គម្ពីរសញ្ញាថ្មី

លូកា 12:11-24 Khmer Christian Bible (KCB)

11. ពេល​ពួកគេ​នាំ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​សាលា​ប្រជុំ​ នៅ​ចំពោះ​មុខ​ពួក​អ្នក​គ្រប់គ្រង​ និង​ពួក​អាជ្ញាធ​រ ចូរ​កុំ​ព្រួយ​បារម្ភ​ថា​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ ឬ​និយាយ​អ្វី​ឡើយ​

12. ពីព្រោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​អ្នក​រាល់គ្នា​នៅ​ពេល​នោះ​អំពី​អ្វី​ដែល​ត្រូវ​និយាយ។​»​

13. មាន​មនុស្ស​ម្នាក់​ពី​ក្នុង​ចំណោម​បណ្ដាជន​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ សូម​លោក​ប្រាប់​បង​ប្រុស​របស់​ខ្ញុំ​ឲ្យ​ចែក​មរតក​ដល់​ខ្ញុំ​ផង»​

14. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​អើយ!​ តើ​អ្នកណា​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម​ ឬ​ជា​អាជ្ញា​កណ្ដាល​របស់​ពួក​អ្នក?»​

15. រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យក​ចិត្ដ​ទុក​ដាក់​ ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​សេចក្ដី​លោភលន់​ទាំង​អស់​ ព្រោះ​ជីវិត​របស់​មនុស្ស​មិន​ស្ថិត​លើ​ការ​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​ហូរហៀរ​របស់​ខ្លួន​ទេ»។​

16. ព្រះអង្គ​ក៏​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ទៅ​ពួកគេ​ថា៖​ «បុរស​អ្នក​មាន​ម្នាក់​ មាន​ចម្ការ​មួយ​ដែល​ឲ្យ​ផល​យ៉ាង​ច្រើន​

17. ហើយ​គាត់​បាន​គិត​ក្នុង​ចិត្ដ​ថា​ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ ព្រោះ​ខ្ញុំ​គ្មាន​កន្លែង​ទុក​ផល​របស់​ខ្ញុំ?​

18. រួច​គាត់​និយាយ​ថា​ ខ្ញុំ​នឹង​ធ្វើ​បែប​នេះ​ គឺ​ខ្ញុំ​នឹង​រុះ​ជង្រុក​ខ្ញុំ​ចោល​ ហើយ​សង់​មួយ​ទៀត​ធំ​ជាង​នេះ​ ខ្ញុំ​នឹង​ទុក​ផល​ស្រូវ​ និង​របស់​ទ្រព្យ​ទាំង​អស់​របស់​ខ្ញុំ​នៅ​ទីនោះ​

19. រួច​ខ្ញុំ​នឹង​ប្រាប់​ជីវិត​របស់​ខ្ញុំ​ថា​ ឱ​ជីវិត​អើយ!​ ឯង​មាន​របស់​ទ្រព្យ​ជាច្រើន​ទុក​សម្រាប់​រយៈពេល​ច្រើន​ឆ្នាំ​ ចូរ​សម្រាក​ ស៊ី​ផឹក​ ហើយ​សប្បាយ​រីករាយ​ចុះ។​

20. ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​ទៅ​គាត់​ថា​ មនុស្ស​ល្ងង់!​ នៅ​យប់​នេះ​យើង​ដក​យក​ជីវិត​របស់​អ្នក​ចេញ​ពី​អ្នក​ហើយ​ ដូច្នេះ​តើ​អ្វីៗ​ដែល​អ្នក​បាន​បម្រុង​ទុក​នឹង​ត្រលប់​ជា​របស់​អ្នកណា?​

21. អ្នកណា​សន្សំ​របស់​ទ្រព្យ​ទុក​សម្រាប់​តែ​ខ្លួន​ឯង​ ប៉ុន្ដែ​មិន​មាន​ខាង​ឯ​ព្រះជាម្ចាស់​ ក៏​ដូច្នោះ​ដែរ»។​

22. បន្ទាប់​មក​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ថា​ត្រូវ​បរិភោគ​អ្វី ឬ​រូបកាយ​ត្រូវ​ស្លៀក​ពាក់​អ្វី​ឡើយ​

23. ដ្បិត​ជីវិត​វិសេស​ជាង​អាហារ​ ឯ​រូប​កាយ​ក៏​វិសេស​ជាង​សម្លៀក​បំពាក់​ដែរ។​

24. ចូរ​ពិចារណា​ពី​សត្វ​ក្អែក​ ពួកវា​មិន​បាន​សាប​ព្រោះ​ ឬ​ច្រូត​កាត់​ ហើយ​ក៏​គ្មាន​ឃ្លាំង​ ឬ​ជង្រុក​ដែរ​ ប៉ុន្ដែ​ព្រះជាម្ចាស់​ចិញ្ចឹម​ពួកវា​ ឯ​អ្នក​រាល់គ្នា​វិញ​ មាន​តម្លៃ​ខ្លាំង​ណាស់​លើស​ពួកវា​ទៅ​ទៀត​

សូមអានជំពូកពេញលេញ លូកា 12