គម្ពីរសញ្ញាថ្មី

លូកា 20:27-43 Khmer Christian Bible (KCB)

27. ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ខ្លះ​ ដែល​និយាយ​ជំទាស់​ថា​ គ្មាន​ការ​រស់​ឡើង​វិញ​ បាន​ចូល​មក​ជិត​សួរ​ព្រះអង្គ​ថា៖​

28. «លោក​គ្រូ​ លោក​ម៉ូសេ​បាន​សរសេរ​ទុក​សម្រាប់​យើង​ថា​ ប្រសិន​បើ​បងប្រុស​របស់​អ្នកណា​ម្នាក់​មាន​ប្រពន្ធ​ហើយ​ ប៉ុន្ដែ​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​សោះ​ នោះ​ប្អូន​របស់​គាត់​ត្រូវ​យក​ប្រពន្ធ​របស់​គាត់​ ដើម្បី​បង្កើត​កូន​ឲ្យ​គាត់​

29. ឥឡូវ​នេះ​ មាន​បងប្អូន​ប្រុស​ប្រាំពីរ​នាក់​ បងប្រុស​ច្បង​បាន​យក​ប្រពន្ធ​ ប៉ុន្ដែ​បាន​ស្លាប់​ទៅ​គ្មាន​កូន​សោះ​

30. ប្អូន​ប្រុស​ទី​ពីរ​

31. និង​ប្អូន​ប្រុស​ទី​បី​បាន​យក​នាង​ទៀត​ ហើយ​បង​ប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​នោះ​បាន​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​ដូច​គ្នា។​

32. នៅ​ទី​បំផុត​ ស្ដ្រី​នោះ​ក៏​ស្លាប់​ដែរ។​

33. ដូច្នេះ​នៅ​ពេល​រស់​ឡើង​វិញ​ តើ​នាង​ជា​ប្រពន្ធ​របស់​អ្នកណា​ក្នុង​ចំណោម​ពួកគេ?​ ដ្បិត​បងប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា»​

34. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពួក​កូន​ចៅ​នៃ​ជំនាន់​នេះ​រៀបការ​ជា​ប្ដី​ប្រពន្ធ​

35. ប៉ុន្ដែ​អស់​អ្នក​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ស័ក្តិសម​ទទួល​បាន​ចំណែក​នៃ​ជំនាន់​នោះ​ ព្រមទាំង​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​ គេ​មិន​រៀបការ​ជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ​

36. ព្រោះ​ពួកគេ​ដូច​ជា​ពួក​ទេវតា​ មិន​អាច​ស្លាប់​ទៀត​ឡើយ​ ជា​កូន​របស់​ព្រះជាម្ចាស់​ និង​ជា​កូន​នៃ​ការ​រស់​ឡើង​វិញ។​

37. សូម្បីតែ​លោក​ម៉ូសេ​ក៏​បាន​បង្ហាញ​នៅ​ត្រង់​គុម្ព​បន្លា​ដែរ​ ពី​ការ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ គឺ​ពេល​គាត់​ហៅ​ព្រះអម្ចាស់​ថា​ ព្រះ​របស់​អ័ប្រាហាំ​ ព្រះ​របស់​អ៊ីសាក​ និង​ព្រះ​របស់​យ៉ាកុប​

38. ដូច្នេះ​ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ ប៉ុន្ដែ​ជា​ព្រះ​របស់​មនុស្ស​រស់​ ព្រោះ​មនុស្ស​ទាំង​អស់​មាន​ជីវិត​ដោយសារ​ព្រះអង្គ»។​

39. ពួក​គ្រូ​វិន័យ​ខ្លះ​បាន​ឆ្លើយ​ថា៖​ «លោក​គ្រូ​ លោក​និយាយ​បាន​ល្អ​ណាស់»​

40. ហើយ​ពួកគេ​មិន​ហ៊ាន​សួរ​ព្រះអង្គ​អំពី​អ្វី​ទៀត​ឡើយ។​

41. ព្រះយេស៊ូ​មាន​បន្ទូល​សួរ​ពួកគេ​ថា៖​ «តើ​ដូចម្ដេច​បាន​ជា​ពួកគេ​និយាយ​ថា​ ព្រះគ្រិស្ដ​ជា​ពូជពង្ស​ដាវីឌ​ដូច្នេះ?​

42. ដ្បិត​ដាវីឌ​និយាយ​ក្នុង​គម្ពីរ​ទំនុក​តម្កើង​ថា​ ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​

43. រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ជា​កំណល់​ជើង​របស់​អ្នក។​

សូមអានជំពូកពេញលេញ លូកា 20