គម្ពីរសញ្ញាថ្មី

លូកា 22:21-33 Khmer Christian Bible (KCB)

21. ប៉ុន្ដែ​មើល៍​ ដៃ​របស់​អ្នក​ក្បត់​ខ្ញុំ​ ក៏​ដាក់​នៅ​លើ​តុ​អាហារ​ជាមួយ​ខ្ញុំ​ដែរ​

22. ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​ដូចជា​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​មែន​ ប៉ុន្ដែ​វេទនា​ដល់​មនុស្ស​ម្នាក់​នោះ​ដែល​បាន​ក្បត់​កូន​មនុស្ស»។​

23. ពួកគេ​ក៏​ចាប់ផ្ដើម​សួរ​ដេញ​ដោល​គ្នា​អំពី​អ្នក​ដែល​បម្រុង​ធ្វើ​ដូច្នេះ។​

24. ពេល​នោះ​ក៏​កើត​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​អំពី​អ្នក​ដែល​ទំនង​ជា​អ្នក​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួកគេ។​

25. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពួក​ស្ដេច​នៃ​ជន​ជាតិ​នានា​គ្រប់គ្រង​លើ​ប្រជាជន​ ហើយ​ពួកអ្នក​មាន​សិទ្ធិ​អំណាច​លើ​ប្រជាជន​ គេ​ហៅ​ថា​ ពួកអ្នក​មាន​គុណ​

26. ប៉ុន្ដែ​អ្នក​រាល់គ្នា​វិញ​ មិន​មែន​ដូច្នោះ​ទេ​ អ្នក​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ចូរ​ឲ្យ​អ្នក​នោះ​ធ្វើ​ដូចជា​អ្នក​តូច​ជាង​គេ​ ឯ​អ្នក​ដឹកនាំ​ដូចជា​អ្នកបម្រើ​

27. ដ្បិត​អ្នក​ធំ​ជាង​ជា​អ្នកណា​ តើ​ជា​អ្នក​ដែល​កំពុង​អង្គុយ​នៅ​តុ​អាហារ​ ឬ​ជា​អ្នក​ដែល​កំពុង​បម្រើ​គេ?​ តើ​មិន​មែន​ជា​អ្នក​កំពុង​អង្គុយ​នៅ​តុ​អាហារ​ទេ​ឬ?​ ខ្ញុំ​ប្រៀប​ដូចជា​អ្នក​ដែល​កំពុង​បម្រើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​

28. ហើយ​អ្នក​រាល់គ្នា​ជា​ពួក​អ្នក​ដែល​បាន​នៅ​ជាមួយ​ខ្ញុំ​ នៅ​ពេល​ខ្ញុំ​ជួប​សេចក្ដី​ល្បួង​

29. ដូច្នេះ​ព្រះវរបិតា​របស់​ខ្ញុំ​ឲ្យ​នគរ​មួយ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​ ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក​រាល់គ្នា​ជា​យ៉ាង​នោះ​ដែរ​

30. ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិភោគ​នៅ​តុ​ជាមួយ​ខ្ញុំ​ក្នុង​នគរ​របស់​ខ្ញុំ​ ហើយ​អ្នក​រាល់គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជំនុំជម្រះ​កុល​សម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ។​

31. ស៊ីម៉ូន​ ស៊ីម៉ូន​អើយ!​ មើល៍​អារក្ស​សាតាំង​បាន​សុំ​អ្នក​ហើយ​ ដើម្បី​រែង​អ្នក​ដូចជា​ស្រូវ​ដូច្នោះ​ដែរ​

32. ប៉ុន្ដែ​ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក​ ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​ធ្លាក់​ចុះ​ឡើយ​ ហើយ​នៅ​ពេល​អ្នក​ប្រែ​ចិត្ដ​ ចូរ​ពង្រឹង​បងប្អូន​របស់​អ្នក​ផង»។​

33. ប៉ុន្ដែ​លោក​ពេត្រុស​បាន​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​បាន​ត្រៀម​នៅ​ជាមួយ​ព្រះអង្គ​ហើយ​ ទោះ​បី​ត្រូវ​ជាប់​គុក​ ឬ​ស្លាប់​ក៏​ដោយ»។​

សូមអានជំពូកពេញលេញ លូកា 22