គម្ពីរសញ្ញាថ្មី

លូកា 2:37-48 Khmer Christian Bible (KCB)

37. រួច​គាត់​ក៏​នៅ​មេម៉ាយ​រហូត​ដល់​អាយុ​ប៉ែត​សិប​បួន​ឆ្នាំ​ គាត់​មិន​ដែល​ចាក​ចេញ​ពី​ព្រះវិហារ​ឡើយ​ ហើយ​គាត់​បម្រើ​ព្រះជាម្ចាស់​ទាំង​យប់​ទាំង​ថ្ងៃ​ ទាំង​តម​អាហារ​ និង​អធិស្ឋាន​ផង។​

38. នៅ​វេលា​នោះ​ គាត់​បាន​មក​ក្បែរ​ ហើយ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ និង​បាន​ប្រកាស​ប្រាប់​អំពី​ព្រះអង្គ​ដល់​អស់​អ្នក​ដែល​កំពុង​ទន្ទឹង​រង់ចាំ​សេចក្តី​ប្រោសលោះ​របស់​ក្រុង​យេរូសាឡិម។​

39. កាល​ធ្វើ​តាម​គម្ពីរ​វិន័យ​របស់​ព្រះអម្ចាស់​សព្វ​គ្រប់​ហើយ​ ពួកគេ​ក៏​វិល​ត្រលប់​ទៅ​ស្រុក​កាលីឡេ​វិញ​ គឺ​ឆ្ពោះ​ទៅ​ក្រុង​ណាសារ៉ែត​ជា​ក្រុង​របស់​ពួកគេ។​

40. កុមារ​យេស៊ូ​បាន​ចម្រើន​វ័យ​ឡើង​ ទាំង​មាន​កម្លាំង​មាំមួន​ពោរ​ពេញ​ដោយ​ប្រាជ្ញា​ឈ្លាសវៃ​ ហើយ​ព្រះគុណ​របស់​ព្រះជាម្ចាស់​បាន​សណ្ឋិត​លើ​កុមារ​នោះ។​

41. ជា​រៀង​រាល់​ឆ្នាំ​ ឪពុក​ម្ដាយ​របស់​កុមារ​យេស៊ូ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំលង។​

42. លុះ​ព្រះយេស៊ូ​មាន​អាយុ​ដប់​ពីរ​ឆ្នាំ​ ពួកគេ​ក៏​ឡើង​ទៅ​តាម​ទំនៀម​ទម្លាប់​នៃ​ពិធី​បុណ្យ។​

43. កាល​ថ្ងៃ​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ​ ពួកគេ​ក៏​វិល​ត្រលប់​ទៅ​វិញ ឯ​កុមារ​យេស៊ូ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​នៅ​ឡើយ​ ប៉ុន្ដែ​ឪពុកម្ដាយ​មិន​បាន​ដឹង​ទេ​

44. ព្រោះ​ស្មាន​ថា​ ព្រះអង្គ​កំពុង​នៅ​ក្នុង​ក្បួន​ធ្វើ​ដំណើរ។​ កាល​ពួកគេ​ធ្វើ​ដំណើរ​បាន​មួយ​ថ្ងៃ​ ពួកគេ​ក៏​តាម​រក​ព្រះអង្គ​ក្នុង​ចំណោម​សាច់ញាតិ​ និង​ពួក​អ្នក​ស្គាល់​គ្នា​

45. ប៉ុន្ដែ​ពេល​រក​មិន​ឃើញ ពួកគេ​ក៏​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដើម្បី​តាម​រក​ព្រះអង្គ។​

46. បី​ថ្ងៃ​ក្រោយមក​ ពួកគេ​បាន​រក​ឃើញ​ព្រះអង្គ​នៅ​ក្នុង​ព្រះវិហារ​កំពុង​អង្គុយ​ស្ដាប់​ និង​សួរ​សំណួរ​នៅ​កណ្ដាល​ចំណោម​ពួក​គ្រូ។​

47. អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះអង្គ​បាន​នឹក​អស្ចារ្យ​ពី​តម្រិះ​ប្រាជ្ញា​ និង​ចម្លើយ​របស់​ព្រះអង្គ។​

48. កាល​ឪពុក​ម្ដាយបាន​ជួប​ព្រះអង្គ​ហើយ​ ក៏​ភាំង​ស្មារតី​ រួច​ម្ដាយ​សួរ​ថា៖​ «កូន​អើយ!​ ហេតុអ្វី​បាន​ជា​កូន​ធ្វើ​យ៉ាង​ដូច្នេះ​ចំពោះ​ឪពុក​ម្ដាយ​ មើល៍​ ម្ដាយ​ និង​ឪពុក​របស់​កូន​បាន​តាម​រក​កូន​ទាំង​ព្រួយ​ចិត្ដ»។​

សូមអានជំពូកពេញលេញ លូកា 2