គម្ពីរសញ្ញាថ្មី

លូកា 2:27-45 Khmer Christian Bible (KCB)

27. ព្រះវិញ្ញាណ​បាន​នាំ​គាត់​ចូល​មក​ក្នុង​ព្រះវិហារ​ ពេល​ដែល​ឪពុក​ម្ដាយ​បាន​នាំ​បុត្រ​តូច​យេស៊ូ​ចូល​មក​ក្នុង​ ដើម្បី​ធ្វើ​តាម​ទំនៀម​ទម្លាប់​ក្នុង​គម្ពីរ​វិន័យ​សម្រាប់​បុត្រ​តូច។​

28. លោក​ស៊ីម្មាន​បាន​ទទួល​យក​បុត្រ​តូច​នោះ​មក​បី​នៅ​ក្នុង​ដៃ​ ហើយ​គាត់​បាន​ថ្វាយ​ព្រះពរ​ព្រះជាម្ចាស់​ដោយ​និយាយ​ថា៖​

29. «ឱ​ព្រះអម្ចាស់​អើយ!​ សូម​ដក​យក​បាវបម្រើ​របស់​ព្រះអង្គ​ទៅ​ក្នុង​សេចក្ដី​សុខសាន្ដ​នៅ​ពេល​ឥឡូវ​នេះ​ តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ចុះ។​

30. ដ្បិត​ភ្នែក​របស់​ខ្ញុំបាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះអង្គ​

31. ដែល​ព្រះអង្គ​បាន​ផ្ដល់​ឲ្យ​នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​អស់​

32. គឺ​ជា​ពន្លឺ​សម្រាប់​បំភ្លឺ​សាសន៍​ដទៃ​ និង​សិរី​រុងរឿង​ដល់​អ៊ីស្រាអែល​ ដែល​ជា​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ»។​

33. ឪពុក​ម្ដាយ​របស់​បុត្រ​តូច​នឹក​អស្ចារ្យ​ពី​សេចក្ដី​ទាំងឡាយ​ដែល​បាន​ពោល​អំពី​ព្រះអង្គ។​

34. លោក​ស៊ីម្មាន​បាន​ឲ្យ​ពរ​ពួកគេ​ និង​បាន​និយាយ​ទៅ​នាង​ម៉ារា​ ជា​ម្ដាយ​ថា៖​ «មើល៍​ កូន​នេះ​ត្រូវ​បាន​កំណត់​សម្រាប់​ការ​ជំពប់​ដួល​ និង​ការ​ងើប​ឡើង​របស់​មនុស្ស​ជាច្រើន​នៅ​អ៊ីស្រាអែល​ ហើយ​ជា​ទីសំគាល់​ដែល​ត្រូវ​គេ​ប្រឆាំង​

35. ឯ​អ្នក​វិញ​ នឹង​មាន​ដាវ​មួយ​ចាក់​ទម្លុះ​ព្រលឹង​របស់​អ្នក​ ដើម្បី​ឲ្យ​ចិត្ដ​គំនិត​របស់​មនុស្ស​ជាច្រើន​បាន​សំដែង​ចេញ​ពី​ខាង​ក្នុង​មក»។​

36. មាន​អ្នក​នាំ​ព្រះបន្ទូល​ស្រី​ម្នាក់​ឈ្មោះ​អាណ​ ជា​កូន​ស្រី​របស់​លោក​ផាញូអែល​មកពី​កុល​សម្ព័ន្ធ​អេស៊ើរ។​ ស្ដ្រី​ម្នាក់​នេះ​មាន​វ័យ​ចាស់​ជរា​ទៅ​ហើយ​ ក្រោយពី​វ័យ​ក្រមុំ​របស់​គាត់​ គាត់​បាន​រស់នៅ​ជាមួយ​ប្ដី​បាន​ប្រាំ​ពីរ​ឆ្នាំ​

37. រួច​គាត់​ក៏​នៅ​មេម៉ាយ​រហូត​ដល់​អាយុ​ប៉ែត​សិប​បួន​ឆ្នាំ​ គាត់​មិន​ដែល​ចាក​ចេញ​ពី​ព្រះវិហារ​ឡើយ​ ហើយ​គាត់​បម្រើ​ព្រះជាម្ចាស់​ទាំង​យប់​ទាំង​ថ្ងៃ​ ទាំង​តម​អាហារ​ និង​អធិស្ឋាន​ផង។​

38. នៅ​វេលា​នោះ​ គាត់​បាន​មក​ក្បែរ​ ហើយ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ និង​បាន​ប្រកាស​ប្រាប់​អំពី​ព្រះអង្គ​ដល់​អស់​អ្នក​ដែល​កំពុង​ទន្ទឹង​រង់ចាំ​សេចក្តី​ប្រោសលោះ​របស់​ក្រុង​យេរូសាឡិម។​

39. កាល​ធ្វើ​តាម​គម្ពីរ​វិន័យ​របស់​ព្រះអម្ចាស់​សព្វ​គ្រប់​ហើយ​ ពួកគេ​ក៏​វិល​ត្រលប់​ទៅ​ស្រុក​កាលីឡេ​វិញ​ គឺ​ឆ្ពោះ​ទៅ​ក្រុង​ណាសារ៉ែត​ជា​ក្រុង​របស់​ពួកគេ។​

40. កុមារ​យេស៊ូ​បាន​ចម្រើន​វ័យ​ឡើង​ ទាំង​មាន​កម្លាំង​មាំមួន​ពោរ​ពេញ​ដោយ​ប្រាជ្ញា​ឈ្លាសវៃ​ ហើយ​ព្រះគុណ​របស់​ព្រះជាម្ចាស់​បាន​សណ្ឋិត​លើ​កុមារ​នោះ។​

41. ជា​រៀង​រាល់​ឆ្នាំ​ ឪពុក​ម្ដាយ​របស់​កុមារ​យេស៊ូ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំលង។​

42. លុះ​ព្រះយេស៊ូ​មាន​អាយុ​ដប់​ពីរ​ឆ្នាំ​ ពួកគេ​ក៏​ឡើង​ទៅ​តាម​ទំនៀម​ទម្លាប់​នៃ​ពិធី​បុណ្យ។​

43. កាល​ថ្ងៃ​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ​ ពួកគេ​ក៏​វិល​ត្រលប់​ទៅ​វិញ ឯ​កុមារ​យេស៊ូ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​នៅ​ឡើយ​ ប៉ុន្ដែ​ឪពុកម្ដាយ​មិន​បាន​ដឹង​ទេ​

44. ព្រោះ​ស្មាន​ថា​ ព្រះអង្គ​កំពុង​នៅ​ក្នុង​ក្បួន​ធ្វើ​ដំណើរ។​ កាល​ពួកគេ​ធ្វើ​ដំណើរ​បាន​មួយ​ថ្ងៃ​ ពួកគេ​ក៏​តាម​រក​ព្រះអង្គ​ក្នុង​ចំណោម​សាច់ញាតិ​ និង​ពួក​អ្នក​ស្គាល់​គ្នា​

45. ប៉ុន្ដែ​ពេល​រក​មិន​ឃើញ ពួកគេ​ក៏​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដើម្បី​តាម​រក​ព្រះអង្គ។​

សូមអានជំពូកពេញលេញ លូកា 2