គម្ពីរសញ្ញាថ្មី

លូកា 12:18-33 Khmer Christian Bible (KCB)

18. រួច​គាត់​និយាយ​ថា​ ខ្ញុំ​នឹង​ធ្វើ​បែប​នេះ​ គឺ​ខ្ញុំ​នឹង​រុះ​ជង្រុក​ខ្ញុំ​ចោល​ ហើយ​សង់​មួយ​ទៀត​ធំ​ជាង​នេះ​ ខ្ញុំ​នឹង​ទុក​ផល​ស្រូវ​ និង​របស់​ទ្រព្យ​ទាំង​អស់​របស់​ខ្ញុំ​នៅ​ទីនោះ​

19. រួច​ខ្ញុំ​នឹង​ប្រាប់​ជីវិត​របស់​ខ្ញុំ​ថា​ ឱ​ជីវិត​អើយ!​ ឯង​មាន​របស់​ទ្រព្យ​ជាច្រើន​ទុក​សម្រាប់​រយៈពេល​ច្រើន​ឆ្នាំ​ ចូរ​សម្រាក​ ស៊ី​ផឹក​ ហើយ​សប្បាយ​រីករាយ​ចុះ។​

20. ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​ទៅ​គាត់​ថា​ មនុស្ស​ល្ងង់!​ នៅ​យប់​នេះ​យើង​ដក​យក​ជីវិត​របស់​អ្នក​ចេញ​ពី​អ្នក​ហើយ​ ដូច្នេះ​តើ​អ្វីៗ​ដែល​អ្នក​បាន​បម្រុង​ទុក​នឹង​ត្រលប់​ជា​របស់​អ្នកណា?​

21. អ្នកណា​សន្សំ​របស់​ទ្រព្យ​ទុក​សម្រាប់​តែ​ខ្លួន​ឯង​ ប៉ុន្ដែ​មិន​មាន​ខាង​ឯ​ព្រះជាម្ចាស់​ ក៏​ដូច្នោះ​ដែរ»។​

22. បន្ទាប់​មក​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ថា​ត្រូវ​បរិភោគ​អ្វី ឬ​រូបកាយ​ត្រូវ​ស្លៀក​ពាក់​អ្វី​ឡើយ​

23. ដ្បិត​ជីវិត​វិសេស​ជាង​អាហារ​ ឯ​រូប​កាយ​ក៏​វិសេស​ជាង​សម្លៀក​បំពាក់​ដែរ។​

24. ចូរ​ពិចារណា​ពី​សត្វ​ក្អែក​ ពួកវា​មិន​បាន​សាប​ព្រោះ​ ឬ​ច្រូត​កាត់​ ហើយ​ក៏​គ្មាន​ឃ្លាំង​ ឬ​ជង្រុក​ដែរ​ ប៉ុន្ដែ​ព្រះជាម្ចាស់​ចិញ្ចឹម​ពួកវា​ ឯ​អ្នក​រាល់គ្នា​វិញ​ មាន​តម្លៃ​ខ្លាំង​ណាស់​លើស​ពួកវា​ទៅ​ទៀត​

25. ហើយ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ តើ​អ្នក​ដែល​ខ្វល់ខ្វាយ​អាច​បន្ថែម​កំពស់​របស់​ខ្លួន​បាន​មួយ​ហត្ថ​ដែរ​ឬ​ទេ?​

26. ដូច្នេះ​បើ​រឿង​តូច​តាច​បំផុត​ អ្នក​រាល់គ្នា​គ្មាន​សមត្ថភាព​ផង​ ចុះ​ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ខ្វល់ខ្វាយ​ពី​រឿង​ផ្សេង​ទៀត?​

27. ចូរ​ពិចារណា​ពី​ផ្កាព្រៃ​ តើ​ពួកវា​ដុះ​ឡើង​យ៉ាង​ដូច​ម្ដេច​ ពួកវា​មិន​ធ្វើការ​ ឬ​ត្បាញ​រវៃ​អ្វី​ឡើយ​ ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ សូម្បីតែ​ស្ដេច​សាឡូម៉ូន​ដែល​មាន​សិរី​រុងរឿង​គ្រប់​យ៉ាង​ ក៏​ស្លៀក​ពាក់​មិន​បាន​ស្អាត​ដូចជា​ផ្កា​មួយ​ទង​ក្នុង​ចំណោម​ផ្កា​ទាំង​នេះ​ផង​

28. បើ​ព្រះជាម្ចាស់​តុប​តែង​ស្មៅ​នៅ​តាម​វាល​ដែល​ដុះ​នៅ​ថ្ងៃ​នេះ​ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​យ៉ាង​នោះ​ទៅ​ហើយ​ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ!​ តើ​ព្រះអង្គ​មិន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​វិសេស​ខ្លាំង​ជាង​នោះ​ទេ​ឬ?​

29. ដូច្នេះ​ចូរ​អ្នក​រាល់គ្នា​កុំ​ស្វែងរក​តែ​អ្វី​ដែល​បរិភោគ​បាន​ និង​ផឹក​បាន​ ហើយ​ចូរ​កុំ​ខ្វល់ខ្វាយ​ឲ្យ​សោះ​

30. ដ្បិត​សាសន៍​ដទៃ​នៅ​លោកិយ​នេះ​ស្វែងរក​របស់​ទាំង​នេះ​ ប៉ុន្ដែ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ជ្រាប​ហើយ​ថា​ អ្នក​រាល់គ្នា​ត្រូវការ​របស់​ទាំង​នេះ​

31. ប៉ុន្ដែ​ចូរ​ស្វែងរក​នគរ​របស់​ព្រះអង្គ​ចុះ​ នោះ​ព្រះជាម្ចាស់​នឹង​បំពេញ​សេចក្ដី​ត្រូវការ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា។​

32. ចូរ​កុំ​ខ្លាច​អី​ ក្រុម​ដ៏​តូច​អើយ!​ ដ្បិត​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ពេញ​ចិត្ដ​ប្រគល់​នគរ​នោះ​ឲ្យ​អ្នក​រាល់គ្នា​ហើយ។​

33. ចូរ​លក់​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​រាល់គ្នា​ ហើយ​ចែក​ទាន​ចុះ​ ចូរ​ធ្វើ​ថង់​ប្រាក់​ដែល​មិន​ចេះ​ចាស់​សម្រាប់​ខ្លួន​ ជា​ទ្រព្យ​សម្បត្ដិ​មិន​ចេះ​អស់​នៅ​ស្ថានសួគ៌​ ជា​កន្លែង​ដែល​គ្មាន​ចោរ​ចូល​មក​ជិត​ ឬ​កណ្ដៀរ​ស៊ី​បំផ្លាញ​ទេ​

សូមអានជំពូកពេញលេញ លូកា 12