គម្ពីរសញ្ញាថ្មី

លូកា 19:23-37 Khmer Christian Bible (KCB)

23. ហេតុ​អ្វី​បាន​ជា​មិន​ដាក់​ប្រាក់​របស់​ខ្ញុំ​នៅ​កន្លែង​ចងការ​ ដើម្បី​ពេល​ខ្ញុំ​មក​វិញ​ នោះ​ប្រមូល​បាន​ទាំង​ដើម​ទាំង​ការ​ដូច្នេះ?​

24. រួច​គាត់​ប្រាប់​ពួក​អ្នក​ឈរ​នៅ​ក្បែរ​នោះ​ថា​ ចូរ​ដក​យក​ប្រាក់​មួយ​មីណា​ពី​វា​ឲ្យ​ទៅ​ម្នាក់​ទៀត​ដែល​មាន​ដប់​មីណា​ទៅ។​

25. ប៉ុន្ដែ​អ្នក​ទាំង​នោះ​ប្រាប់​គាត់​ថា​ លោក​ម្ចាស់​អើយ!​ អ្នក​នោះ​មាន​ដប់​មីណា​ហើយ។​

26. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​ដែល​មាន​នឹង​បន្ថែម​ឲ្យ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង​

27. រីឯ​ពួក​សត្រូវ​របស់​ខ្ញុំ​ ដែល​មិន​ចង់​ឲ្យខ្ញុំ​គ្រប់​គ្រង​លើ​ពួកគេ​ ចូរ​នាំ​ពួកគេ​មក​ទីនេះ​ ហើយ​សម្លាប់​នៅ​មុខ​ខ្ញុំ​ទៅ»។​

28. កាល​ព្រះអង្គ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ ក៏​ធ្វើ​ដំណើរ​បន្ដ​ទៀត​ឡើង​ទៅ​ក្រុង​យេរូសាឡិម​

29. ហើយ​ពេល​មក​ជិត​ដល់​ក្រុង​បេតផាសេ​ និង​ក្រុង​បេថានី​ក្បែរ​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​ដើម​អូលីវ​ ព្រះអង្គ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ​

30. ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​ទៅ​ក្នុង​ភូមិ​នៅ​ទល់​មុខ​នោះ​ ពេល​អ្នក​ចូល​ទៅ​ដល់​ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក មិន​ទាន់​មាន​មនុស្ស​ណា​ជិះ​នៅ​ឡើយ​ ចូរ​ស្រាយ​ ហើយ​នាំ​វា​មក។​

31. ប្រសិន​បើ​មាន​អ្នកណា​សួរ​ពួក​អ្នក​ថា​ ហេតុ​អ្វី​ពួក​អ្នក​ស្រាយ​វា?​ ចូរ​ប្រាប់​ថា​ ព្រះអម្ចាស់​ត្រូវការ​វា»។​

32. ពួក​អ្នក​ដែល​ព្រះអង្គ​បាន​ចាត់​ក៏​ចេញ​ដំណើរ​ទៅ​ ហើយ​បាន​ឃើញ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់​ពួកគេ​មែន​

33. ពេល​កំពុង​ស្រាយ​កូន​លា​ ម្ចាស់​របស់​វា​សួរ​ពួកគេ​ថា៖​ «ហេតុ​អ្វី​ពួក​អ្នក​ស្រាយ​វា​ដូច្នេះ?»​

34. ពួកគេ​ក៏​ឆ្លើយ​ថា៖​ «ព្រះអម្ចាស់​ត្រូវការ​វា»។​

35. ពួកគេ​ក៏​បាន​ដឹក​កូន​លា​នោះ​មក​ឯ​ព្រះយេស៊ូ​ រួច​ក៏​ក្រាល​អាវ​របស់​ពួកគេ​លើ​ខ្នង​វា​ និង​បាន​បញ្ជិះ​ព្រះយេស៊ូ​លើ​នោះ។​

36. ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​ ពួកគេ​ក៏​ក្រាល​អាវ​របស់​ខ្លួន​នៅ​លើ​ផ្លូវ​។​

37. កាល​ព្រះអង្គ​មក​ដល់​ត្រង់​ផ្លូវ​ចុះ​ពី​ភ្នំ​ដើម​អូលីវ​ ពួក​សិស្ស​ច្រើន​កុះករ​ចាប់​ផ្ដើម​អរ​សប្បាយ​ទាំង​អស់​គ្នា​ ព្រម​ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​សំឡេង​ឮៗ​អំពី​ការ​អស្ចារ្យ​ទាំង​អស់​ដែល​ពួកគេ​បាន​ឃើញ​

សូមអានជំពូកពេញលេញ លូកា 19