35. ពួកគេក៏បានដឹកកូនលានោះមកឯព្រះយេស៊ូ រួចក៏ក្រាលអាវរបស់ពួកគេលើខ្នងវា និងបានបញ្ជិះព្រះយេស៊ូលើនោះ។
36. ពេលព្រះអង្គកំពុងយាងទៅ ពួកគេក៏ក្រាលអាវរបស់ខ្លួននៅលើផ្លូវ។
37. កាលព្រះអង្គមកដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សច្រើនកុះករចាប់ផ្ដើមអរសប្បាយទាំងអស់គ្នា ព្រមទាំងសរសើរតម្កើងព្រះជាម្ចាស់ដោយសំឡេងឮៗអំពីការអស្ចារ្យទាំងអស់ដែលពួកគេបានឃើញ
38. ថា៖ «សូមថ្វាយព្រះពរដល់ស្ដេចមួយអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ចូរមានសេចក្ដីសុខសាន្ដនៅស្ថានសួគ៌ និងសិរីរុងរឿងនៅស្ថានដ៏ខ្ពស់បំផុត»។
39. ពួកអ្នកខាងគណៈផារិស៊ីខ្លះបានទូលពីក្នុងចំណោមបណ្ដាជនទៅព្រះអង្គថា៖ «លោកគ្រូអើយ! សូមស្ដីឲ្យពួកសិស្សរបស់លោកផង»
40. ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀមស្ងាត់ នោះថ្មនឹងស្រែកឡើង»។
41. នៅពេលព្រះអង្គយាងមកជិតដល់ក្រុងយេរូសាឡិម ពេលព្រះអង្គមើលឃើញក្រុង ក៏យំស្រណោះក្រុងនោះ
42. ថា៖ «បើអ្នក គឺអ្នកហ្នឹងហើយ គួរតែស្គាល់សេចក្ដីដែលធ្វើឲ្យមានសេចក្ដីសុខសាន្ដនៅថ្ងៃនេះ! ប៉ុន្ដែពេលនេះសេចក្ដីនោះបានលាក់កំបាំងពីភ្នែករបស់អ្នកទៅហើយ
43. ដ្បិតនឹងមានថ្ងៃធ្លាក់មកលើអ្នក គឺនៅពេលនោះ ពួកសត្រូវរបស់អ្នកសង់របងចម្រឹងព័ទ្ធជុំវិញអ្នក ហើយស្ទាក់អ្នកគ្រប់ទិសទាំងអស់
44. ពួកគេនឹងកម្ទេចអ្នករាបដល់ដី ព្រមជាមួយនឹងកូនចៅរបស់អ្នកដែលនៅក្នុងអ្នកផង ពួកគេក៏មិនទុកឲ្យថ្មមួយដុំត្រួតលើគ្នានៅក្នុងអ្នកដែរ ព្រោះអ្នកពុំបានដឹងពីពេលវេលានៃការយាងមកប្រោសអ្នកសោះ»។
45. ពេលព្រះអង្គយាងចូលទៅក្នុងព្រះវិហារ ក៏ចាប់ផ្ដើមបណ្ដេញពួកអ្នកកំពុងលក់ដូរ
46. ដោយមានបន្ទូលទៅពួកគេថា៖ «មានសេចក្ដីបានចែងទុកមកថា ដំណាក់របស់យើងជាដំណាក់នៃការអធិស្ឋាន ប៉ុន្ដែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជាសំបុកចោរទៅវិញ»