គម្ពីរសញ្ញាថ្មី

លូកា 2:4-13 Khmer Christian Bible (KCB)

4. ឯ​លោក​យ៉ូសែប​វិញ​ ក៏​ចេញ​ពី​ក្រុង​ណាសារ៉ែត​ក្នុង​ស្រុក​កាលីឡេ​ឆ្ពោះ​ទៅ​ភូមិ​មួយ​ជា​ក្រុង​របស់​ស្ដេច​ដាវីឌ​ក្នុង​ស្រុក​យូដា​ ឈ្មោះ​បេថ្លេហិម​ ព្រោះ​គាត់​ជា​សាច់​ឈាម​ និង​ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​

5. ដើម្បី​ចុះ​ឈ្មោះ​ជាមួយ​នាង​ម៉ារា​ ជា​គូ​ដណ្ដឹង​របស់​គាត់​ដែល​កំពុង​មាន​ផ្ទៃពោះ។​

6. ខណៈ​ពេល​ដែល​ពួកគេ​នៅ​ទីនោះ​ ក៏​ដល់​ពេល​នាង​គ្រប់​ខែ​សម្រាល​កូន​

7. ហើយ​នាង​សម្រាល​បាន​កូន​ប្រុស​ម្នាក់​ ជា​កូន​ច្បង​ រួច​បាន​រុំ​នឹង​សំពត់​ដាក់​ផ្ដេក​ក្នុង​ស្នូក​ ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួកគេ​ទេ។​

8. នៅ​ក្នុង​តំបន់​ជាមួយ​គ្នា​នោះ​ មាន​ពួក​អ្នក​គង្វាល​ចៀម​កំពុង​យាម​ចៀម​របស់​ពួកគេ​នៅ​កណ្ដាល​វាល​ទាំង​យប់។​

9. មាន​ទេវតា​មួយ​រូប​របស់​ព្រះអម្ចាស់​បាន​មក​ឈរ​ចំពោះ​មុខ​ពួកគេ​ ហើយ​សិរី​រុងរឿង​របស់​ព្រះអម្ចាស់​បាន​ចាំង​ចែង​ជុំ​វិញ​ពួកគេ ​ដូច្នេះ​ពួកគេ​ក៏​ភ័យ​ខ្លាច​ជាខ្លាំង​

10. ប៉ុន្ដែ​ទេវតា​នោះ​បាន​និយាយ​ទៅ​ពួកគេ​ថា៖​ «កុំ​ខ្លាច​អី!​ ដ្បិត​មើល៍​ ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់គ្នា​ ជា​សេចក្ដី​អំណរ​ដ៏​អស្ចារ្យ​ដែល​នឹង​មាន​ដល់​ប្រជាជន​ទាំងអស់​

11. ដ្បិត​ថ្ងៃ​នេះ​ ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ដែល​ជា​ព្រះគ្រិស្ដ​ដ៏​ជា​ព្រះអម្ចាស់​បាន​ប្រសូត​មក​ឯ​អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុង​របស់​ស្ដេច​ដាវីឌ​

12. ហើយ​នេះ​ជា​ទី​សំគាល់​សម្រាប់​អ្នក​រាល់គ្នា​ គឺ​អ្នក​រាល់គ្នា​នឹង​ឃើញ​បុត្រ​តូច​ដែល​គេ​រុំ​នឹង​សំពត់​ដាក់​ផ្ដេក​នៅ​ក្នុង​ស្នូក»។​

13. រំពេច​នោះ​មាន​ពល​ទេវតា​នៃ​ស្ថានសួគ៌​ច្រើន​កុះករ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ជាមួយ​ទេវតា​នោះ​ថា៖​

សូមអានជំពូកពេញលេញ លូកា 2