គម្ពីរសញ្ញាថ្មី

លូកា 22:17-28 Khmer Christian Bible (KCB)

17. រួច​ព្រះអង្គ​យក​ពែង​មក​ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ ហើយ​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​យក​ពែង​នេះ​ ហើយ​ចែក​គ្នា​ផឹក​ចុះ​

18. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចាប់​ពី​ពេល​នេះ​តទៅ​ ខ្ញុំ​មិន​ផឹក​ផល​ពី​ទំពាំង​បាយ​ជូរ​ទៀត​ទេ​ រហូត​ដល់​នគរ​ព្រះជាម្ចាស់​មក​ដល់»។​

19. បន្ទាប់​មក​ព្រះអង្គ​យក​នំប៉័ង​មក​ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ ហើយ​កាច់​ចែក​ឲ្យ​ពួក​សិស្ស​ ទាំង​មាន​បន្ទូល​ថា៖​ «នេះ​ជា​រូបកាយ​របស់​ខ្ញុំ​ដែល​បាន​ឲ្យ​មក​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​បែប​នេះ​ចុះ​ដើម្បី​រំឭក​ដល់​ខ្ញុំ»។​

20. ក្រោយ​ពី​បរិភោគ​រួច​ ព្រះអង្គ​ក៏​មាន​បន្ទូល​អំពី​ពែង​បែប​ដូច្នោះ​ដែរ​ថា៖​ «ពែង​នេះ​ជា​កិច្ច​ព្រមព្រៀង​ថ្មី​ដោយ​នូវ​ឈាម​ខ្ញុំ​ ដែល​បាន​បង្ហូរ​សម្រាប់​អ្នក​រាល់គ្នា​

21. ប៉ុន្ដែ​មើល៍​ ដៃ​របស់​អ្នក​ក្បត់​ខ្ញុំ​ ក៏​ដាក់​នៅ​លើ​តុ​អាហារ​ជាមួយ​ខ្ញុំ​ដែរ​

22. ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​ដូចជា​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​មែន​ ប៉ុន្ដែ​វេទនា​ដល់​មនុស្ស​ម្នាក់​នោះ​ដែល​បាន​ក្បត់​កូន​មនុស្ស»។​

23. ពួកគេ​ក៏​ចាប់ផ្ដើម​សួរ​ដេញ​ដោល​គ្នា​អំពី​អ្នក​ដែល​បម្រុង​ធ្វើ​ដូច្នេះ។​

24. ពេល​នោះ​ក៏​កើត​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​អំពី​អ្នក​ដែល​ទំនង​ជា​អ្នក​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួកគេ។​

25. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពួក​ស្ដេច​នៃ​ជន​ជាតិ​នានា​គ្រប់គ្រង​លើ​ប្រជាជន​ ហើយ​ពួកអ្នក​មាន​សិទ្ធិ​អំណាច​លើ​ប្រជាជន​ គេ​ហៅ​ថា​ ពួកអ្នក​មាន​គុណ​

26. ប៉ុន្ដែ​អ្នក​រាល់គ្នា​វិញ​ មិន​មែន​ដូច្នោះ​ទេ​ អ្នក​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ចូរ​ឲ្យ​អ្នក​នោះ​ធ្វើ​ដូចជា​អ្នក​តូច​ជាង​គេ​ ឯ​អ្នក​ដឹកនាំ​ដូចជា​អ្នកបម្រើ​

27. ដ្បិត​អ្នក​ធំ​ជាង​ជា​អ្នកណា​ តើ​ជា​អ្នក​ដែល​កំពុង​អង្គុយ​នៅ​តុ​អាហារ​ ឬ​ជា​អ្នក​ដែល​កំពុង​បម្រើ​គេ?​ តើ​មិន​មែន​ជា​អ្នក​កំពុង​អង្គុយ​នៅ​តុ​អាហារ​ទេ​ឬ?​ ខ្ញុំ​ប្រៀប​ដូចជា​អ្នក​ដែល​កំពុង​បម្រើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​

28. ហើយ​អ្នក​រាល់គ្នា​ជា​ពួក​អ្នក​ដែល​បាន​នៅ​ជាមួយ​ខ្ញុំ​ នៅ​ពេល​ខ្ញុំ​ជួប​សេចក្ដី​ល្បួង​

សូមអានជំពូកពេញលេញ លូកា 22