គម្ពីរសញ្ញាថ្មី

លូកា 19:12-24 Khmer Christian Bible (KCB)

12. គឺ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «មាន​បុរស​ត្រកូល​ខ្ពង់ខ្ពស់​ម្នាក់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​ ដើម្បី​ទទួល​យក​នគរ​មួយ​សម្រាប់​គាត់ រួច​ត្រូវ​ត្រលប់​មក​វិញ​

13. កាល​បាន​ហៅ​បាវបម្រើ​ទាំង​ដប់​នាក់​របស់​គាត់​មក​ហើយ​ គាត់​ក៏​ឲ្យ​បា្រក់​ដល់​ពួកគេ​ដប់​មីណា​ និង​បាន​ប្រាប់​ថា​ ចូរ​ប្រកប​របរ​រកស៊ី​រហូត​ដល់​ខ្ញុំ​មក​វិញ។​

14. ប៉ុន្ដែ​ជន​ជាតិ​របស់​គាត់​ស្អប់​គាត់​ ក៏​ចាត់​តំណាង​ឲ្យ​ទៅ​តាម​ក្រោយ​គាត់​ដើម្បី​ប្រាប់​ថា​ យើង​មិន​ចង់​ឲ្យ​ម្នាក់​នេះ​គ្រប់​គ្រង​លើ​យើង​ទេ។​

15. កាល​ទទួល​នគរ​នោះ​ហើយ​ គាត់​ក៏​ត្រលប់​មក​វិញ​ ហើយ​ប្រាប់​ឲ្យ​គេ​ហៅ​បាវបម្រើ​ទាំង​នោះ​មក​ ជា​ពួក​អ្នក​ដែល​គាត់​បាន​ឲ្យ​ប្រាក់​ ដើម្បី​ឲ្យ​គាត់​ដឹង​ថា​ ពួកគេ​រកស៊ី​ចំណេញ​បាន​អ្វី​ខ្លះ។​

16. អ្នក​ទី​មួយ​ចូល​មក​ប្រាប់​ថា​ លោក​ម្ចាស់​អើយ!​ មួយ​មីណា​របស់​លោក​ចំណេញ​បាន​ដប់​មីណា។​

17. គាត់​ក៏​ប្រាប់​បាវបម្រើ​នោះ​ថា​ ប្រសើរ​ណាស់​បាវបម្រើ​ដ៏​ល្អ​អើយ!​ ដោយ​ព្រោះ​អ្នក​ស្មោះត្រង់​ក្នុង​កិច្ចការ​តូច​តាច​ ចូរ​អ្នក​មាន​សិទ្ធិ​អំណាច​គ្រប់​គ្រង​ដប់​ក្រុង​ចុះ។​

18. អ្នក​ទី​ពីរ​ចូល​មក​ប្រាប់​ថា​ លោក​ម្ចាស់​អើយ!​ មួយ​មីណា​របស់​លោក​ចំណេញ​បាន​ប្រាំ​មីណា។​

19. គាត់​ប្រាប់​បាវបម្រើ​នោះ​ដែរ​ថា​ ចូរ​អ្នក​គ្រប់​គ្រង​ប្រាំ​ក្រុង​ចុះ។​

20. បាវបម្រើ​ម្នាក់​ទៀត​បាន​មក​ប្រាប់​ថា​ លោក​ម្ចាស់​អើយ!​ មើល៍​ មួយ​មីណា​របស់​លោក​ ខ្ញុំ​បាន​ខ្ចប់​ទុក​ក្នុង​កន្សែង​

21. ដ្បិត​ខ្ញុំ​ខ្លាច​លោក​ណាស់​ ព្រោះ​លោក​ជា​មនុស្ស​តឹងរ៉ឹង​ លោក​ដក​យក​អ្វី​ដែល​លោក​មិន​បាន​ទុក​ ហើយ​ច្រូត​អ្វី​ដែល​លោក​មិន​បាន​សាប​ព្រោះ។​

22. គាត់​ក៏​ប្រាប់​បាវបម្រើ​នោះ​ថា​ បាវបម្រើ​ដ៏​អាក្រក់​អើយ!​ ខ្ញុំ​នឹង​ជំនុំជម្រះ​អ្នក​ដោយសារ​សំដី​របស់​អ្នក​ បើ​អ្នក​ដឹង​ថា​ ខ្ញុំ​ជា​មនុស្ស​ម្នាក់​តឹង​រឹង​ ដក​យក​អ្វី​ដែល​មិន​បាន​ទុក​ ហើយ​ច្រូត​អ្វី​ដែល​មិន​បាន​សាប​ព្រោះ​ដែរ​

23. ហេតុ​អ្វី​បាន​ជា​មិន​ដាក់​ប្រាក់​របស់​ខ្ញុំ​នៅ​កន្លែង​ចងការ​ ដើម្បី​ពេល​ខ្ញុំ​មក​វិញ​ នោះ​ប្រមូល​បាន​ទាំង​ដើម​ទាំង​ការ​ដូច្នេះ?​

24. រួច​គាត់​ប្រាប់​ពួក​អ្នក​ឈរ​នៅ​ក្បែរ​នោះ​ថា​ ចូរ​ដក​យក​ប្រាក់​មួយ​មីណា​ពី​វា​ឲ្យ​ទៅ​ម្នាក់​ទៀត​ដែល​មាន​ដប់​មីណា​ទៅ។​

សូមអានជំពូកពេញលេញ លូកា 19