គម្ពីរសញ្ញាថ្មី

លូកា 2:41-50 Khmer Christian Bible (KCB)

41. ជា​រៀង​រាល់​ឆ្នាំ​ ឪពុក​ម្ដាយ​របស់​កុមារ​យេស៊ូ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំលង។​

42. លុះ​ព្រះយេស៊ូ​មាន​អាយុ​ដប់​ពីរ​ឆ្នាំ​ ពួកគេ​ក៏​ឡើង​ទៅ​តាម​ទំនៀម​ទម្លាប់​នៃ​ពិធី​បុណ្យ។​

43. កាល​ថ្ងៃ​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ​ ពួកគេ​ក៏​វិល​ត្រលប់​ទៅ​វិញ ឯ​កុមារ​យេស៊ូ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​នៅ​ឡើយ​ ប៉ុន្ដែ​ឪពុកម្ដាយ​មិន​បាន​ដឹង​ទេ​

44. ព្រោះ​ស្មាន​ថា​ ព្រះអង្គ​កំពុង​នៅ​ក្នុង​ក្បួន​ធ្វើ​ដំណើរ។​ កាល​ពួកគេ​ធ្វើ​ដំណើរ​បាន​មួយ​ថ្ងៃ​ ពួកគេ​ក៏​តាម​រក​ព្រះអង្គ​ក្នុង​ចំណោម​សាច់ញាតិ​ និង​ពួក​អ្នក​ស្គាល់​គ្នា​

45. ប៉ុន្ដែ​ពេល​រក​មិន​ឃើញ ពួកគេ​ក៏​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដើម្បី​តាម​រក​ព្រះអង្គ។​

46. បី​ថ្ងៃ​ក្រោយមក​ ពួកគេ​បាន​រក​ឃើញ​ព្រះអង្គ​នៅ​ក្នុង​ព្រះវិហារ​កំពុង​អង្គុយ​ស្ដាប់​ និង​សួរ​សំណួរ​នៅ​កណ្ដាល​ចំណោម​ពួក​គ្រូ។​

47. អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះអង្គ​បាន​នឹក​អស្ចារ្យ​ពី​តម្រិះ​ប្រាជ្ញា​ និង​ចម្លើយ​របស់​ព្រះអង្គ។​

48. កាល​ឪពុក​ម្ដាយបាន​ជួប​ព្រះអង្គ​ហើយ​ ក៏​ភាំង​ស្មារតី​ រួច​ម្ដាយ​សួរ​ថា៖​ «កូន​អើយ!​ ហេតុអ្វី​បាន​ជា​កូន​ធ្វើ​យ៉ាង​ដូច្នេះ​ចំពោះ​ឪពុក​ម្ដាយ​ មើល៍​ ម្ដាយ​ និង​ឪពុក​របស់​កូន​បាន​តាម​រក​កូន​ទាំង​ព្រួយ​ចិត្ដ»។​

49. ប៉ុន្ដែ​ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ឪពុក​ម្ដាយ​ថា៖​ «ហេតុអ្វី​បាន​ជា​ពុក​ម៉ែ​តាម​រក​ខ្ញុំ​ដូច្នេះ​ តើ​ពុក​ម៉ែ​មិន​ដឹង​ទេ​ឬ​ថា​ ខ្ញុំ​ត្រូវ​នៅ​ជាប់​ក្នុង​កិច្ចការ​នៃ​ព្រះវរបិតា​របស់​ខ្ញុំ?»។​

50. ពួកគេ​មិន​យល់​ពាក្យ​សំដី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ទេ។​

សូមអានជំពូកពេញលេញ លូកា 2