គម្ពីរសញ្ញាថ្មី

លូកា 21:18-34 Khmer Christian Bible (KCB)

18. ប៉ុន្ដែ​សូម្បីតែ​សក់​មួយ​សរសៃ​លើ​ក្បាល​អ្នក​រាល់គ្នាក៏​មិន​បាន​វិនាស​ឡើយ។​

19. ដោយសារ​ការ​ស៊ូទ្រាំ​របស់​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​ជីវិត​វិញ​

20. ប៉ុន្ដែ​នៅ​ពេល​អ្នក​រាល់​គ្នា​ឃើញ​កង​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម​ នោះ​ចូរ​ដឹង​ថា​ សេចក្ដី​រលំ​រលាយ​នៃ​ក្រុង​នោះ​ជិត​មក​ដល់​ហើយ។​

21. ពេល​នោះ​ ចូរ​ឲ្យ​ពួកអ្នក​នៅ​ស្រុក​យូដា​ភៀស​ខ្លួន​ទៅ​ភ្នំ​ចុះ​ ឯ​ពួកអ្នក​នៅ​កណ្ដាល​ក្រុង​ចាក​ចេញ​ពី​ក្រុង​នោះ​ ហើយ​កុំ​ឲ្យ​ពួកអ្នក​នៅ​ស្រែ​ចម្ការ​ត្រលប់​ចូល​ក្នុង​ក្រុង​នោះ​ឲ្យ​សោះ​

22. ពីព្រោះ​ថ្ងៃ​ទាំង​នេះ​ជា​ថ្ងៃ​នៃ​សេចក្ដី​សងសឹក​ ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​ទាំង​អស់​ដែល​បាន​ចែងទុក​មក​បាន​សម្រេច។​

23. ស្ដ្រី​មាន​ផ្ទៃពោះ​ និង​ស្ដ្រី​កំពុង​បំបៅ​កូន​នឹង​វេទនា​ណាស់​នៅ​គ្រា​នោះ​ ព្រោះ​សេចក្ដី​ទុក្ខព្រួយ​ដ៏​សម្បើម​នឹង​មាន​នៅ​លើ​ទឹក​ដី​នេះ​ ហើយ​កំហឹង​ក៏​ធ្លាក់​លើ​ប្រជាជន​នេះ​

24. ពួកគេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ ហើយ​ត្រូវ​នាំ​យក​ជា​ឈ្លើយ​ទៅ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​ ឯ​ក្រុង​យេរូសាឡិម​វិញ​ នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី​រហូត​ដល់​ពេល​វេលា​របស់​ពួកគេ​ត្រូវ​បាន​បញ្ចប់។​

25. នឹង​មាន​ទីសំគាល់​នៅ​ក្នុង​ដួងអាទិត្យ​ លោក​ខែ​ និង​ផ្កាយ​ ហើយ​ជនជាតិ​នានា​នៅ​លើ​ផែនដី​នេះ​នឹង​មាន​សេចក្ដី​ថប់បារម្ភ​ ទាំង​ទ័ល​ប្រាជ្ញា​ដោយសារ​សំឡេង​សន្ធឹក​សមុទ្រ​ និង​ទឹក​រលក​

26. មនុស្ស​នឹង​ស្រយុត​ចិត្ដ​ដោយសារ​ការ​ភ័យខ្លាច​ និង​ការ​ទន្ទឹង​រង់ចាំ​ហេតុការណ៍​ដែល​នឹង​កើត​ឡើង​នៅ​លើ​ពិភព​លោក​ ដ្បិត​អំណាច​នៅ​ស្ថានសួគ៌​នឹង​រង្គោះ​រង្គើ​

27. ពេល​នោះ​ពួកគេ​នឹង​ឃើញ​កូន​មនុស្ស​យាងមក​នៅ​លើ​ពពក​ប្រកប​ដោយ​អំណាច​ និង​សិរី​រុងរឿង​ដ៏​អស្ចារ្យ។​

28. នៅ​ពេល​ហេតុការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង​ ចូរ​អ្នក​រាល់គ្នា​ក្រោក​ឈរ​ ងើយ​ក្បាល​របស់​អ្នក​រាល់គ្នា​ឡើង​ ព្រោះ​សេចក្ដីប្រោស​លោះ​សម្រាប់​អ្នក​រាល់គ្នា​ជិត​មក​ដល់​ហើយ»។​

29. ព្រះអង្គ​ក៏​មាន​បន្ទូល​ប្រាប់​ពួកគេ​ពី​រឿង​ប្រៀប​ប្រដូច​មួយ​ថា៖​ «ចូរ​មើល​ដើម​ល្វា និង​ដើម​ឈើ​ទាំង​អស់​ចុះ​

30. ពេលណា​ឃើញ​ស្លឹក​វា​លាស់​ឡើង​ហើយ​ នោះ​អ្នក​រាល់គ្នា​ដឹង​ដោយ​ខ្លួន​ឯង​ថា​ រដូវ​ក្ដៅ​ជិត​មក​ដល់​ហើយ។​

31. ឯ​អ្នក​រាល់គ្នា​វិញ​ក៏​ដូច្នេះ​ដែរ​ ពេលណា​អ្នក​រាល់គ្នា​ឃើញ​ហេតុការណ៍​ទាំង​នេះ​កើត​ឡើង​ ចូរ​ដឹង​ថា​ នគរ​ព្រះជាម្ចាស់​នៅ​ជិត​បង្កើយ​

32. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ មនុស្ស​ជំនាន់​នេះ​នឹង​មិន​ស្លាប់​អស់​ឡើយ​ លុះត្រាតែ​ហេតុការណ៍​ទាំង​អស់​នេះ​កើត​ឡើង​សិន​

33. ផ្ទៃ​មេឃ​ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ​ ប៉ុន្ដែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​បាត់​សោះ​ឡើយ។​

34. ដូច្នេះ​ចូរ​អ្នក​រាល់គ្នា​ប្រយ័ត្ន​ខ្លួន​ ក្រែង​លោ​ចិត្ដ​របស់​អ្នក​រាល់គ្នា​ផ្ទុក​ដោយ​ការ​ស្រវឹង​អួ​ និង​ការ​ខ្វល់​ខ្វាយ​នៃ​ជីវិត​ ហើយ​ថ្ងៃ​នោះ​អាច​ធ្លាក់មក​លើ​អ្នក​រាល់គ្នា​ភ្លាមៗ​ដូចជា​អន្ទាក់​

សូមអានជំពូកពេញលេញ លូកា 21