គម្ពីរសញ្ញាថ្មី

លូកា 20:41-47 Khmer Christian Bible (KCB)

41. ព្រះយេស៊ូ​មាន​បន្ទូល​សួរ​ពួកគេ​ថា៖​ «តើ​ដូចម្ដេច​បាន​ជា​ពួកគេ​និយាយ​ថា​ ព្រះគ្រិស្ដ​ជា​ពូជពង្ស​ដាវីឌ​ដូច្នេះ?​

42. ដ្បិត​ដាវីឌ​និយាយ​ក្នុង​គម្ពីរ​ទំនុក​តម្កើង​ថា​ ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​

43. រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ជា​កំណល់​ជើង​របស់​អ្នក។​

44. ដូច្នេះ​បើ​ដាវីឌ​ហៅ​ព្រះអង្គ​ថា​ជា​ព្រះអម្ចាស់​ តើ​ព្រះអង្គ​ជា​ពូជពង្ស​ដាវីឌ​យ៉ាង​ដូចម្ដេច​ទៅ?»​

45. ពេល​ប្រជាជន​ទាំង​អស់​កំពុង​ស្ដាប់​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​

46. «ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​វិន័យ​ដែល​ចូល​ចិត្ដ​ពាក់​អាវ​វែង​ ដើរ​ចុះ​ដើរ​ឡើង​ ឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំជន​ ហើយ​ចូល​ចិត្ដ​អង្គុយ​មុខគេ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​កន្លែង​កិត្ដិយស​ក្នុង​ពិធី​ជប់លៀង។​

47. ពួកគេ​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ ហើយ​ធ្វើ​ពុត​ជា​អធិស្ឋាន​យ៉ាង​យូរ​ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស​ធ្ងន់​ជាង​គេ»។​

សូមអានជំពូកពេញលេញ លូកា 20