គម្ពីរសញ្ញាថ្មី

លូកា 12:27-45 Khmer Christian Bible (KCB)

27. ចូរ​ពិចារណា​ពី​ផ្កាព្រៃ​ តើ​ពួកវា​ដុះ​ឡើង​យ៉ាង​ដូច​ម្ដេច​ ពួកវា​មិន​ធ្វើការ​ ឬ​ត្បាញ​រវៃ​អ្វី​ឡើយ​ ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ សូម្បីតែ​ស្ដេច​សាឡូម៉ូន​ដែល​មាន​សិរី​រុងរឿង​គ្រប់​យ៉ាង​ ក៏​ស្លៀក​ពាក់​មិន​បាន​ស្អាត​ដូចជា​ផ្កា​មួយ​ទង​ក្នុង​ចំណោម​ផ្កា​ទាំង​នេះ​ផង​

28. បើ​ព្រះជាម្ចាស់​តុប​តែង​ស្មៅ​នៅ​តាម​វាល​ដែល​ដុះ​នៅ​ថ្ងៃ​នេះ​ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​យ៉ាង​នោះ​ទៅ​ហើយ​ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ!​ តើ​ព្រះអង្គ​មិន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​វិសេស​ខ្លាំង​ជាង​នោះ​ទេ​ឬ?​

29. ដូច្នេះ​ចូរ​អ្នក​រាល់គ្នា​កុំ​ស្វែងរក​តែ​អ្វី​ដែល​បរិភោគ​បាន​ និង​ផឹក​បាន​ ហើយ​ចូរ​កុំ​ខ្វល់ខ្វាយ​ឲ្យ​សោះ​

30. ដ្បិត​សាសន៍​ដទៃ​នៅ​លោកិយ​នេះ​ស្វែងរក​របស់​ទាំង​នេះ​ ប៉ុន្ដែ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ជ្រាប​ហើយ​ថា​ អ្នក​រាល់គ្នា​ត្រូវការ​របស់​ទាំង​នេះ​

31. ប៉ុន្ដែ​ចូរ​ស្វែងរក​នគរ​របស់​ព្រះអង្គ​ចុះ​ នោះ​ព្រះជាម្ចាស់​នឹង​បំពេញ​សេចក្ដី​ត្រូវការ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា។​

32. ចូរ​កុំ​ខ្លាច​អី​ ក្រុម​ដ៏​តូច​អើយ!​ ដ្បិត​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ពេញ​ចិត្ដ​ប្រគល់​នគរ​នោះ​ឲ្យ​អ្នក​រាល់គ្នា​ហើយ។​

33. ចូរ​លក់​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​រាល់គ្នា​ ហើយ​ចែក​ទាន​ចុះ​ ចូរ​ធ្វើ​ថង់​ប្រាក់​ដែល​មិន​ចេះ​ចាស់​សម្រាប់​ខ្លួន​ ជា​ទ្រព្យ​សម្បត្ដិ​មិន​ចេះ​អស់​នៅ​ស្ថានសួគ៌​ ជា​កន្លែង​ដែល​គ្មាន​ចោរ​ចូល​មក​ជិត​ ឬ​កណ្ដៀរ​ស៊ី​បំផ្លាញ​ទេ​

34. ដ្បិត​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​រាល់គ្នា​នៅ​កន្លែង​ណា​ ចិត្ដ​របស់​អ្នក​រាល់គ្នា​ក៏​នៅ​កន្លែង​នោះ​ដែរ។​

35. ចូរ​នៅ​ប្រុង​ប្រៀប​ខ្លួន​ ហើយ​ឲ្យ​ចង្កៀង​របស់​អ្នក​រាល់គ្នា​ឆេះ​ជានិច្ច​

36. គឺ​អ្នក​រាល់គ្នា​គួរ​បែប​ដូចជា​ពួក​មនុស្ស​កំពុង​រង់ចាំ​ចៅហ្វាយ​របស់​ខ្លួន​ត្រលប់​មក​ពី​ពិធី​មង្គលការ​វិញ​ ដើម្បី​នៅ​ពេល​ណា​គាត់​មក​ដល់​ ហើយ​គោះ​ទ្វារ​ នោះ​ពួកគេ​អាច​បើក​ជូន​គាត់​បាន​ភ្លាម។​

