គម្ពីរសញ្ញាថ្មី

លូកា 17:21-35 Khmer Christian Bible (KCB)

21. គ្មាន​អ្នកណា​នឹង​និយាយ​បាន​ថា​ មើល៍​ នៅ​ទីនេះ​ ឬ​នៅ​ទីនោះ​បាន​ឡើយ​ ដ្បិត​មើល៍​ នគរ​ព្រះជាម្ចាស់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់គ្នា​ហើយ»។​

22. រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា៖​ «នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ នៅ​ពេល​ដែល​អ្នក​រាល់គ្នា​ចង់​ឃើញ​ថ្ងៃ​មួយ​របស់​កូន​មនុស្ស​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មើល​មិន​ឃើញ​ឡើយ។​

23. ហើយ​ពួកគេ​នឹង​ប្រាប់​អ្នក​រាល់គ្នា​ថា​មើល៍​ នៅ​ទីនេះ​ ឬ​មើល៍​ នៅ​ទីនោះ​ ចូរ​កុំ​ចេញ​ទៅ​ក្រៅ​តាម​ពួកគេ​ឲ្យ​សោះ​

24. ដ្បិត​ផ្លេក​បន្ទោរ​ជះ​ពន្លឺ​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ជា​យ៉ាង​ណា​ នៅ​ថ្ងៃ​របស់​កូន​មនុស្ស​នឹង​បាន​ដូច​ជា​យ៉ាង​នោះ​ដែរ។​

25. ប៉ុន្ដែ​មុន​ដំបូង​ លោក​ត្រូវ​រង​ទុក្ខវេទនា​ជាច្រើន​ ហើយ​ត្រូវ​ជំនាន់​នេះ​បដិសេធ​ទៀត​ផង។​

26. នៅ​សម័យ​លោក​ណូអេ​មាន​កើត​ឡើង​ជា​យ៉ាង​ណា​ នៅ​ថ្ងៃ​របស់​កូន​មនុស្ស​ នឹង​មាន​កើត​ឡើង​ជា​យ៉ាង​នោះ​ដែរ​

27. ពួកគេ​ស៊ី​ផឹក​ រៀបការ​ជា​ប្ដី​ប្រពន្ធ​រហូត​ដល់​ថ្ងៃ​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ​ ហើយ​ទឹក​ជំនន់​ក៏​មក​បំផ្លាញ​អ្វីៗ​ទាំង​អស់​ទៅ​

28. និង​ដូចជា​នៅ​សម័យ​លោក​ឡុត​ដែរ​ គឺ​ពួកគេ​ស៊ី​ផឹក​ លក់​ដូរ​ ដាំ​ដុះ​ និង​សាង​សង់​

29. ប៉ុន្ដែ​នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចេញ​ពី​ក្រុង​សូដុម​ នោះ​មាន​ភ្លើង​ និង​ស្ពាន់ធ័រ​ធ្លាក់​មក​ពី​លើ​មេឃ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ទៅ។​

30. វា​នឹង​មាន​ហេតុការណ៍​ដូច្នោះ​ដែរ​ នៅ​ថ្ងៃ​កូន​មនុស្ស​លេច​មក។​

31. នៅ​ថ្ងៃ​នោះ​ អ្នក​នៅ​លើ​ដំបូល​ផ្ទះ​ដែល​មាន​របស់​របរ​នៅ​ក្នុង​ផ្ទះ​ មិន​ត្រូវ​ចុះ​មក​យក​របស់​ទាំង​នោះ​ទេ​ អ្នក​នៅ​ស្រែ​ចម្ការ​ក៏​ដូចគ្នា​ដែរ​ មិន​ត្រូវ​បក​មក​ក្រោយ​ទៅ​យក​របស់​របរ​ទេ។​

32. ចូរ​នឹក​ចាំ​ពី​ប្រពន្ធ​របស់​លោក​ឡុត​ចុះ។​

33. ដ្បិត​អ្នកណា​ដែល​ខិត​ខំ​រក្សា​ជីវិត​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​បាត់​បង់​ជីវិត​ អ្នក​នោះ​នឹង​រក្សា​ជីវិត​បាន​វិញ។​

34. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​យប់​នោះ​ មនុស្ស​ពីរ​នាក់​នៅ​លើ​គ្រែ​តែ​មួយ​ ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ។​

35. ឯ​ស្ដ្រី​ពីរ​នាក់​កំពុង​កិន​ម្សៅ​ជាមួយ​គ្នា​ ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ​

សូមអានជំពូកពេញលេញ លូកា 17