8. លោកសាខេក៏ក្រោកឈរទូលទៅព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំចែកទ្រព្យសម្បត្ដិពាក់កណ្ដាលរបស់ខ្ញុំដល់អ្នកក្រីក្រ ហើយបើខ្ញុំកេងបន្លំអ្វីមួយពីអ្នកណាម្នាក់ ខ្ញុំនឹងសងវិញមួយជាបួនដង»។
9. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ព្រោះគាត់ក៏ជាពូជពង្សរបស់លោកអ័ប្រាហាំដែរ
10. ដ្បិតកូនមនុស្សបានមករក និងសង្គ្រោះអ្នកដែលវង្វេង»។
11. កាលពួកគេកំពុងស្ដាប់សេចក្ដីទាំងនេះ ព្រះអង្គមានបន្ទូលបន្ថែមជារឿងប្រៀបប្រដូចមួយទៀត ព្រោះតែព្រះអង្គកំពុងនៅជិតក្រុងយេរូសាឡិម រួចពួកគេស្មានថានគរព្រះជាម្ចាស់នឹងលេចមកភ្លាមៗ
12. គឺព្រះអង្គមានបន្ទូលថា៖ «មានបុរសត្រកូលខ្ពង់ខ្ពស់ម្នាក់ត្រូវធ្វើដំណើរទៅស្រុកឆ្ងាយ ដើម្បីទទួលយកនគរមួយសម្រាប់គាត់ រួចត្រូវត្រលប់មកវិញ
13. កាលបានហៅបាវបម្រើទាំងដប់នាក់របស់គាត់មកហើយ គាត់ក៏ឲ្យបា្រក់ដល់ពួកគេដប់មីណា និងបានប្រាប់ថា ចូរប្រកបរបររកស៊ីរហូតដល់ខ្ញុំមកវិញ។
14. ប៉ុន្ដែជនជាតិរបស់គាត់ស្អប់គាត់ ក៏ចាត់តំណាងឲ្យទៅតាមក្រោយគាត់ដើម្បីប្រាប់ថា យើងមិនចង់ឲ្យម្នាក់នេះគ្រប់គ្រងលើយើងទេ។
15. កាលទទួលនគរនោះហើយ គាត់ក៏ត្រលប់មកវិញ ហើយប្រាប់ឲ្យគេហៅបាវបម្រើទាំងនោះមក ជាពួកអ្នកដែលគាត់បានឲ្យប្រាក់ ដើម្បីឲ្យគាត់ដឹងថា ពួកគេរកស៊ីចំណេញបានអ្វីខ្លះ។
16. អ្នកទីមួយចូលមកប្រាប់ថា លោកម្ចាស់អើយ! មួយមីណារបស់លោកចំណេញបានដប់មីណា។
17. គាត់ក៏ប្រាប់បាវបម្រើនោះថា ប្រសើរណាស់បាវបម្រើដ៏ល្អអើយ! ដោយព្រោះអ្នកស្មោះត្រង់ក្នុងកិច្ចការតូចតាច ចូរអ្នកមានសិទ្ធិអំណាចគ្រប់គ្រងដប់ក្រុងចុះ។
18. អ្នកទីពីរចូលមកប្រាប់ថា លោកម្ចាស់អើយ! មួយមីណារបស់លោកចំណេញបានប្រាំមីណា។
19. គាត់ប្រាប់បាវបម្រើនោះដែរថា ចូរអ្នកគ្រប់គ្រងប្រាំក្រុងចុះ។