គម្ពីរសញ្ញាថ្មី

លូកា 22:45-58 Khmer Christian Bible (KCB)

45. កាល​ព្រះអង្គ​ក្រោក​ពី​អធិស្ឋាន​ ក៏​យាង​ទៅ​ឯ​ពួក​សិស្ស​វិញ​ ហើយ​ឃើញ​ពួកគេ​កំពុង​ដេក​លក់​ ដោយព្រោះ​សេចក្ដី​សោកសៅ​

46. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី​ក៏​អ្នក​រាល់គ្នា​ដេក​លក់​ដូច្នេះ?​ ចូរ​ក្រោក​អធិស្ឋាន​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង»។​

47. កាល​ព្រះអង្គ​កំពុង​មាន​បន្ទូល​នៅ​ឡើយ​ នោះ​ក៏​មាន​បណ្ដាជន​មក​ឯ​ព្រះអង្គ​ ហើយ​យូដាស​ជា​សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​កំពុង​នាំ​មុខ​គេ។​ គាត់​បាន​ចូល​មក​ជិត​ព្រះយេស៊ូ​ដើម្បី​ថើប​ព្រះអង្គ។​

48. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «យូដាស​ តើ​អ្នក​ក្បត់​កូន​មនុស្ស​ដោយ​ការ​ថើប​ឬ?»​

49. ពេល​ពួកអ្នក​នៅ​ជុំវិញ​ឃើញ​ហេតុការណ៍​ហៀប​នឹង​កើត​ទ្បើង​ ក៏​ទូលសួរ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់!​ តើ​ឲ្យ​យើង​ប្រយុទ្ធ​ដោយ​ដាវ​ដែរ​ឬ​ទេ?»​

50. ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​កាប់​បាវបម្រើ​របស់​សម្ដេច​សង្ឃ​ម្នាក់​ដាច់​ត្រចៀក​ខាង​ស្ដាំ។​

51. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ថា៖​ «ឈប់!​ ប៉ុណ្ណឹង​បាន​ហើយ»​ រួច​ព្រះអង្គ​ក៏​ពាល់​ត្រចៀក​នោះ​ ហើយ​បាន​ប្រោស​គាត់​ឲ្យ​ជា​វិញ។​

52. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកអ្នក​ដែល​បាន​មក​ទាស់​នឹង​ព្រះអង្គ​ ពួក​សម្ដេច​សង្ឃ​ ពួក​ប្រធាន​ឆ្មាំ​ព្រះវិហារ​ និង​ពួក​ចាស់​ទុំ​ថា៖​ «តើ​អ្នក​រាល់គ្នា​មក​តទល់​នឹង​ចោរ​ឬ​អី​ បាន​ជា​មាន​ទាំង​ដាវ​ និង​ដំបង​ដូច្នេះ?​

53. ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​រាល់​ថ្ងៃ​ក្នុង​ព្រះវិហារ​ អ្នក​រាល់គ្នា​មិន​បាន​លូក​ដៃ​ចាប់​ខ្ញុំ​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​ជា​ពេល​វេលា​របស់​អ្នក​រាល់គ្នា​ និង​ជា​សិទ្ធិ​អំណាច​នៃ​សេចក្ដី​ងងឹត»។​

54. ពួកគេ​ក៏​ចាប់​ព្រះអង្គ​បណ្ដើរ​ទៅ​ផ្ទះ​របស់​សម្ដេច​សង្ឃ​ម្នាក់​ ហើយ​លោក​ពេត្រុស​បាន​ដើរ​តាម​ពី​ចម្ងាយ។​

55. ពេល​ពួកគេ​បង្កាត់​ភ្លើង​នៅ​កណ្ដាល​ទីធ្លា​ហើយ​ ក៏​អង្គុយ​ចុះ​ជុំគ្នា​ ឯ​លោក​ពេត្រុស​ក៏​នៅ​ក្នុង​ចំណោម​ពួកគេ​ដែរ។​

56. កាល​ស្រី​បម្រើ​ម្នាក់​បាន​ឃើញ​គាត់​កំពុង​អង្គុយ​នៅ​ជិត​ភ្លើង​ ក៏​សម្លឹង​មើល​គាត់​ទាំង​និយាយ​ថា៖​ «អ្នក​នេះ​ក៏​នៅ​ជាមួយ​ម្នាក់​នោះ​ដែរ»​

57. ប៉ុន្ដែ​គាត់​បដិសេធ​ថា៖​ «នែ​នាង!​ ខ្ញុំ​មិន​ស្គាល់​ម្នាក់​នោះ​ទេ»។​

58. បន្ដិច​ក្រោយ​មក​ កាល​ម្នាក់​ទៀត​ឃើញ​គាត់​ ក៏​និយាយ​ថា៖​ «អ្នក​ក៏​នៅ​ក្នុង​ចំណោម​ពួកគេ​ដែរ»​ តែ​លោក​ពេត្រុស​និយាយ​ថា៖​ «នែ​លោក!​ មិន​មែន​ខ្ញុំ​ទេ!»​

សូមអានជំពូកពេញលេញ លូកា 22