គម្ពីរសញ្ញាថ្មី

លូកា 13:4-19 Khmer Christian Bible (KCB)

4. ឬ​មួយ​អ្នក​រាល់គ្នា​គិត​ថា​ មនុស្ស​ដប់​ប្រាំ​បី​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​សង្កត់​ស្លាប់​ទាំង​នោះ​ជា​មនុស្ស​បាប​លើស​មនុស្ស​ទាំង​អស់​ ដែល​រស់​នៅ​ក្រុង​យេរូសាឡិម​ឬ?​

5. មិន​មែន​ទេ​ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ដរាប​ណា​អ្នក​រាល់គ្នា​មិន​ប្រែ​ចិត្ដ​ទេ​ នោះ​អ្នក​រាល់គ្នា​នឹង​វិនាស​ដូច្នោះ​ដែរ»។​

6. រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​រឿង​ប្រៀប​ប្រដូច​នេះ​ថា៖​ «មាន​បុរស​ម្នាក់​មាន​ដើម​ល្វា​មួយ​ដើម​ដែល​បាន​ដាំ​ក្នុង​ចម្ការ​របស់​គាត់ ហើយ​គាត់​បាន​មក​រក​ផ្លែ​នៅ​លើ​ដើម​នោះ​ ប៉ុន្ដែ​មិន​បាន​ឃើញ​អ្វី​សោះ​

7. គាត់​ក៏​ប្រាប់​ទៅ​អ្នក​ថែ​ចម្ការ​ថា​ មើល៍​ បី​ឆ្នាំ​មក​ហើយ​ដែល​ខ្ញុំ​បាន​មក​រក​ផ្លែ​ពី​ដើម​ល្វា​នេះ​ ប៉ុន្ដែ​មិន​បាន​ឃើញ​អ្វី​សោះ​ ចូរ​កាប់​ចោល​ទៅ​ ហេតុអ្វី​ទុក​ឲ្យ​នៅ​ខាត​ដី​ដូច្នេះ?

8. ប៉ុន្ដែ​អ្នក​នោះ​និយាយ​តប​ទៅ​គាត់​ថា​ លោក​ម្ចាស់​ ទុក​វា​មួយ​ឆ្នាំ​នេះ​សិន​ទៅ​ ចាំ​ខ្ញុំ​ជ្រួយ​ដី​ជុំ​វិញ​ ហើយ​ដាក់​ជី​មើល៍​

9. ក្រែងលោ​ឆ្នាំ​ក្រោយ​មាន​ផ្លែ​ ប៉ុន្ដែ​បើ​គ្មាន​ទេ​សឹម​កាប់​វា​ចោល​ចុះ»។​

10. នៅ​ថ្ងៃ​សប្ប័ទ​មួយ​ កាល​ព្រះអង្គ​កំពុង​បង្រៀន​ក្នុង​សាលា​ប្រជុំ​

11. មើល៍​ មាន​ស្ដ្រី​ម្នាក់​មាន​វិញ្ញាណ​នៃ​ជំងឺ​បាន​ចូល​អស់​រយៈពេល​ដប់​ប្រាំ​បី​ឆ្នាំ​ ធ្វើ​ឲ្យ​គាត់​កោង​ខ្នង​មិន​អាច​ងើប​ត្រង់​បាន​ទាល់​តែ​សោះ។​

12. ពេល​ព្រះយេស៊ូ​ឃើញ​ ក៏​ហៅ​គាត់​ រួច​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «នាង​អើយ!​ អ្នក​ត្រូវ​បាន​ដោះ​ឲ្យ​រួច​ពី​ជំងឺ​របស់​អ្នក​ហើយ»​

13. ព្រះអង្គ​ក៏​ដាក់​ព្រះហស្ដ​លើ​គាត់​ ហើយ​គាត់​ក៏​បាន​ងើប​ត្រង់​ឡើង​ភ្លាម​ ព្រមទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់។​

14. ប៉ុន្ដែ​ព្រោះតែ​ព្រះយេស៊ូ​បាន​ប្រោស​គាត់​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ​ ប្រធាន​សាលា​ប្រជុំ​បាន​និយាយ​ទៅ​បណ្ដាជន​ទាំង​មិន​សប្បាយ​ថា៖​ «មាន​ប្រាំ​មួយ​ថ្ងៃ​ដែល​ត្រូវ​ធ្វើការ​ ដូច្នេះ​ចូរ​មក​នៅ​ថ្ងៃ​ទាំង​នោះ​ចុះ​ដើម្បី​ឲ្យ​គេ​ប្រោស​ឲ្យ​ជា​ កុំ​មក​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ»​

15. ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ពួក​មនុស្ស​មាន​ពុត​អើយ!​ តើ​អ្នក​រាល់គ្នា​ម្នាក់ៗ​មិន​ស្រាយ​គោ​ ឬ​លា​ចេញពី​ក្រោល​ ហើយ​ដឹក​វា​ទៅ​ផឹក​ទឹក​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ?​

16. ឯ​ស្ដ្រី​នេះ​វិញ​ ជា​កូន​ចៅ​របស់​លោក​អ័ប្រាហាំ​ដែល​អារក្ស​សាតាំង​បាន​ចង​អស់​រយៈពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ​ តើ​មិន​គួរ​ស្រាយ​នាង​ឲ្យ​រួច​ពី​ចំណង​នេះ​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ?»​

17. ពេល​ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ ពួក​អ្នក​ប្រឆាំង​នឹង​ព្រះអង្គ​ទាំង​អស់​ក៏​អាម៉ាស់​មុខ​ ប៉ុន្ដែ​បណ្ដាជន​ទាំង​អស់​វិញ​ មាន​ចិត្ដ​អរ​សប្បាយ​នឹង​កិច្ចការ​ដ៏​ប្រសើរ​ទាំងឡាយ​ដែល​ព្រះអង្គ​បាន​ធ្វើ។​

18. ព្រះអង្គ​ក៏​មាន​បន្ទូល​ដូច្នេះ​ថា៖​ «តើ​នគរ​ព្រះជាម្ចាស់​ប្រៀប​ដូចជា​អ្វី​ ហើយ​ខ្ញុំ​គួរ​ប្រៀប​ធៀប​នគរ​នោះ​ទៅ​នឹង​អ្វី?​

19. គឺ​ប្រៀប​ដូចជា​គ្រាប់​មូតា​មួយ​គ្រាប់​ដែល​មនុស្ស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​សួន​ដំណាំ​របស់​គាត់​ ពេល​វា​ដុះ​ធំ​ឡើង​ ក៏​ត្រលប់​ជា​ដើម​ឈើ​មួយ​ដើម​ ហើយ​សត្វ​ស្លាប​ហើរ​លើ​អាកាស​បាន​រស់​នៅ​តាម​មែក​របស់​វា»​

សូមអានជំពូកពេញលេញ លូកា 13