12. ហើយប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ជាមួយរបស់ទ្រព្យអ្នកដទៃផង តើអ្នកណានឹងឲ្យរបស់ទ្រព្យដែលត្រៀមទុកសម្រាប់អ្នករាល់គ្នាទៅអ្នករាល់គ្នាបាន?
13. គ្មានបាវបម្រើណាអាចបម្រើចៅហ្វាយពីរនាក់បានទេ ដ្បិតបាវបម្រើនោះនឹងស្អប់មួយ ស្រឡាញ់មួយ ឬក៏ស្មោះត្រង់នឹងមួយ ហើយមើលងាយមួយទៀត ឯអ្នករាល់គ្នាវិញ មិនអាចបម្រើព្រះជាម្ចាស់ផង បម្រើទ្រព្យសម្បត្ដិផងបានទេ»។
14. កាលពួកអ្នកខាងគណៈផារិស៊ីដែលស្រឡាញ់លុយបានឮសេចក្ដីទាំងអស់នេះ ក៏ចំអកឲ្យព្រះអង្គ
15. ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគេថា៖ «អ្នករាល់គ្នាជាពួកអ្នកដែលរាប់ខ្លួនឯងថាសុចរិតនៅចំពោះមុខមនុស្ស តែព្រះជាម្ចាស់ជ្រាបពីចិត្ដអ្នករាល់គ្នា ដ្បិតអ្វីដែលជាទីរាប់អានបំផុតនៅក្នុងចំណោមមនុស្ស គឺជាទីស្អប់ខ្ពើមបំផុតនៅមុខព្រះជាម្ចាស់។
16. ដ្បិតគម្ពីរវិន័យ និងអ្នកនាំព្រះបន្ទូលទាំងអស់បានថ្លែងទុកអំពីការនេះរហូតដល់ជំនាន់លោកយ៉ូហាន ប៉ុន្ដែចាប់ពីនោះមក គេប្រកាសអំពីនគរព្រះជាម្ចាស់វិញ ហើយមនុស្សគ្រប់គ្នាកំពុងខំប្រឹងចូលទៅក្នុងនគរនោះ។
17. ផ្ទៃមេឃ និងផែនដីងាយវិនាសទៅជាងការដែលសញ្ញាបន្ដក់ណាមួយនៅក្នុងគម្ពីរវិន័យត្រលប់ជាឥតបានការទៅទៀត។
18. អ្នកណាដែលលែងប្រពន្ធរបស់ខ្លួន ហើយរៀបការនឹងស្ដ្រីម្នាក់ទៀត នោះផិតក្បត់ហើយ ឯបុរសណាដែលរៀបការនឹងស្ត្រីប្ដីលែង នោះក៏ផិតក្បត់ដែរ។
19. មានបុរសម្នាក់ជាអ្នកមាន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ និងក្រណាត់ទេសឯកប្រណិត ហើយរស់នៅសប្បាយរីករាយយ៉ាងរុងរឿងជារៀងរាល់ថ្ងៃ។
20. មានបុរសក្រីក្រម្នាក់ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន គេបានផ្ដេកគាត់នៅមាត់ទ្វាររបស់អ្នកមាននោះ។
21. គាត់ចង់ចំអែតពោះដោយកម្ទេចអាហារ ដែលធ្លាក់ពីលើតុរបស់អ្នកមាននោះ ហើយសូម្បីតែឆ្កែក៏មកលិទ្ធដំបៅរបស់គាត់ដែរ។
22. ក្រោយមកទៀត បុរសក្រីក្រនោះបានស្លាប់ទៅ ហើយពួកទេវតាបាននាំយកគាត់ទៅឯដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះក៏ស្លាប់ដែរ ហើយគេបានបញ្ចុះគាត់
23. ហើយពេលកំពុងរងទារុណកម្មនៅស្ថាននរក អ្នកមានងើយភ្នែកឡើងឃើញលោកអ័ប្រាហាំពីចម្ងាយ ព្រមទាំងឡាសារនៅដើមទ្រូងលោក
24. គាត់ក៏ស្រែកហៅថា លោកឪពុកអ័ប្រាហាំអើយ! សូមមេត្ដាដល់ខ្ញុំផង គឺសូមឲ្យឡាសារជ្រលក់ចុងម្រាមដៃរបស់គាត់ក្នុងទឹក ហើយបន្ដក់លើអណ្ដាតរបស់ខ្ញុំដើម្បីឲ្យខ្ញុំបានត្រជាក់ផង ព្រោះខ្ញុំកំពុងរងទុក្ខវេទនាក្នុងភ្លើងនេះ។
25. លោកអ័ប្រាហាំក៏ប្រាប់គាត់វិញថា កូនអើយ! ចូរចាំថា កូនបានទទួលរបស់ល្អៗរួចហើយកាលកូននៅមានជីវិត ឯឡាសារវិញអភ័ព្វណាស់ ប៉ុន្ដែឥឡូវនេះ គាត់ត្រូវទទួលសេចក្ដីក្សេមក្សាន្ដនៅទីនេះ ឯកូនវិញ ត្រូវរងទុក្ខវេទនា។
26. លើសពីបញ្ហាទាំងអស់នេះទៀត គឺមានជង្ហុកយ៉ាងធំមួយខណ្ឌផ្ដាច់រវាងយើង និងអ្នករាល់គ្នា ដូច្នេះពួកអ្នកដែលចង់ឆ្លងពីទីនេះទៅឯអ្នករាល់គ្នាមិនអាចឆ្លងបានឡើយ ឬពីទីនោះមកឯយើងក៏មិនបានដែរ។
27. អ្នកមានក៏និយាយទៀតថា ដូច្នេះខ្ញុំសូមអង្វរ លោកឪពុកអើយ! សូមលោកចាត់ឡាសារឲ្យទៅឯគ្រួសារឪពុករបស់ខ្ញុំផង
28. ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់ទៀត ដើម្បីឲ្យគាត់ធ្វើបន្ទាល់ប្រាប់ពួកគេ ក្រែងលោពួកគេមកកន្លែងរងទារុណកម្មនេះដែរ។