គម្ពីរសញ្ញាថ្មី

លូកា 22:31-45 Khmer Christian Bible (KCB)

31. ស៊ីម៉ូន​ ស៊ីម៉ូន​អើយ!​ មើល៍​អារក្ស​សាតាំង​បាន​សុំ​អ្នក​ហើយ​ ដើម្បី​រែង​អ្នក​ដូចជា​ស្រូវ​ដូច្នោះ​ដែរ​

32. ប៉ុន្ដែ​ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក​ ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​ធ្លាក់​ចុះ​ឡើយ​ ហើយ​នៅ​ពេល​អ្នក​ប្រែ​ចិត្ដ​ ចូរ​ពង្រឹង​បងប្អូន​របស់​អ្នក​ផង»។​

33. ប៉ុន្ដែ​លោក​ពេត្រុស​បាន​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​បាន​ត្រៀម​នៅ​ជាមួយ​ព្រះអង្គ​ហើយ​ ទោះ​បី​ត្រូវ​ជាប់​គុក​ ឬ​ស្លាប់​ក៏​ដោយ»។​

34. ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «ពេត្រុស​អើយ!​ ខ្ញុំ​ប្រាប់​អ្នក​ថា​ នៅ​ថ្ងៃ​នេះ​មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។​

35. រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កាល​ខ្ញុំ​បាន​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ដោយ​គ្មាន​ថង់​ប្រាក់​ ថង់​យាម​ និង​ស្បែក​ជើង​ តើ​អ្នក​រាល់គ្នា​បាន​ខ្វះខាត​អ្វី​ទេ?»​ ពួកគេ​ទូល​ថា៖​ «គ្មាន​ទេ»។​

36. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «ប៉ុន្ដែ​ឥទ្បូវ​នេះ​ អ្នកណា​មាន​ថង់​ប្រាក់​ ចូរ​យក​ទៅ​ ហើយ​អ្នកណា​មាន​ថង់​យាម​ក៏​យក​ទៅ​ដូចគ្នា​ ឯ​អ្នកណា​ដែល​គ្មាន​វិញ​ ចូរ​លក់​អាវ​របស់​ខ្លួន​ទិញ​ដាវ​មួយ​ចុះ​

37. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ សេចក្ដី​ដែល​បាន​ចែង​ទុក​អំពី​ខ្ញុំ​នេះ​ត្រូវ​តែ​សម្រេច​ ដែល​ថា​ គេ​បាន​រាប់​លោក​បញ្ចូល​ជាមួយ​ពួក​ល្មើស​ច្បាប់។​ ​សេចក្ដី​ដែល​ទាក់​ទង​នឹង​ខ្ញុំ​ឈាន​ដល់​ការ​សម្រេច​ហើយ»។​

38. ពួកគេ​ក៏​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ មើល៍​ នៅ​ទីនេះ​មាន​ដាវ​ពីរ»​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គ្រប់​ហើយ»។​

39. កាល​ព្រះអង្គ​ចេញ​ទៅ​ ក៏​យាង​ទៅ​ភ្នំ​ដើម​អូលីវ​តាម​ទម្លាប់​ ឯ​ពួក​សិស្ស​ក៏​បាន​ទៅ​តាម​ព្រះអង្គ​ដែរ។​

40. ពេល​មក​ដល់​កន្លែង​ហើយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​អធិស្ឋាន​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង»​

41. រួច​ព្រះអង្គ​ក៏​ចេញ​ពី​ពួកគេ​ចម្ងាយ​ប្រហែល​មួយ​ចោល​ដុំ​ថ្ម​ ហើយ​ព្រះអង្គ​បាន​លុត​ជង្គង់​ អធិស្ឋាន​ថា៖​

42. «ឱ​ព្រះវរបិតា​អើយ!​ ប្រសិន​បើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ សូម​ដក​ពែង​នេះ​ចេញ​ពី​ខ្ញុំ​ទៅ​ ប៉ុន្ដែ​កុំ​តាម​បំណង​របស់​ខ្ញុំ​ទ្បើយ​ គឺ​តាម​ព្រះអង្គ​វិញ»​

43. នោះ​មាន​ទេវតា​ពី​ស្ថានសួគ៌​បាន​លេច​មក​ឯ​ព្រះអង្គ​ ដើម្បី​ចម្រើន​កម្លាំង​ឲ្យ​ព្រះអង្គ​

44. ហើយ​កាល​ព្រះអង្គ​ខ្វល់ខ្វាយ​ជា​ពន់ពេក​ ក៏​ខំប្រឹង​អធិស្ឋាន​ខ្លាំង​ឡើង​ថែម​ទៀត​ ញើស​របស់​ព្រះអង្គ​ត្រលប់​ដូចជា​តំណក់​ឈាម​កំពុង​ស្រក់​មក​លើ​ដី។​

45. កាល​ព្រះអង្គ​ក្រោក​ពី​អធិស្ឋាន​ ក៏​យាង​ទៅ​ឯ​ពួក​សិស្ស​វិញ​ ហើយ​ឃើញ​ពួកគេ​កំពុង​ដេក​លក់​ ដោយព្រោះ​សេចក្ដី​សោកសៅ​

សូមអានជំពូកពេញលេញ លូកា 22