គម្ពីរសញ្ញាថ្មី

លូកា 2:20-37 Khmer Christian Bible (KCB)

20. ពួក​អ្នក​គង្វាល​ចៀម​បាន​វិល​ទៅ​វិញ​ ទាំង​ថ្វាយ​សិរី​រុងរឿង​ និង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ចំពោះ​ការ​ទាំង​អស់​ដែល​ពួកគេ​បាន​ឮ និង​បាន​ឃើញ​ដូច​ដែល​ទេវតា​បាន​ប្រាប់​ពួកគេ។​

21. លុះ​គ្រប់​ប្រាំបី​ថ្ងៃ​សម្រាប់​ធ្វើ​ពិធី​កាត់​ស្បែក​បុត្រ​តូច​ គេ​បាន​ដាក់​ឈ្មោះ​បុត្រ​តូច​នោះ​ថា​ យេស៊ូ​ ជា​ឈ្មោះ​ដែល​ទេវតា​បាន​ដាក់​ឲ្យ​មុន​ពេល​មាន​កំណើត​ក្នុង​ផ្ទៃ។​

22. ដល់​ពេល​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ទៅ​តាម​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​ ពួកគេ​ក៏​នាំ​យក​បុត្រ​តូច​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ថ្វាយ​ដល់​ព្រះជាម្ចាស់​

23. គឺ​ដូច​ដែល​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​របស់​ព្រះអម្ចាស់​ថា​ គ្រប់​កូន​ប្រុស​ដែល​កើត​ពី​ផ្ទៃ​មុន​ដំបូង​នឹង​ត្រូវ​រាប់​ជា​បរិសុទ្ធ​សម្រាប់​ព្រះអម្ចាស់​

24. ហើយ​តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​របស់​ព្រះអម្ចាស់​ គឺ​ត្រូវ​ថ្វាយ​លលក​មួយ​គូ​ ឬ​ព្រាប​ជំទើរ​ពីរ​ជា​យញ្ញ​បូជា។​

25. មើល៍​ នៅ​ក្រុង​យេរូសាឡិម​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ ជា​មនុស្ស​សុចរិត​ ហើយ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ គាត់​កំពុង​រង់ចាំ​ការ​សម្រាល​ទុក្ខ​សម្រាប់​អ៊ីស្រាអែល​ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​សណ្ឋិត​លើ​គាត់។​

26. ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បើក​សំដែង​ឲ្យ​គាត់​ដឹង​ថា​ គាត់​នឹង​មិន​ជួប​សេចក្ដី​ស្លាប់​ឡើយ​ មុន​ពេល​បាន​ឃើញ​ព្រះគ្រិស្ដ​របស់​ព្រះអម្ចាស់។​

27. ព្រះវិញ្ញាណ​បាន​នាំ​គាត់​ចូល​មក​ក្នុង​ព្រះវិហារ​ ពេល​ដែល​ឪពុក​ម្ដាយ​បាន​នាំ​បុត្រ​តូច​យេស៊ូ​ចូល​មក​ក្នុង​ ដើម្បី​ធ្វើ​តាម​ទំនៀម​ទម្លាប់​ក្នុង​គម្ពីរ​វិន័យ​សម្រាប់​បុត្រ​តូច។​

28. លោក​ស៊ីម្មាន​បាន​ទទួល​យក​បុត្រ​តូច​នោះ​មក​បី​នៅ​ក្នុង​ដៃ​ ហើយ​គាត់​បាន​ថ្វាយ​ព្រះពរ​ព្រះជាម្ចាស់​ដោយ​និយាយ​ថា៖​

29. «ឱ​ព្រះអម្ចាស់​អើយ!​ សូម​ដក​យក​បាវបម្រើ​របស់​ព្រះអង្គ​ទៅ​ក្នុង​សេចក្ដី​សុខសាន្ដ​នៅ​ពេល​ឥឡូវ​នេះ​ តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ចុះ។​

30. ដ្បិត​ភ្នែក​របស់​ខ្ញុំបាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះអង្គ​

31. ដែល​ព្រះអង្គ​បាន​ផ្ដល់​ឲ្យ​នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​អស់​

32. គឺ​ជា​ពន្លឺ​សម្រាប់​បំភ្លឺ​សាសន៍​ដទៃ​ និង​សិរី​រុងរឿង​ដល់​អ៊ីស្រាអែល​ ដែល​ជា​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ»។​

33. ឪពុក​ម្ដាយ​របស់​បុត្រ​តូច​នឹក​អស្ចារ្យ​ពី​សេចក្ដី​ទាំងឡាយ​ដែល​បាន​ពោល​អំពី​ព្រះអង្គ។​

34. លោក​ស៊ីម្មាន​បាន​ឲ្យ​ពរ​ពួកគេ​ និង​បាន​និយាយ​ទៅ​នាង​ម៉ារា​ ជា​ម្ដាយ​ថា៖​ «មើល៍​ កូន​នេះ​ត្រូវ​បាន​កំណត់​សម្រាប់​ការ​ជំពប់​ដួល​ និង​ការ​ងើប​ឡើង​របស់​មនុស្ស​ជាច្រើន​នៅ​អ៊ីស្រាអែល​ ហើយ​ជា​ទីសំគាល់​ដែល​ត្រូវ​គេ​ប្រឆាំង​

35. ឯ​អ្នក​វិញ​ នឹង​មាន​ដាវ​មួយ​ចាក់​ទម្លុះ​ព្រលឹង​របស់​អ្នក​ ដើម្បី​ឲ្យ​ចិត្ដ​គំនិត​របស់​មនុស្ស​ជាច្រើន​បាន​សំដែង​ចេញ​ពី​ខាង​ក្នុង​មក»។​

36. មាន​អ្នក​នាំ​ព្រះបន្ទូល​ស្រី​ម្នាក់​ឈ្មោះ​អាណ​ ជា​កូន​ស្រី​របស់​លោក​ផាញូអែល​មកពី​កុល​សម្ព័ន្ធ​អេស៊ើរ។​ ស្ដ្រី​ម្នាក់​នេះ​មាន​វ័យ​ចាស់​ជរា​ទៅ​ហើយ​ ក្រោយពី​វ័យ​ក្រមុំ​របស់​គាត់​ គាត់​បាន​រស់នៅ​ជាមួយ​ប្ដី​បាន​ប្រាំ​ពីរ​ឆ្នាំ​

37. រួច​គាត់​ក៏​នៅ​មេម៉ាយ​រហូត​ដល់​អាយុ​ប៉ែត​សិប​បួន​ឆ្នាំ​ គាត់​មិន​ដែល​ចាក​ចេញ​ពី​ព្រះវិហារ​ឡើយ​ ហើយ​គាត់​បម្រើ​ព្រះជាម្ចាស់​ទាំង​យប់​ទាំង​ថ្ងៃ​ ទាំង​តម​អាហារ​ និង​អធិស្ឋាន​ផង។​

សូមអានជំពូកពេញលេញ លូកា 2