35. ចូរនៅប្រុងប្រៀបខ្លួន ហើយឲ្យចង្កៀងរបស់អ្នករាល់គ្នាឆេះជានិច្ច
36. គឺអ្នករាល់គ្នាគួរបែបដូចជាពួកមនុស្សកំពុងរង់ចាំចៅហ្វាយរបស់ខ្លួនត្រលប់មកពីពិធីមង្គលការវិញ ដើម្បីនៅពេលណាគាត់មកដល់ ហើយគោះទ្វារ នោះពួកគេអាចបើកជូនគាត់បានភ្លាម។
37. បាវបម្រើទាំងនោះមានពរហើយ នៅពេលដែលចៅហ្វាយត្រលប់មកវិញ ហើយឃើញពួកគេកំពុងរង់ចាំ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គាត់នឹងរៀបចំខ្លួនដោយឲ្យពួកគេអង្គុយនៅតុ ហើយគាត់ក៏មកក្បែរបម្រើពួកគេវិញ
38. បើគាត់មកដល់នៅពេលកណ្ដាលអធ្រាត្រ ឬទៀបភ្លឺ ហើយគាត់ឃើញដូច្នេះ គឺអ្នកទាំងនោះមានពរហើយ។
39. ប៉ុន្ដែចូរអ្នករាល់គ្នាដឹងការនេះថា ប្រសិនបើម្ចាស់ផ្ទះបានដឹងថាចោរមកនៅម៉ោងណា នោះគាត់មុខជាមិនបណ្ដោយឲ្យវាគាស់ផ្ទះរបស់គាត់បានឡើយ។
40. ដូច្នេះចូរអ្នករាល់គ្នាប្រុងប្រៀបយ៉ាងដូច្នេះដែរ ព្រោះអ្នករាល់គ្នាស្មានមិនត្រូវទេថា កូនមនុស្សមកនៅពេលណា»។
41. លោកពេត្រុសទូលសួរថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចនេះសម្រាប់យើង ឬក៏សម្រាប់មនុស្សទាំងអស់ដែរ?»
42. ព្រះអម្ចាស់មានបន្ទូលតបថា៖ «ដូច្នេះតើអ្នកណាជាមេការដ៏ស្មោះត្រង់ ហើយឆ្លាតដែលចៅហ្វាយតែងតាំងឲ្យមើលខុសត្រូវលើពួកបាវបម្រើរបស់គាត់ដើម្បីចែកអាហារឲ្យតាមពេលវេលា?
43. មានពរហើយ បាវបម្រើណាដែលចៅហ្វាយមកដល់ ហើយឃើញកំពុងធ្វើដូច្នេះ។
44. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គាត់នឹងតែងតាំងអ្នកនោះឲ្យមើលខុសត្រូវទ្រព្យសម្បត្ដិរបស់គាត់ទាំងអស់
45. ប៉ុន្ដែប្រសិនបើបាវបម្រើនោះគិតនៅក្នុងចិត្ដថា ចៅហ្វាយរបស់អញក្រមកដល់ណាស់ នោះគាត់ក៏ចាប់ផ្ដើមវាយបាវបម្រើប្រុសស្រីឯទៀតៗ ព្រមទាំងស៊ីផឹកទាល់តែស្រវឹង
46. ចៅហ្វាយរបស់គាត់នឹងមកវិញនៅថ្ងៃមួយដែលគាត់ស្មានមិនដល់ និងនៅម៉ោងដែលគាត់មិនដឹងទាល់តែសោះ ចៅហ្វាយនឹងកាត់គាត់ជាកង់ៗ រួចដាក់គាត់រួមជាមួយនឹងពួកអ្នកមិនជឿ។
47. ដូច្នេះបាវបម្រើណាដែលដឹងបំណងរបស់ចៅហ្វាយ ប៉ុន្ដែមិនប្រុងប្រៀបខ្លួនជាស្រេច ឬមិនធ្វើតាមបំណងចៅហ្វាយ នោះនឹងត្រូវវាយច្រើនរំពាត់។