37. បាវបម្រើ​ទាំង​នោះ​មាន​ពរ​ហើយ​ នៅ​ពេល​ដែល​ចៅហ្វាយ​ត្រលប់​មក​វិញ​ ហើយ​ឃើញ​ពួកគេ​កំពុង​រង់ចាំ។​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជាប្រាកដ​ថា​ គាត់​នឹង​រៀប​ចំ​ខ្លួន​ដោយ​ឲ្យ​ពួកគេ​អង្គុយ​នៅ​តុ​ ហើយ​គាត់​ក៏​មក​ក្បែរ​បម្រើ​ពួកគេ​វិញ​

38. បើ​គាត់​មក​ដល់​នៅ​ពេល​កណ្ដាល​អធ្រាត្រ​ ឬ​ទៀប​ភ្លឺ​ ហើយ​គាត់​ឃើញ​ដូច្នេះ​ គឺ​អ្នក​ទាំង​នោះ​មាន​ពរ​ហើយ។​

39. ប៉ុន្ដែ​ចូរ​អ្នក​រាល់គ្នា​ដឹង​ការ​នេះ​ថា​ ប្រសិន​បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ថា​ចោរ​មក​នៅ​ម៉ោង​ណា​ នោះ​គាត់​មុខជា​មិន​បណ្ដោយ​ឲ្យ​វា​គាស់​ផ្ទះ​របស់​គាត់​បាន​ឡើយ។​

40. ដូច្នេះ​ចូរ​អ្នក​រាល់គ្នា​ប្រុង​ប្រៀប​យ៉ាង​ដូច្នេះដែរ​ ព្រោះ​អ្នក​រាល់គ្នា​ស្មាន​មិន​ត្រូវ​ទេ​ថា កូន​មនុស្ស​មក​នៅ​ពេល​ណា»។​

41. លោក​ពេត្រុស​ទូល​សួរ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​នេះ​សម្រាប់​យើង​ ឬ​ក៏​សម្រាប់​មនុស្ស​ទាំង​អស់​ដែរ?»​

42. ព្រះអម្ចាស់​មាន​បន្ទូល​តប​ថា៖​ «ដូច្នេះ​តើ​អ្នកណា​ជា​មេការ​ដ៏​ស្មោះត្រង់​ ហើយ​ឆ្លាត​ដែល​ចៅហ្វាយ​តែងតាំង​ឲ្យ​មើល​ខុស​ត្រូវ​លើ​ពួក​បាវបម្រើ​របស់​គាត់​ដើម្បី​ចែក​អាហារ​ឲ្យ​តាម​ពេល​វេលា?​

43. មាន​ពរ​ហើយ​ បាវបម្រើ​ណា​ដែល​ចៅហ្វាយ​មក​ដល់​ ហើយ​ឃើញ​កំពុង​ធ្វើ​ដូច្នេះ។​

44. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គាត់​នឹង​តែង​តាំង​អ្នក​នោះ​ឲ្យ​មើល​ខុស​ត្រូវ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ទាំង​អស់​

45. ប៉ុន្ដែ​ប្រសិន​បើ​បាវបម្រើ​នោះ​គិត​នៅ​ក្នុង​ចិត្ដ​ថា​ ចៅហ្វាយ​របស់​អញ​ក្រ​មក​ដល់​ណាស់​ នោះ​គាត់​ក៏​ចាប់ផ្ដើម​វាយ​បាវបម្រើ​ប្រុស​ស្រី​ឯ​ទៀតៗ​ ព្រមទាំង​ស៊ី​ផឹក​ទាល់​តែ​ស្រវឹង​

សូមអានជំពូកពេញលេញ លូកា 12