41. រួចព្រះអង្គក៏ចេញពីពួកគេចម្ងាយប្រហែលមួយចោលដុំថ្ម ហើយព្រះអង្គបានលុតជង្គង់ អធិស្ឋានថា៖
42. «ឱព្រះវរបិតាអើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមដកពែងនេះចេញពីខ្ញុំទៅ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំទ្បើយ គឺតាមព្រះអង្គវិញ»
43. នោះមានទេវតាពីស្ថានសួគ៌បានលេចមកឯព្រះអង្គ ដើម្បីចម្រើនកម្លាំងឲ្យព្រះអង្គ
44. ហើយកាលព្រះអង្គខ្វល់ខ្វាយជាពន់ពេក ក៏ខំប្រឹងអធិស្ឋានខ្លាំងឡើងថែមទៀត ញើសរបស់ព្រះអង្គត្រលប់ដូចជាតំណក់ឈាមកំពុងស្រក់មកលើដី។
45. កាលព្រះអង្គក្រោកពីអធិស្ឋាន ក៏យាងទៅឯពួកសិស្សវិញ ហើយឃើញពួកគេកំពុងដេកលក់ ដោយព្រោះសេចក្ដីសោកសៅ
46. ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីក៏អ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង»។
47. កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះក៏មានបណ្ដាជនមកឯព្រះអង្គ ហើយយូដាសជាសាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរកំពុងនាំមុខគេ។ គាត់បានចូលមកជិតព្រះយេស៊ូដើម្បីថើបព្រះអង្គ។
48. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «យូដាស តើអ្នកក្បត់កូនមនុស្សដោយការថើបឬ?»
49. ពេលពួកអ្នកនៅជុំវិញឃើញហេតុការណ៍ហៀបនឹងកើតទ្បើង ក៏ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់! តើឲ្យយើងប្រយុទ្ធដោយដាវដែរឬទេ?»
50. ស្រាប់តែមានមនុស្សម្នាក់ក្នុងចំណោមពួកគេបានកាប់បាវបម្រើរបស់សម្ដេចសង្ឃម្នាក់ដាច់ត្រចៀកខាងស្ដាំ។
51. ព្រះយេស៊ូក៏មានបន្ទូលថា៖ «ឈប់! ប៉ុណ្ណឹងបានហើយ» រួចព្រះអង្គក៏ពាល់ត្រចៀកនោះ ហើយបានប្រោសគាត់ឲ្យជាវិញ។
52. ព្រះយេស៊ូមានបន្ទូលទៅពួកអ្នកដែលបានមកទាស់នឹងព្រះអង្គ ពួកសម្ដេចសង្ឃ ពួកប្រធានឆ្មាំព្រះវិហារ និងពួកចាស់ទុំថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមានទាំងដាវ និងដំបងដូច្នេះ?