14. ប៉ុន្ដែជនជាតិរបស់គាត់ស្អប់គាត់ ក៏ចាត់តំណាងឲ្យទៅតាមក្រោយគាត់ដើម្បីប្រាប់ថា យើងមិនចង់ឲ្យម្នាក់នេះគ្រប់គ្រងលើយើងទេ។
15. កាលទទួលនគរនោះហើយ គាត់ក៏ត្រលប់មកវិញ ហើយប្រាប់ឲ្យគេហៅបាវបម្រើទាំងនោះមក ជាពួកអ្នកដែលគាត់បានឲ្យប្រាក់ ដើម្បីឲ្យគាត់ដឹងថា ពួកគេរកស៊ីចំណេញបានអ្វីខ្លះ។
16. អ្នកទីមួយចូលមកប្រាប់ថា លោកម្ចាស់អើយ! មួយមីណារបស់លោកចំណេញបានដប់មីណា។
17. គាត់ក៏ប្រាប់បាវបម្រើនោះថា ប្រសើរណាស់បាវបម្រើដ៏ល្អអើយ! ដោយព្រោះអ្នកស្មោះត្រង់ក្នុងកិច្ចការតូចតាច ចូរអ្នកមានសិទ្ធិអំណាចគ្រប់គ្រងដប់ក្រុងចុះ។
18. អ្នកទីពីរចូលមកប្រាប់ថា លោកម្ចាស់អើយ! មួយមីណារបស់លោកចំណេញបានប្រាំមីណា។
19. គាត់ប្រាប់បាវបម្រើនោះដែរថា ចូរអ្នកគ្រប់គ្រងប្រាំក្រុងចុះ។
20. បាវបម្រើម្នាក់ទៀតបានមកប្រាប់ថា លោកម្ចាស់អើយ! មើល៍ មួយមីណារបស់លោក ខ្ញុំបានខ្ចប់ទុកក្នុងកន្សែង
21. ដ្បិតខ្ញុំខ្លាចលោកណាស់ ព្រោះលោកជាមនុស្សតឹងរ៉ឹង លោកដកយកអ្វីដែលលោកមិនបានទុក ហើយច្រូតអ្វីដែលលោកមិនបានសាបព្រោះ។
22. គាត់ក៏ប្រាប់បាវបម្រើនោះថា បាវបម្រើដ៏អាក្រក់អើយ! ខ្ញុំនឹងជំនុំជម្រះអ្នកដោយសារសំដីរបស់អ្នក បើអ្នកដឹងថា ខ្ញុំជាមនុស្សម្នាក់តឹងរឹង ដកយកអ្វីដែលមិនបានទុក ហើយច្រូតអ្វីដែលមិនបានសាបព្រោះដែរ
23. ហេតុអ្វីបានជាមិនដាក់ប្រាក់របស់ខ្ញុំនៅកន្លែងចងការ ដើម្បីពេលខ្ញុំមកវិញ នោះប្រមូលបានទាំងដើមទាំងការដូច្នេះ?
24. រួចគាត់ប្រាប់ពួកអ្នកឈរនៅក្បែរនោះថា ចូរដកយកប្រាក់មួយមីណាពីវាឲ្យទៅម្នាក់ទៀតដែលមានដប់មីណាទៅ។
25. ប៉ុន្ដែអ្នកទាំងនោះប្រាប់គាត់ថា លោកម្ចាស់អើយ! អ្នកនោះមានដប់មីណាហើយ។
26. ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលមាននឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង
27. រីឯពួកសត្រូវរបស់ខ្ញុំ ដែលមិនចង់ឲ្យខ្ញុំគ្រប់គ្រងលើពួកគេ ចូរនាំពួកគេមកទីនេះ ហើយសម្លាប់នៅមុខខ្ញុំទៅ»។
28. កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះហើយ ក៏ធ្វើដំណើរបន្ដទៀតឡើងទៅក្រុងយេរូសាឡិម
29. ហើយពេលមកជិតដល់ក្រុងបេតផាសេ និងក្រុងបេថានីក្បែរភ្នំមួយឈ្មោះភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សពីរនាក់ឲ្យទៅ