គម្ពីរសញ្ញាថ្មី

លូកា 2:7-15 Khmer Christian Bible (KCB)

7. ហើយ​នាង​សម្រាល​បាន​កូន​ប្រុស​ម្នាក់​ ជា​កូន​ច្បង​ រួច​បាន​រុំ​នឹង​សំពត់​ដាក់​ផ្ដេក​ក្នុង​ស្នូក​ ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួកគេ​ទេ។​

8. នៅ​ក្នុង​តំបន់​ជាមួយ​គ្នា​នោះ​ មាន​ពួក​អ្នក​គង្វាល​ចៀម​កំពុង​យាម​ចៀម​របស់​ពួកគេ​នៅ​កណ្ដាល​វាល​ទាំង​យប់។​

9. មាន​ទេវតា​មួយ​រូប​របស់​ព្រះអម្ចាស់​បាន​មក​ឈរ​ចំពោះ​មុខ​ពួកគេ​ ហើយ​សិរី​រុងរឿង​របស់​ព្រះអម្ចាស់​បាន​ចាំង​ចែង​ជុំ​វិញ​ពួកគេ ​ដូច្នេះ​ពួកគេ​ក៏​ភ័យ​ខ្លាច​ជាខ្លាំង​

10. ប៉ុន្ដែ​ទេវតា​នោះ​បាន​និយាយ​ទៅ​ពួកគេ​ថា៖​ «កុំ​ខ្លាច​អី!​ ដ្បិត​មើល៍​ ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់គ្នា​ ជា​សេចក្ដី​អំណរ​ដ៏​អស្ចារ្យ​ដែល​នឹង​មាន​ដល់​ប្រជាជន​ទាំងអស់​

11. ដ្បិត​ថ្ងៃ​នេះ​ ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ដែល​ជា​ព្រះគ្រិស្ដ​ដ៏​ជា​ព្រះអម្ចាស់​បាន​ប្រសូត​មក​ឯ​អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុង​របស់​ស្ដេច​ដាវីឌ​

12. ហើយ​នេះ​ជា​ទី​សំគាល់​សម្រាប់​អ្នក​រាល់គ្នា​ គឺ​អ្នក​រាល់គ្នា​នឹង​ឃើញ​បុត្រ​តូច​ដែល​គេ​រុំ​នឹង​សំពត់​ដាក់​ផ្ដេក​នៅ​ក្នុង​ស្នូក»។​

13. រំពេច​នោះ​មាន​ពល​ទេវតា​នៃ​ស្ថានសួគ៌​ច្រើន​កុះករ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ជាមួយ​ទេវតា​នោះ​ថា៖​

14. «សូម​ឲ្យ​ព្រះជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​ប្រកប​ដោយ​សិរី​រុងរឿង​ ហើយ​ក្ដី​សុខសាន្ដ​មាន​ដល់​អស់​អ្នក​នៅ​លើ​ផែនដី​ដែល​ព្រះអង្គ​គាប់​ព្រះហឫទ័យ»។​

15. កាល​ពួក​ទេវតា​បាន​ចាក​ចេញ​ពី​ពួកគេ​ទៅឯ​ស្ថានសួគ៌​វិញ​ ពួក​អ្នក​គង្វាល​ចៀម​ក៏​និយាយ​គ្នា​ថា៖​ «តោះ​យើង​ទៅ​ភូមិ​បេថ្លេហិម​ ហើយ​មើល​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នេះ​ ដែល​ព្រះអម្ចាស់​បាន​ប្រាប់​យើង​ឲ្យ​ដឹង»។​

សូមអានជំពូកពេញលេញ លូកា 2