7. ពេលដល់ថ្ងៃបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវថ្វាយយញ្ញបូជាជាកូនចៀមសម្រាប់ពិធីបុណ្យរំលង
8. ព្រះអង្គបានចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅ ដោយមានបន្ទូលថា៖ «ចូរទៅរៀបចំបុណ្យរំលងដើម្បីឲ្យពួកយើងបានបរិភោគ»
9. ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ «តើលោកចង់ឲ្យយើងរៀបចំនៅកន្លែងណា?»
10. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មើល៍ ពេលពួកអ្នកចូលទៅក្នុងក្រុង ពួកអ្នកនឹងជួបបុរសម្នាក់លីក្អមទឹក ចូរដើរតាមអ្នកនោះទៅក្នុងផ្ទះដែលអ្នកនោះចូល
11. ហើយប្រាប់ម្ចាស់ផ្ទះនោះថា លោកគ្រូសួរមកអ្នកថា តើបន្ទប់ដែលខ្ញុំត្រូវបរិភោគអាហារជាមួយនឹងសិស្សរបស់ខ្ញុំក្នុងថ្ងៃបុណ្យរំលងនៅឯណា?
12. គាត់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញបន្ទប់ដ៏ធំមួយនៅជាន់លើដែលរៀបជាស្រេច ចូររៀបចំនៅទីនោះចុះ»។
13. អ្នកទាំងពីរក៏ចាកចេញទៅ ហើយឃើញដូចដែលព្រះអង្គបានមានបន្ទូលប្រាប់ ដូច្នេះពួកគេក៏រៀបចំពិធីបុណ្យរំលង។
14. លុះដល់ពេលវេលា ព្រះអង្គក៏អង្គុយនៅតុអាហារជាមួយពួកសាវករបស់ព្រះអង្គ
15. ព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «នៅថ្ងៃបុណ្យរំលងនេះ ខ្ញុំចង់បរិភោគជាមួយអ្នករាល់គ្នាឲ្យអស់ចិត្ដ មុនពេលខ្ញុំរងទុក្ខវេទនា
16. ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគអាហារនៃថ្ងៃបុណ្យរំលងនេះទៀតទេ រហូតដល់ពិធីនេះបានសម្រេចនៅនគរព្រះជាម្ចាស់»
17. រួចព្រះអង្គយកពែងមក ទាំងអរព្រះគុណព្រះជាម្ចាស់ ហើយមានបន្ទូលថា៖ «ចូរទទួលយកពែងនេះ ហើយចែកគ្នាផឹកចុះ
18. ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនផឹកផលពីទំពាំងបាយជូរទៀតទេ រហូតដល់នគរព្រះជាម្ចាស់មកដល់»។