គម្ពីរសញ្ញាថ្មី

លូកា 22:5-23 Khmer Christian Bible (KCB)

5. ពួកគេ​ត្រេក​អរ​ណាស់​ ហើយ​បាន​យល់ព្រម​ឲ្យ​ប្រាក់​គាត់​

6. ឯ​យូដាស​ក៏​យល់ព្រម រួច​រកឱកាស​ប្រគល់​ព្រះអង្គ​នៅ​ពេល​គ្មាន​បណ្ដាជន​នៅ​ជាមួយ​ពួកគេ។​

7. ពេល​ដល់​ថ្ងៃ​បុណ្យ​នំបុ័ង​ឥតមេ​ ជា​ថ្ងៃ​ដែល​គេ​ត្រូវ​ថ្វាយ​យញ្ញ​បូជា​ជា​កូន​ចៀម​សម្រាប់​ពិធី​បុណ្យ​រំលង​

8. ព្រះអង្គ​បាន​ចាត់​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​ឲ្យ​ទៅ​ ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​ទៅ​រៀបចំ​បុណ្យ​រំលង​ដើម្បី​ឲ្យ​ពួកយើង​បាន​បរិភោគ»​

9. ប៉ុន្ដែ​ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «តើ​លោក​ចង់​ឲ្យ​យើង​រៀបចំ​នៅ​កន្លែង​ណា?»​

10. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មើល៍​ ពេល​ពួកអ្នក​ចូល​ទៅ​ក្នុង​ក្រុង​ ពួក​អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក​ ចូរ​ដើរ​តាម​អ្នក​នោះ​ទៅ​ក្នុង​ផ្ទះ​ដែល​អ្នក​នោះ​ចូល​

11. ហើយ​ប្រាប់​ម្ចាស់​ផ្ទះ​នោះ​ថា​ លោក​គ្រូ​សួរ​មក​អ្នក​ថា​ តើ​បន្ទប់​ដែល​ខ្ញុំ​ត្រូវ​បរិភោគ​អាហារ​ជាមួយ​នឹង​សិស្ស​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​បុណ្យ​រំលង​នៅ​ឯណា?​

12. គាត់​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​បន្ទប់​ដ៏​ធំ​មួយ​នៅ​ជាន់​លើ​ដែល​រៀប​ជាស្រេច​ ចូរ​រៀបចំ​នៅ​ទីនោះ​ចុះ»។​

13. អ្នក​ទាំង​ពីរ​ក៏​ចាក​ចេញ​ទៅ​ ហើយ​ឃើញ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​ ដូច្នេះ​ពួកគេ​ក៏​រៀបចំ​ពិធី​បុណ្យ​រំលង។​

14. លុះ​ដល់​ពេល​វេលា​ ព្រះអង្គ​ក៏​អង្គុយ​នៅ​តុអាហារ​ជាមួយ​ពួក​សាវក​របស់​ព្រះអង្គ​

15. ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នៅ​ថ្ងៃ​បុណ្យ​រំលង​នេះ​ ខ្ញុំ​ចង់​បរិភោគ​ជាមួយ​អ្នក​រាល់គ្នា​ឲ្យ​អស់​ចិត្ដ​ មុន​ពេល​ខ្ញុំ​រងទុក្ខ​វេទនា​

16. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ខ្ញុំ​នឹង​មិន​បរិភោគ​អាហារ​នៃ​ថ្ងៃ​បុណ្យ​រំលង​នេះ​ទៀត​ទេ​ រហូត​ដល់​ពិធី​នេះ​បាន​សម្រេច​នៅ​នគរ​ព្រះជាម្ចាស់»​

17. រួច​ព្រះអង្គ​យក​ពែង​មក​ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ ហើយ​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​យក​ពែង​នេះ​ ហើយ​ចែក​គ្នា​ផឹក​ចុះ​

18. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចាប់​ពី​ពេល​នេះ​តទៅ​ ខ្ញុំ​មិន​ផឹក​ផល​ពី​ទំពាំង​បាយ​ជូរ​ទៀត​ទេ​ រហូត​ដល់​នគរ​ព្រះជាម្ចាស់​មក​ដល់»។​

19. បន្ទាប់​មក​ព្រះអង្គ​យក​នំប៉័ង​មក​ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ ហើយ​កាច់​ចែក​ឲ្យ​ពួក​សិស្ស​ ទាំង​មាន​បន្ទូល​ថា៖​ «នេះ​ជា​រូបកាយ​របស់​ខ្ញុំ​ដែល​បាន​ឲ្យ​មក​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​បែប​នេះ​ចុះ​ដើម្បី​រំឭក​ដល់​ខ្ញុំ»។​

20. ក្រោយ​ពី​បរិភោគ​រួច​ ព្រះអង្គ​ក៏​មាន​បន្ទូល​អំពី​ពែង​បែប​ដូច្នោះ​ដែរ​ថា៖​ «ពែង​នេះ​ជា​កិច្ច​ព្រមព្រៀង​ថ្មី​ដោយ​នូវ​ឈាម​ខ្ញុំ​ ដែល​បាន​បង្ហូរ​សម្រាប់​អ្នក​រាល់គ្នា​

21. ប៉ុន្ដែ​មើល៍​ ដៃ​របស់​អ្នក​ក្បត់​ខ្ញុំ​ ក៏​ដាក់​នៅ​លើ​តុ​អាហារ​ជាមួយ​ខ្ញុំ​ដែរ​

22. ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​ដូចជា​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​មែន​ ប៉ុន្ដែ​វេទនា​ដល់​មនុស្ស​ម្នាក់​នោះ​ដែល​បាន​ក្បត់​កូន​មនុស្ស»។​

23. ពួកគេ​ក៏​ចាប់ផ្ដើម​សួរ​ដេញ​ដោល​គ្នា​អំពី​អ្នក​ដែល​បម្រុង​ធ្វើ​ដូច្នេះ។​

សូមអានជំពូកពេញលេញ លូកា 22