គម្ពីរសញ្ញាថ្មី

លូកា 22:1-11 Khmer Christian Bible (KCB)

1. នៅពេល​ពិធី​បុណ្យ​នំបុ័ង​ឥតមេ​ ដែល​ហៅ​ថា​ពិធី​បុណ្យ​រំលង​ជិត​មក​ដល់​

2. ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​បាន​រិះរក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​ ប៉ុន្ដែ​ពួកគេ​ខ្លាច​ប្រជាជន។​

3. អារក្ស​សាតាំង​បាន​ចូល​យូដាស​ដែល​ហៅ​ថា​ អ៊ីស្ការីយ៉ុត​ ជា​សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​

4. គាត់​បាន​ចេញ​ទៅ​ពិគ្រោះ​ជាមួយ​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ប្រធាន​ឆ្មាំ​ព្រះវិហារ​ពី​មធ្យោបាយ​ដែល​គាត់​អាច​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យពួកគេ។​

5. ពួកគេ​ត្រេក​អរ​ណាស់​ ហើយ​បាន​យល់ព្រម​ឲ្យ​ប្រាក់​គាត់​

6. ឯ​យូដាស​ក៏​យល់ព្រម រួច​រកឱកាស​ប្រគល់​ព្រះអង្គ​នៅ​ពេល​គ្មាន​បណ្ដាជន​នៅ​ជាមួយ​ពួកគេ។​

7. ពេល​ដល់​ថ្ងៃ​បុណ្យ​នំបុ័ង​ឥតមេ​ ជា​ថ្ងៃ​ដែល​គេ​ត្រូវ​ថ្វាយ​យញ្ញ​បូជា​ជា​កូន​ចៀម​សម្រាប់​ពិធី​បុណ្យ​រំលង​

8. ព្រះអង្គ​បាន​ចាត់​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​ឲ្យ​ទៅ​ ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​ទៅ​រៀបចំ​បុណ្យ​រំលង​ដើម្បី​ឲ្យ​ពួកយើង​បាន​បរិភោគ»​

9. ប៉ុន្ដែ​ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «តើ​លោក​ចង់​ឲ្យ​យើង​រៀបចំ​នៅ​កន្លែង​ណា?»​

10. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មើល៍​ ពេល​ពួកអ្នក​ចូល​ទៅ​ក្នុង​ក្រុង​ ពួក​អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក​ ចូរ​ដើរ​តាម​អ្នក​នោះ​ទៅ​ក្នុង​ផ្ទះ​ដែល​អ្នក​នោះ​ចូល​

11. ហើយ​ប្រាប់​ម្ចាស់​ផ្ទះ​នោះ​ថា​ លោក​គ្រូ​សួរ​មក​អ្នក​ថា​ តើ​បន្ទប់​ដែល​ខ្ញុំ​ត្រូវ​បរិភោគ​អាហារ​ជាមួយ​នឹង​សិស្ស​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​បុណ្យ​រំលង​នៅ​ឯណា?​

សូមអានជំពូកពេញលេញ លូកា 22