គម្ពីរសញ្ញាថ្មី

លូកា 19:29-41 Khmer Christian Bible (KCB)

29. ហើយ​ពេល​មក​ជិត​ដល់​ក្រុង​បេតផាសេ​ និង​ក្រុង​បេថានី​ក្បែរ​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​ដើម​អូលីវ​ ព្រះអង្គ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ​

30. ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​ទៅ​ក្នុង​ភូមិ​នៅ​ទល់​មុខ​នោះ​ ពេល​អ្នក​ចូល​ទៅ​ដល់​ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក មិន​ទាន់​មាន​មនុស្ស​ណា​ជិះ​នៅ​ឡើយ​ ចូរ​ស្រាយ​ ហើយ​នាំ​វា​មក។​

31. ប្រសិន​បើ​មាន​អ្នកណា​សួរ​ពួក​អ្នក​ថា​ ហេតុ​អ្វី​ពួក​អ្នក​ស្រាយ​វា?​ ចូរ​ប្រាប់​ថា​ ព្រះអម្ចាស់​ត្រូវការ​វា»។​

32. ពួក​អ្នក​ដែល​ព្រះអង្គ​បាន​ចាត់​ក៏​ចេញ​ដំណើរ​ទៅ​ ហើយ​បាន​ឃើញ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់​ពួកគេ​មែន​

33. ពេល​កំពុង​ស្រាយ​កូន​លា​ ម្ចាស់​របស់​វា​សួរ​ពួកគេ​ថា៖​ «ហេតុ​អ្វី​ពួក​អ្នក​ស្រាយ​វា​ដូច្នេះ?»​

34. ពួកគេ​ក៏​ឆ្លើយ​ថា៖​ «ព្រះអម្ចាស់​ត្រូវការ​វា»។​

35. ពួកគេ​ក៏​បាន​ដឹក​កូន​លា​នោះ​មក​ឯ​ព្រះយេស៊ូ​ រួច​ក៏​ក្រាល​អាវ​របស់​ពួកគេ​លើ​ខ្នង​វា​ និង​បាន​បញ្ជិះ​ព្រះយេស៊ូ​លើ​នោះ។​

36. ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​ ពួកគេ​ក៏​ក្រាល​អាវ​របស់​ខ្លួន​នៅ​លើ​ផ្លូវ​។​

37. កាល​ព្រះអង្គ​មក​ដល់​ត្រង់​ផ្លូវ​ចុះ​ពី​ភ្នំ​ដើម​អូលីវ​ ពួក​សិស្ស​ច្រើន​កុះករ​ចាប់​ផ្ដើម​អរ​សប្បាយ​ទាំង​អស់​គ្នា​ ព្រម​ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​សំឡេង​ឮៗ​អំពី​ការ​អស្ចារ្យ​ទាំង​អស់​ដែល​ពួកគេ​បាន​ឃើញ​

38. ថា៖​ «សូម​ថ្វាយ​ព្រះពរ​ដល់​ស្ដេច​មួយ​អង្គ​ ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ ចូរ​មាន​សេចក្ដី​សុខសាន្ដ​នៅ​ស្ថានសួគ៌​ និង​សិរី​រុង​រឿង​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត»។​

39. ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ​បាន​ទូល​ពី​ក្នុង​ចំណោម​បណ្ដាជន​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​អើយ!​ សូម​ស្ដី​ឲ្យ​ពួក​សិស្ស​របស់​លោក​ផង»​

40. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ប្រសិន​បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម​ស្ងាត់​ នោះ​ថ្ម​នឹង​ស្រែក​ឡើង»។​

41. នៅ​ពេល​ព្រះអង្គ​យាង​មក​ជិត​ដល់​ក្រុង​យេរូសាឡិម​ ពេល​ព្រះអង្គ​មើល​ឃើញ​ក្រុង​ ក៏​យំ​ស្រណោះ​ក្រុង​នោះ​

សូមអានជំពូកពេញលេញ លូកា 19