11. មើល៍ មានស្ដ្រីម្នាក់មានវិញ្ញាណនៃជំងឺបានចូលអស់រយៈពេលដប់ប្រាំបីឆ្នាំ ធ្វើឲ្យគាត់កោងខ្នងមិនអាចងើបត្រង់បានទាល់តែសោះ។
12. ពេលព្រះយេស៊ូឃើញ ក៏ហៅគាត់ រួចមានបន្ទូលទៅគាត់ថា៖ «នាងអើយ! អ្នកត្រូវបានដោះឲ្យរួចពីជំងឺរបស់អ្នកហើយ»
13. ព្រះអង្គក៏ដាក់ព្រះហស្ដលើគាត់ ហើយគាត់ក៏បានងើបត្រង់ឡើងភ្លាម ព្រមទាំងសរសើរតម្កើងព្រះជាម្ចាស់។
14. ប៉ុន្ដែព្រោះតែព្រះយេស៊ូបានប្រោសគាត់ឲ្យជានៅថ្ងៃសប្ប័ទ ប្រធានសាលាប្រជុំបាននិយាយទៅបណ្ដាជនទាំងមិនសប្បាយថា៖ «មានប្រាំមួយថ្ងៃដែលត្រូវធ្វើការ ដូច្នេះចូរមកនៅថ្ងៃទាំងនោះចុះដើម្បីឲ្យគេប្រោសឲ្យជា កុំមកនៅថ្ងៃសប្ប័ទឡើយ»
15. ព្រះអម្ចាស់ក៏មានបន្ទូលឆ្លើយទៅគាត់ថា៖ «ពួកមនុស្សមានពុតអើយ! តើអ្នករាល់គ្នាម្នាក់ៗមិនស្រាយគោ ឬលាចេញពីក្រោល ហើយដឹកវាទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬ?
16. ឯស្ដ្រីនេះវិញ ជាកូនចៅរបស់លោកអ័ប្រាហាំដែលអារក្សសាតាំងបានចងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរស្រាយនាងឲ្យរួចពីចំណងនេះនៅថ្ងៃសប្ប័ទទេឬ?»
17. ពេលព្រះអង្គមានបន្ទូលដូច្នេះ ពួកអ្នកប្រឆាំងនឹងព្រះអង្គទាំងអស់ក៏អាម៉ាស់មុខ ប៉ុន្ដែបណ្ដាជនទាំងអស់វិញ មានចិត្ដអរសប្បាយនឹងកិច្ចការដ៏ប្រសើរទាំងឡាយដែលព្រះអង្គបានធ្វើ។
18. ព្រះអង្គក៏មានបន្ទូលដូច្នេះថា៖ «តើនគរព្រះជាម្ចាស់ប្រៀបដូចជាអ្វី ហើយខ្ញុំគួរប្រៀបធៀបនគរនោះទៅនឹងអ្វី?
19. គឺប្រៀបដូចជាគ្រាប់មូតាមួយគ្រាប់ដែលមនុស្សម្នាក់យកទៅដាំក្នុងសួនដំណាំរបស់គាត់ ពេលវាដុះធំឡើង ក៏ត្រលប់ជាដើមឈើមួយដើម ហើយសត្វស្លាបហើរលើអាកាសបានរស់នៅតាមមែករបស់វា»
20. រួចព្រះអង្គក៏មានបន្ទូលទៀតថា៖ «តើខ្ញុំគួរប្រៀបធៀបនគរព្រះជាម្ចាស់ទៅនឹងអ្វី?
21. គឺប្រៀបដូចជាមេនំប៉័ងដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់រហូតដល់មេនំប៉័ងនោះធ្វើឲ្យម្សៅទាំងអស់ដោរឡើង»។
22. ព្រះអង្គក៏ធ្វើដំណើរទាំងបង្រៀនពីក្រុងមួយទៅក្រុងមួយ ពីភូមិមួយទៅភូមិមួយ ហើយក៏បន្ដដំណើរទៅក្រុងយេរូសាឡិម
23. រួចមានម្នាក់ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើអ្នកដែលបានសង្គ្រោះមានតិចណាស់ឬ?» ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖
24. «ចូរប្រឹងប្រែងចូលតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនចង់ចូល ប៉ុន្ដែពួកគេមិនអាចចូលបានឡើយ
25. ព្រោះក្រោយពេលម្ចាស់ដំណាក់ក្រោកឡើងបិទទ្វារហើយ ទោះជាអ្នករាល់គ្នាឈរនៅខាងក្រៅ និងចាប់ផ្ដើមគោះទ្វារទាំងនិយាយថា លោកម្ចាស់អើយ! សូមបើកទ្វារឲ្យយើងផង នោះគាត់នឹងឆ្លើយតបវិញថា អ្នករាល់គ្នាមកពីណា ខ្ញុំមិនស្គាល់អ្នករាល់គ្នាទេ
26. ហើយអ្នករាល់គ្នាក៏ចាប់ផ្ដើមនិយាយថា យើងធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គធ្លាប់បង្រៀននៅតាមផ្លូវរបស់យើង។
27. គាត់ក៏ឆ្លើយប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាមកពីណា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ ឱ ពួកអ្នកប្រព្រឹត្ដអំពើទុច្ចរិតទាំងឡាយអើយ ចូរទៅឲ្យឆ្ងាយពីខ្ញុំ
28. នៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ ហើយនៅពេលនោះ អ្នករាល់គ្នានឹងឃើញលោកអ័ប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងអ្នកនាំព្រះបន្ទូលទាំងអស់នៅក្នុងនគរព្រះជាម្ចាស់ ឯអ្នករាល់គ្នាវិញត្រូវគេបោះទៅខាងក្រៅ