គម្ពីរសញ្ញាថ្មី

លូកា 19:33-48 Khmer Christian Bible (KCB)

33. ពេល​កំពុង​ស្រាយ​កូន​លា​ ម្ចាស់​របស់​វា​សួរ​ពួកគេ​ថា៖​ «ហេតុ​អ្វី​ពួក​អ្នក​ស្រាយ​វា​ដូច្នេះ?»​

34. ពួកគេ​ក៏​ឆ្លើយ​ថា៖​ «ព្រះអម្ចាស់​ត្រូវការ​វា»។​

35. ពួកគេ​ក៏​បាន​ដឹក​កូន​លា​នោះ​មក​ឯ​ព្រះយេស៊ូ​ រួច​ក៏​ក្រាល​អាវ​របស់​ពួកគេ​លើ​ខ្នង​វា​ និង​បាន​បញ្ជិះ​ព្រះយេស៊ូ​លើ​នោះ។​

36. ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​ ពួកគេ​ក៏​ក្រាល​អាវ​របស់​ខ្លួន​នៅ​លើ​ផ្លូវ​។​

37. កាល​ព្រះអង្គ​មក​ដល់​ត្រង់​ផ្លូវ​ចុះ​ពី​ភ្នំ​ដើម​អូលីវ​ ពួក​សិស្ស​ច្រើន​កុះករ​ចាប់​ផ្ដើម​អរ​សប្បាយ​ទាំង​អស់​គ្នា​ ព្រម​ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​សំឡេង​ឮៗ​អំពី​ការ​អស្ចារ្យ​ទាំង​អស់​ដែល​ពួកគេ​បាន​ឃើញ​

38. ថា៖​ «សូម​ថ្វាយ​ព្រះពរ​ដល់​ស្ដេច​មួយ​អង្គ​ ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ ចូរ​មាន​សេចក្ដី​សុខសាន្ដ​នៅ​ស្ថានសួគ៌​ និង​សិរី​រុង​រឿង​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត»។​

39. ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ​បាន​ទូល​ពី​ក្នុង​ចំណោម​បណ្ដាជន​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​អើយ!​ សូម​ស្ដី​ឲ្យ​ពួក​សិស្ស​របស់​លោក​ផង»​

40. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ប្រសិន​បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម​ស្ងាត់​ នោះ​ថ្ម​នឹង​ស្រែក​ឡើង»។​

41. នៅ​ពេល​ព្រះអង្គ​យាង​មក​ជិត​ដល់​ក្រុង​យេរូសាឡិម​ ពេល​ព្រះអង្គ​មើល​ឃើញ​ក្រុង​ ក៏​យំ​ស្រណោះ​ក្រុង​នោះ​

42. ថា៖​ «បើ​អ្នក​ គឺ​អ្នក​ហ្នឹង​ហើយ​ គួរ​តែ​ស្គាល់​សេចក្ដី​ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខសាន្ដ​នៅ​ថ្ងៃ​នេះ!​ ប៉ុន្ដែ​ពេល​នេះ​សេចក្ដី​នោះ​បាន​លាក់​កំបាំង​ពី​ភ្នែក​របស់​អ្នក​ទៅ​ហើយ​

43. ដ្បិត​នឹង​មាន​ថ្ងៃ​ធ្លាក់​មក​លើ​អ្នក​ គឺ​នៅ​ពេល​នោះ​ ពួក​សត្រូវ​របស់​អ្នក​សង់​របង​ចម្រឹង​ព័ទ្ធ​ជុំ​វិញ​អ្នក​ ហើយ​ស្ទាក់​អ្នក​គ្រប់​ទិស​ទាំង​អស់​

44. ពួកគេ​នឹង​កម្ទេច​អ្នក​រាប​ដល់​ដី​ ព្រម​ជាមួយ​នឹង​កូន​ចៅ​របស់​អ្នក​ដែល​នៅ​ក្នុង​អ្នក​ផង​ ពួកគេ​ក៏​មិន​ទុក​ឲ្យ​ថ្ម​មួយ​ដុំ​ត្រួត​លើ​គ្នា​នៅ​ក្នុង​អ្នក​ដែរ​ ព្រោះ​អ្នក​ពុំ​បាន​ដឹង​ពី​ពេល​វេលា​នៃ​ការ​យាង​មក​ប្រោស​អ្នក​សោះ»។​

45. ពេល​ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​ព្រះវិហារ​ ក៏​ចាប់​ផ្ដើម​បណ្ដេញ​ពួក​អ្នក​កំពុង​លក់​ដូរ​

46. ដោយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មាន​សេចក្ដី​បាន​ចែង​ទុក​មក​ថា​ ដំណាក់​របស់​យើង​ជា​ដំណាក់​នៃ​ការ​អធិស្ឋាន​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បាន​ធ្វើ​ឲ្យ​ដំណាក់​នេះ​ក្លាយជា​សំបុក​ចោរ​ទៅ​វិញ»​

47. រួច​ព្រះអង្គ​ក៏​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​រាល់​ថ្ងៃ​ រីឯ​ពួក​សម្ដេច​សង្ឃ​ ពួក​គ្រូ​វិន័យ​ និង​ពួក​មេ​ដឹកនាំ​ប្រជាជន​វិញ​ កំពុង​រក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​

48. ប៉ុន្ដែ​ពួកគេ​រក​មិន​ឃើញ​មធ្យោបាយ​ណា​មួយ​ដែល​អាច​ឲ្យ​ពួកគេ​ធ្វើ​បាន​សោះ​ ព្រោះ​ប្រជាជន​ទាំង​អស់​កំពុង​ជក់​ចិត្ដ​ស្ដាប់​ព្រះអង្គ។​

សូមអានជំពូកពេញលេញ លូកា 19