គម្ពីរសញ្ញាថ្មី

លូកា 12:45-57 Khmer Christian Bible (KCB)

45. ប៉ុន្ដែ​ប្រសិន​បើ​បាវបម្រើ​នោះ​គិត​នៅ​ក្នុង​ចិត្ដ​ថា​ ចៅហ្វាយ​របស់​អញ​ក្រ​មក​ដល់​ណាស់​ នោះ​គាត់​ក៏​ចាប់ផ្ដើម​វាយ​បាវបម្រើ​ប្រុស​ស្រី​ឯ​ទៀតៗ​ ព្រមទាំង​ស៊ី​ផឹក​ទាល់​តែ​ស្រវឹង​

46. ចៅហ្វាយ​របស់​គាត់​នឹង​មក​វិញ​នៅ​ថ្ងៃ​មួយ​ដែល​គាត់​ស្មាន​មិន​ដល់​ និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង​ទាល់​តែ​សោះ​ ចៅហ្វាយ​នឹង​កាត់​គាត់​ជា​កង់ៗ​ រួច​ដាក់​គាត់​រួម​ជាមួយ​នឹង​ពួក​អ្នក​មិន​ជឿ។​

47. ដូច្នេះ​បាវបម្រើ​ណា​ដែល​ដឹង​បំណង​របស់​ចៅហ្វាយ​ ប៉ុន្ដែ​មិន​ប្រុង​ប្រៀប​ខ្លួន​ជាស្រេច​ ឬ​មិន​ធ្វើ​តាម​បំណង​ចៅហ្វាយ​ នោះ​នឹង​ត្រូវ​វាយ​ច្រើន​រំពាត់។​

48. អ្នកណា​ដែល​មិន​ដឹង​ ហើយ​បាន​ធ្វើ​អ្វី​មួយ​សម​នឹង​ត្រូវ​រំពាត់​ នោះ​នឹង​ត្រូវ​វាយ​តិច​តួច​ទេ​ ដ្បិត​អ្នកណា​ដែល​គេ​ឲ្យ​ច្រើន​ នោះ​គេ​នឹង​ទារ​ច្រើន​ពី​អ្នក​នោះ​វិញ​ ឯ​អ្នកណា​ដែល​គេ​មាន​ទំនុក​ចិត្ដ​ច្រើន​ នោះ​គេ​នឹង​សុំ​ពី​អ្នក​នោះ​រឹតតែ​ច្រើន​ដែរ។​

49. ខ្ញុំ​មក​ដើម្បី​នាំ​ភ្លើង​មក​ផែនដី​នេះ​ ហើយ​ខ្ញុំ​ចង់​បាន​ណាស់​ បើ​ភ្លើង​នោះ​បាន​ដុត​ឆេះ​រួច​ហើយ​

50. រីឯ​ខ្ញុំ​វិញ​ មាន​ពិធី​ជ្រមុជ​មួយ​ដែល​ខ្ញុំ​ត្រូវ​ទទួល​ ហើយ​ខ្ញុំ​ត្រូវ​ទទួល​ការ​ឈឺចាប់​បំផុត​ លុះត្រា​តែ​ពិធី​នោះ​បាន​សម្រេច​

51. តើ​អ្នក​រាល់គ្នា​គិត​ថា​ ខ្ញុំ​មក​ដើម្បី​នាំ​យក​សេចក្ដី​សុខសាន្ដ​ដល់​ផែនដី​ឬ?​ ទេ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ គឺ​ជា​ការ​បាក់បែក​វិញ​

52. ដ្បិត​ចាប់ពី​ពេល​នេះ​តទៅ​ គ្រួសារ​មួយ​ដែល​មាន​គ្នា​ប្រាំ​នាក់​នឹង​បាក់​បែក​គ្នា​ គឺ​បី​នាក់​ទាស់នឹង​ពីរ​នាក់​ ឬ​ពីរ​នាក់​ទាស់​នឹង​បី​នាក់​

53. ឪពុក​នឹង​ត្រូវ​បែកបាក់​ទាស់​ជា​មួយ​កូន​ប្រុស​ កូន​ប្រុស​ទាស់​ជាមួយ​ឪពុក​ ហើយ​ម្ដាយ​ទាស់​ជាមួយ​កូន​ស្រី​ កូន​ស្រី​ទាស់​ជាមួយ​ម្ដាយ​ ឯ​ម្ដាយ​ក្មេក​ទាស់​ជាមួយ​កូន​ប្រសារ​ស្រី​ កូន​ប្រសារ​ស្រី​ទាស់​ជាមួយ​ម្ដាយ​ក្មេក»​

54. រួច​ព្រះអង្គ​ក៏​បាន​មាន​បន្ទូល​ទៅ​បណ្ដាជន​ដែរ​ថា៖​ «ពេល​ណា​អ្នក​រាល់គ្នា​ឃើញ​ពពក​ពូន​ឡើង​នៅ​ទិស​ខាង​លិច​ អ្នក​រាល់គ្នា​ក៏​និយាយ​ភ្លាម​ថា​ ជិត​ភ្លៀង​ហើយ​ នោះ​ក៏​កើត​ឡើង​ដូច្នោះ​មែន​

55. ហើយ​ពេល​ណា​មាន​ខ្យល់​ទិស​ខាង​ត្បូង​បក់​មក​ អ្នក​រាល់គ្នា​និយាយ​ថា​ អាកាស​ធាតុ​នឹង​ប្រែជា​ក្ដៅ​ នោះ​ក៏​កើត​មាន​មែន។​

56. មនុស្ស​មាន​ពុត​អើយ!​ អ្នក​រាល់គ្នា​ចេះ​សំគាល់​សណ្ឋាន​របស់​ផ្ទៃ​មេឃ​ និង​ផែន​ដី​ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់គ្នា​មិន​ចេះ​សំគាល់​សម័យ​នេះ​ដូច្នេះ?​

57. តើ​ហេតុអ្វី​ក៏​អ្នក​រាល់គ្នា​មិន​វិនិច្ឆ័យ​ខ្លួន​ឯង​ផង​ពី​អ្វី​ដែល​ត្រឹមត្រូវ?​

សូមអានជំពូកពេញលេញ លូកា 12