វិញ​អូរ​យ័រដាន់​ ទាំង​ប្រកាស​ប្រាប់​អំពី​ពិធី​ជ្រមុជ​ដែល​ជា​ភស្ដុតាង​បង្អាញ​ពី​ការ​ប្រែ​ចិត្ដ​ ដើម្បី​ទទួល​បាន​ការ​លើកលែង​ទោស​បាប​

4. ដូច​ដែល​បាន​ចែង​ទុក​ក្នុង​បទ​គម្ពីរ​របស់​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ថា​ មាន​សំឡេង​មនុស្ស​ម្នាក់​កំពុង​ស្រែក​នៅ​ទីរហោឋាន​ថា​ ចូរ​រៀប​ចំ​ដំណើរ​របស់​ព្រះអម្ចាស់​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ​

5. គ្រប់ទាំង​ជ្រលងភ្នំ​នឹង​ត្រូវ​លុប​បំពេញ​ ហើយ​គ្រប់​ទាំង​ភ្នំ​ និង​ទីទួល​ត្រូវ​ពង្រាប​ឲ្យ​ស្មើ​ ឯ​កន្លែង​ក្ងិចក្ងក់​ត្រូវ​តម្រង់​ ហើយ​ផ្លូវ​រដិប​រដុប​ត្រូវ​ធ្វើ​ឲ្យ​រាប​ស្មើ​

6. នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះជាម្ចាស់។​

7. ដូច្នោះ​ហើយ​ លោក​យ៉ូហាន​ក៏​និយាយ​ទៅ​បណ្ដាជន​ដែល​កំពុង​ចេញ​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ថា៖​ «នែ​ពូជ​ពស់​វែក​អើយ!​ តើ​នរណា​ព្រមាន​ឲ្យ​អ្នក​រាល់គ្នា​រត់​គេចពី​សេចក្ដី​ក្រោធ​ដែល​នឹង​មក​ដល់​ដូច្នេះ?​

8. ហេតុ​នេះ​ ចូរ​បង្កើត​ផល​ផ្លែ​ឲ្យ​ស័ក្ដសម​នឹង​ការ​ប្រែ​ចិត្ដ​ចុះ​ ហើយ​កុំ​គិត​ក្នុង​ចិត្ដ​ឲ្យ​សោះ​ថា​ យើង​មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះជាម្ចាស់​ក៏​អាច​បង្កើត​កូន​លោក​អ័ប្រាហាំ​ពី​ថ្ម​ទាំងអស់​នេះ​បាន​ដែរ។​

9. ឯ​ពូថៅ​នៅ​នឹង​គល់​ឈើ​រួច​ជា​ស្រេច​ ដូច្នេះ​រាល់​ដើម​ឈើ​ណា​មិន​បង្កើត​ផ្លែ​ល្អ​នឹង​ត្រូវ​កាប់​បោះ​ទៅក្នុង​ភ្លើង​។»​

10. នោះ​បណ្ដាជន​ក៏​សួរ​ទៅ​គាត់​ថា៖​ «ដូច្នេះ​តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច?»​

11. គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «អ្នកណា​មាន​អាវ​ពីរ​ ចូរ​ឲ្យ​អ្នក​នោះ​ចែក​ដល់​អ្នក​ដែល​គ្មាន​ចុះ​ ឯ​អ្នកណា​មាន​អាហារ​ ចូរ​ឲ្យ​អ្នក​នោះ​ធ្វើ​ដូច្នេះ​ដែរ​ចុះ»។​

12. ពេល​នោះ​ពួក​អ្នក​ទារ​ពន្ធដារ​បាន​មក​ទទួល​ពិធី​ជ្រមុជទឹក​ដែរ​ ហើយ​ពួកគេ​បាន​សួរ​ទៅ​គាត់​ថា៖​ «លោក​គ្រូ!​ តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច?»​

13. គាត់​ប្រាប់​ពួកគេ​ថា៖​ «មិន​ត្រូវ​ទារ​ពន្ធ​លើស​ចំនួន​ដែល​បាន​កំណត់​ឲ្យ​អ្នក​រាល់គ្នា​ឡើយ»។​

14. ឯ​ពួក​ទាហាន​សួរ​ទៅ​គាត់​ដែរ​ថា៖​ «ចុះ​យើង​វិញ​ តើ​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច?»​ គាត់​ប្រាប់​ពួកគេ​ថា៖​ «កុំ​យក​អ្វី​ពី​អ្នកណា​ដោយកំហែង​ ឬ​និយាយ​បង្កាច់​ឡើយ​ ប៉ុន្ដែ​ចូរ​ពេញ​ចិត្ដ​នឹង​ប្រាក់​ឈ្នួល​របស់​អ្នក​រាល់គ្នា​ចុះ»។​

15. កាល​ប្រជាជន​កំពុង​ទន្ទឹង​រង់ចាំ​ ពួកគេ​គ្រប់គ្នា​ក៏​នឹក​ឆ្ងល់​ក្នុង​ចិត្ដ​អំពី​លោក​យ៉ូហាន​ថា​ ប្រហែល​គាត់​ជា​ព្រះគ្រិស្ដ​ទេ​ដឹង។​

16. លោក​យ៉ូហាន​ក៏​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​ ប៉ុន្ដែ​នឹង​មាន​ព្រះ​មួយ​អង្គ​យាង​មក​ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែ​ស្បែក​ជើង​ឲ្យ​ព្រះអង្គ​ផង​ ព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​នឹង​ភ្លើង​វិញ។​

សូមអានជំពូកពេញលេញ លូកា 3