គម្ពីរសញ្ញាថ្មី

លូកា 18:12-30 Khmer Christian Bible (KCB)

12. ខ្ញុំ​បាន​តម​អាហារ​ពីរដង​ក្នុង​មួយ​សប្ដាហ៍​ ខ្ញុំ​ថ្វាយ​មួយ​ភាគដប់​គ្រប់​របស់​ទាំងឡាយ​ដែល​ខ្ញុំ​រក​បាន។​

13. ឯ​អ្នក​ទារ​ពន្ធដារ​វិញ​បាន​ឈរ​ពី​ចម្ងាយ​ សូម្បី​តែ​ភ្នែក​ក៏​មិន​ហ៊ាន​ងើយ​ទៅ​ឯ​ស្ថានសួគ៌​ដែរ​ គាត់​និយាយ​ទាំង​គក់​ទ្រូង​ថា​ ព្រះជាម្ចាស់​អើយ!​ សូម​មេត្ដា​ដល់​ខ្ញុំ​ដែល​ជា​មនុស្ស​បាប​ផង។​

14. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ពេល​ម្នាក់​នេះ​ទៅ​ដល់​ផ្ទះ​វិញ​ គាត់​ត្រូវ​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ មិន​មែន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​នោះ​ទេ​ ដ្បិត​អ្នកណា​លើក​តម្កើង​ខ្លួននឹង​ត្រូវ​បន្ទាប​ចុះ​ ឯ​អ្នកណា​បន្ទាប​ខ្លួននឹង​ត្រូវ​លើក​តម្កើង​វិញ»។​

15. ពួកគេ​នាំ​ក្មេងៗ​មក​ឯ​ព្រះអង្គ​ដែរ​ ដើម្បី​ឲ្យ​ព្រះអង្គ​ពាល់​ពួកវា​ ប៉ុន្ដែ​ពេល​ឃើញ​ដូច្នេះ​ ពួក​សិស្ស​ក៏​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ​

16. ប៉ុន្ដែ​ព្រះយេស៊ូ​ហៅ​ពួកគេ​ដោយ​មាន​បន្ទូល​ថា៖​ «កុំ​ឃាត់​ពួកគេ​អី!​ ចូរ​ឲ្យ​ក្មេងៗ​ទាំង​នេះ​មក​ឯ​ខ្ញុំ​ចុះ​ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​មនុស្ស​ដូច​ក្មេង​តូចៗ​ទាំង​នេះ​

17. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នកណា​ដែល​មិន​ទទួល​នគរ​ព្រះជាម្ចាស់​ដូចជា​កូន​ក្មេង​ អ្នក​នោះ​មិន​អាច​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ»។​

18. មាន​អ្នក​គ្រប់គ្រង​ម្នាក់​បាន​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ល្អ​អើយ!​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្ដេច​ ដើម្បី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ទុកជា​មរតក?»​

19. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ហេតុ​អ្វី​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ?​ គ្មាន​នរណា​ម្នាក់​ល្អ​ទេ​ លើកលែង​តែ​ព្រះជាម្ចាស់​មួយ​អង្គ​គត់។​

20. អ្នក​ស្គាល់​បញ្ញត្ដិ​ហើយ​ថា​ កុំ​ផិតក្បត់​ កុំ​សម្លាប់​មនុស្ស​ កុំ​លួច​ កុំ​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ​ ហើយ​ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក»​

21. ប៉ុន្ដែ​គាត់​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​អស់​នេះ​តាំង​ពី​ខ្ញុំ​នៅ​វ័យ​ជំទង់​ម៉្លេះ»​

22. ពេល​ឮ​ដូច្នេះ​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​នៅ​ខ្វះ​សេចក្ដី​មួយ​ ចូរ​ទៅ​លក់​ទ្រព្យសម្បត្ដិ​ទាំង​អស់​ដែល​អ្នក​មាន ចែក​ឲ្យ​អ្នក​ក្រ​ចុះ​ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថានសួគ៌​ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ»​

23. ពេល​បាន​ឮ​សេចក្ដី​ទាំង​នេះ​ គាត់​ប្រែ​ជា​ព្រួយ​ចិត្ដ​ណាស់​ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន។​

24. កាល​ព្រះយេស៊ូ​ឃើញ​គាត់​ប្រែ​ជា​ព្រួយ​ចិត្ដ​ដូច្នេះ​ ក៏​មាន​បន្ទូល​ថា៖​ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​ណាស់​

25. ដ្បិត​សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល​ នោះ​ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​ទៅ​ទៀត»​

26. ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា៖​ «បើ​ដូច្នោះ​ តើ​នរណា​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?»​

27. ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «អ្វីៗ​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន​ ព្រះជាម្ចាស់​អាច​ធ្វើ​បាន»។​

28. លោក​ពេត្រុស​បាន​ទូល​ថា៖​ «មើល៍​ យើង​បាន​លះបង់​ទ្រព្យ​សម្បត្ដិ​របស់​យើង​ ហើយ​ដើរ​តាម​លោក»​

29. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គ្មាន​អ្នកណា​ដែល​លះបង់​ផ្ទះ​សំបែង​ ប្រពន្ធ​កូន​ ឪពុក​ម្ដាយ​ បងប្អូន​ព្រោះ​យល់​ដល់​នគរ​ព្រះជាម្ចាស់​

30. មិន​បាន​ទទួល​ច្រើន​លើសលប់​នៅ​ពេល​នេះ​ទេ​ ហើយ​នៅ​គ្រា​មក​ដល់​ នឹង​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ទៀត​ផង»។​

សូមអានជំពូកពេញលេញ លូកា 18