គម្ពីរសញ្ញាថ្មី

លូកា 16:3-15 Khmer Christian Bible (KCB)

3. មេការ​នោះ​ក៏​គិត​ក្នុង​ចិត្ដ​ថា​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ ព្រោះ​ចៅហ្វាយ​របស់​ខ្ញុំ​ដក​យក​តួនាទី​មើល​ការ​ខុស​ត្រូវ​ពី​ខ្ញុំ​វិញ​ហើយ?​ ខ្ញុំ​គ្មាន​កម្លាំង​កាប់​គាស់​ទេ​ ហើយ​បើ​សុំ​ទាន​ក៏​ខ្មាស​គេ​ដែរ។​

4. ខ្ញុំ​ដឹង​ហើយ​ថា​ ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច​នោះ​ ដើម្បី​នៅ​ពេល​ណា​លោក​ដក​ខ្ញុំ​ពី​តួនាទី​មើល​ការ​ខុស​ត្រូវ​ មនុស្ស​មុខជា​ស្វាគមន៍​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​មិន​ខាន។​

5. គាត់​ក៏​ហៅ​ពួក​កូន​បំណុល​របស់​ចៅហ្វាយ​គាត់​ម្នាក់​ម្ដងៗ​មក​ រួច​សួរ​ទៅ​អ្នក​ទី​មួយ​ថា​ តើ​អ្នក​ជំពាក់​ចៅហ្វាយ​របស់​ខ្ញុំ​ប៉ុន្មាន?​

6. អ្នក​នោះ​ប្រាប់​ថា​ ប្រេង​មួយ​រយ​ធុង។​ គាត់​ក៏​ប្រាប់​អ្នក​នោះ​ថា​ ចូរ​យក​សំបុត្រ​ជំពាក់​របស់​អ្នក​ទៅ​ រួច​អង្គុយ​ចុះ​សរសេរ​ដាក់​ថា​ហាសិប​ធុង​ជា​ប្រញាប់។​

7. គាត់​សួរ​ម្នាក់​ទៀត​ថា​ ចុះ​អ្នក​វិញ​ តើ​ជំពាក់​ប៉ុន្មាន​ដែរ?​ អ្នក​នោះ​ប្រាប់​ថា​ ស្រូវ​មួយ​រយ​ហាប។​ គាត់​ក៏​ប្រាប់​អ្នក​នោះ​ថា​ ចូរ​យក​សំបុត្រ​ជំពាក់​របស់​អ្នក​ទៅ​ ហើយ​សរសេរ​ដាក់​ថា​ប៉ែតសិប។​

8. ចៅហ្វាយ​ក៏​សរសើរ​មេការ​ដ៏​ទុច្ចរិត​នោះ​ ព្រោះ​គាត់​បាន​ប្រព្រឹត្ដ​យ៉ាង​ឆ្លាតវៃ។​ នៅ​ជំនាន់​របស់​ពួកគេ​នេះ​ ពួក​កូន​ចៅ​នៃ​លោកិយ​ឆ្លាត​ជាង​ពួក​កូន​ចៅ​នៃ​ពន្លឺ។​

9. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា ចូរ​ប្រើ​ទ្រព្យ​សម្បត្ដិ​លោកិយ​បង្កើត​មិត្ដភក្តិ​សម្រាប់​អ្នក​រាល់គ្នា​ចុះ​ ដើម្បី​ពេល​ណា​ទ្រព្យ​នោះ​អស់​ទៅ​ នោះ​ពួក​មិត្ដភក្ដិ​អាច​ស្វាគមន៍​អ្នក​រាល់គ្នា​មក​ក្នុង​លំនៅ​អស់​កល្ប​ជានិច្ច។​

10. អ្នកណា​ដែល​ស្មោះត្រង់​ក្នុង​ការ​តូច​ នោះ​ក៏​ស្មោះត្រង់​ក្នុង​ការ​ធំ​ដែរ​ ហើយ​អ្នកណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​ នោះ​ក៏​ទុច្ចរិត​ក្នុង​ការ​ធំ​ដែរ។​

11. ដូច្នេះ​បើ​អ្នក​រាល់គ្នា​មិន​ស្មោះ​ត្រង់​ជាមួយ​នឹង​ទ្រព្យ​សម្បត្ដិ​លោកិយ​ផង​ តើ​អ្នកណា​នឹង​ទុក​ចិត្ដ​អ្នក​រាល់គ្នា​ជាមួយ​ទ្រព្យ​សម្បត្ដិ​ពិត​ប្រាកដ?​

12. ហើយ​ប្រសិន​បើ​អ្នក​រាល់គ្នា​មិន​ស្មោះត្រង់​ជាមួយ​របស់​ទ្រព្យ​អ្នក​ដទៃ​ផង​ តើ​អ្នកណា​នឹង​ឲ្យ​របស់​ទ្រព្យ​ដែល​ត្រៀម​ទុក​សម្រាប់​អ្នក​រាល់គ្នា​ទៅ​អ្នក​រាល់គ្នា​បាន?​

13. គ្មាន​បាវបម្រើ​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ​ ដ្បិត​បាវបម្រើ​នោះ​នឹង​ស្អប់​មួយ​ ស្រឡាញ់​មួយ​ ឬ​ក៏​ស្មោះ​ត្រង់​នឹង​មួយ​ ហើយ​មើល​ងាយ​មួយ​ទៀត​ ឯ​អ្នក​រាល់​គ្នា​វិញ​ មិន​អាច​បម្រើ​ព្រះជាម្ចាស់​ផង​ បម្រើ​ទ្រព្យ​សម្បត្ដិ​ផង​បាន​ទេ»។​

14. កាល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ដែល​ស្រឡាញ់​លុយ​បាន​ឮ​សេចក្ដី​ទាំង​អស់​នេះ​ ក៏​ចំអក​ឲ្យ​ព្រះអង្គ​

15. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​រាល់គ្នា​ជា​ពួក​អ្នក​ដែល​រាប់​ខ្លួន​ឯង​ថា​សុចរិត​នៅ​ចំពោះ​មុខ​មនុស្ស​ តែ​ព្រះជាម្ចាស់​ជ្រាប​ពី​ចិត្ដ​អ្នក​រាល់គ្នា ដ្បិត​អ្វី​ដែល​ជា​ទី​រាប់​អាន​បំផុត​នៅ​ក្នុង​ចំណោម​មនុស្ស​ គឺ​ជា​ទី​ស្អប់ខ្ពើម​បំផុត​នៅ​មុខ​ព្រះជាម្ចាស់។​

សូមអានជំពូកពេញលេញ លូកា 16