1. ពេលបណ្ដាជនរាប់ពាន់នាក់បានប្រជុំគ្នាស្ទើរតែជាន់គ្នា ព្រះអង្គចាប់ផ្ដើមមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គជាមុនថា៖ «ចូរប្រុងប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី ដែលជាសេចក្ដីពុតត្បុតរបស់ពួកគេ
2. គ្មានការលាក់កំបាំងណាដែលមិនបានបើកសំដែងឲ្យឃើញនោះឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនបានឲ្យគេដឹងដែរ។
3. ដូច្នេះអ្វីៗដែលអ្នករាល់គ្នាបាននិយាយក្នុងទីងងឹតនឹងត្រូវគេឮនៅទីភ្លឺ ហើយអ្វីៗដែលអ្នករាល់គ្នាបានខ្សឹបនៅក្នុងបន្ទប់ស្ងាត់នឹងត្រូវប្រកាសនៅលើដំបូលផ្ទះ។
4. សម្លាញ់របស់ខ្ញុំអើយ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរកុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ហើយក្រោយពីនោះមក មិនអាចធ្វើអ្វីកើតទៀត
5. ប៉ុន្ដែខ្ញុំនឹងបង្ហាញដល់អ្នករាល់គ្នាថា អ្នកណាដែលអ្នករាល់គ្នាគួរខ្លាច គឺត្រូវខ្លាចព្រះមួយអង្គដែលមានសិទ្ធិអំណាចសម្លាប់ និងក្រោយមកបោះចូលទៅក្នុងស្ថាននរក មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរខ្លាចព្រះមួយអង្គនេះចុះ!
6. តើចាបប្រាំមិនមែនថ្លៃពីរសេនទេឬ? ប៉ុន្ដែគ្មានចាបណាមួយដែលព្រះជាម្ចាស់មើលរំលងឡើយ
7. ហើយសូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គដឹងចំនួនទាំងអស់ដែរ ដូច្នេះចូរកុំខ្លាចអី ដ្បិតអ្នករាល់គ្នាមានតម្លៃលើសចាបទៅទៀត។
8. ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្ស កូនមនុស្សនឹងទទួលស្គាល់អ្នកនោះវិញនៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ដែរ
9. ហើយអ្នកណាដែលបដិសេធខ្ញុំនៅមុខមនុស្ស អ្នកនោះនឹងត្រូវបដិសេធវិញនៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់។
10. អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះអាចលើកលែងទោសឲ្យបាន តែអ្នកណាប្រមាថព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចលើកលែងទោសឲ្យបានទេ។