33. ប៉ុន្ដែលោកពេត្រុសបានទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំបានត្រៀមនៅជាមួយព្រះអង្គហើយ ទោះបីត្រូវជាប់គុក ឬស្លាប់ក៏ដោយ»។
34. ព្រះអង្គក៏មានបន្ទូលថា៖ «ពេត្រុសអើយ! ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះមុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
35. រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កាលខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅដោយគ្មានថង់ប្រាក់ ថង់យាម និងស្បែកជើង តើអ្នករាល់គ្នាបានខ្វះខាតអ្វីទេ?» ពួកគេទូលថា៖ «គ្មានទេ»។
36. ព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ប៉ុន្ដែឥទ្បូវនេះ អ្នកណាមានថង់ប្រាក់ ចូរយកទៅ ហើយអ្នកណាមានថង់យាមក៏យកទៅដូចគ្នា ឯអ្នកណាដែលគ្មានវិញ ចូរលក់អាវរបស់ខ្លួនទិញដាវមួយចុះ
37. ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា សេចក្ដីដែលបានចែងទុកអំពីខ្ញុំនេះត្រូវតែសម្រេច ដែលថា គេបានរាប់លោកបញ្ចូលជាមួយពួកល្មើសច្បាប់។ សេចក្ដីដែលទាក់ទងនឹងខ្ញុំឈានដល់ការសម្រេចហើយ»។
38. ពួកគេក៏ទូលថា៖ «ព្រះអម្ចាស់អើយ! មើល៍ នៅទីនេះមានដាវពីរ» ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គ្រប់ហើយ»។
39. កាលព្រះអង្គចេញទៅ ក៏យាងទៅភ្នំដើមអូលីវតាមទម្លាប់ ឯពួកសិស្សក៏បានទៅតាមព្រះអង្គដែរ។
40. ពេលមកដល់កន្លែងហើយ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង»
41. រួចព្រះអង្គក៏ចេញពីពួកគេចម្ងាយប្រហែលមួយចោលដុំថ្ម ហើយព្រះអង្គបានលុតជង្គង់ អធិស្ឋានថា៖
42. «ឱព្រះវរបិតាអើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមដកពែងនេះចេញពីខ្ញុំទៅ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំទ្បើយ គឺតាមព្រះអង្គវិញ»
43. នោះមានទេវតាពីស្ថានសួគ៌បានលេចមកឯព្រះអង្គ ដើម្បីចម្រើនកម្លាំងឲ្យព្រះអង្គ